03/09/2026 - 19:19

ភូមិ​ស្រុក​ផ្លាស់​ថ្មី​ នៅ​ពេល​ដែល​ឆន្ទៈ​បក្ស​ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ 

ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ និង​គម្រោង​នា​នា​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​បន្ត​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋភាព​ភូមិ​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ការ​ផ្លាស់​ថ្មី​ជា​បន្ត​បន្ទាប់​ ហើយ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ខ្មែរ​ក៏​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​។ ជា​មួយ​គ្នា​នេះ​ កម្ម​វិធី​និង​គោ​លន​យោ​បាយ​គាំ​ទ្រ​នា​នា​ ក៏​បាន​បើក​បន្ថែម​ឱ​កាស​ឱ្យ​ប្រ​ជា​ជន​អភិវឌ្ឍ​ផលិត​ បង្កើន​ប្រាក់​ចំ​ណូល​ ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ ជា​ជំ​ហាន​ៗឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

ជា​ច្រើន​ឆ្នាំ​មក​នេះ​ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​សាង​សង់​ផ្លូវ​ជន​បទ​ដែលត​ភ្ជាប់​ភូមិ​ស្រុក​ប៉ុណ្ណោះ​ទេ​ គម្រោង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ទ្រង់​ទ្រាយ​ធំ​ក៏​បាន​បង្កើន​កម្រិត​និង​ពង្រីក​ កំ​ពុង​បង្ក​កម្លាំង​ជំ​រុញ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ជាក់​ស្តែង​ ដូច​ជា​ផ្លូវ​ខេត្ត​លេខ​ ៩៣៨ ដែល​ឆ្លង​កាត់​បណ្តា​ឃុំ​អាង​និញ ឃុំ​មី​ហឿង និង​ឃុំ​មី​ទូ​ ជា​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ បន្ទាប់​ពី​បាន​កែ​លម្អ​ ជួស​ជុល​ ពង្រីក​និង​ក្រាល​បេតុង​ កៅ​ស៊ូ​ ផ្លូវ​នេះ​បាន​ជួយ​ដល់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​កាន់​តែ​ងាយ​ស្រួល​ ដឹក​ជញ្ជូន​ទំនិញ​បាន​លឿន​ជាង​មុន​ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខ​ណៈក្នុង​ការ​អភិវឌ្ឍ​ផលិត​។ លោក​ឡឹម​ប៊ិញ រស់​នៅ​ឃុំ​អាង​និញ ឱ្យ​ដឹង​៖ "ពី​មុន​ផ្លូវ​លេខ​ ៩៣៨ តូច​ចង្អៀត​ ការ​ធ្វើ​ដំ​ណើរ​ជួប​ការ​លំ​បាក​។ ឥ​ឡូវ​នេះ​ ផ្លូវ​បាន​ពង្រីក​ធំ​ទូ​លាយ​ និង​ស្រ​ឡះ​ស្រឡំ​ ហើយ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​សិស្សា​នុសិស្ស​និង​កម្ម​ករ​។ ផ្លូវ​ធំ​ទូ​លាយ​ មាន​ភ្លើង​បំ​ភ្លឺ​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​មាន​ការ​លំ​នឹង​ចិត្ត​និង​សុវត្ថិ​ភាព​ ការ​ដឹក​ជញ្ជូន​ទំនិញ​ក៏​បាន​ទាន់​ពេល​វេលា​ ជួយ​ឱ្យ​សេដ្ឋ​កិច្ច​កាន់​តែ​រីក​ចម្រើន​"។

ផ្លូវ​ខេត្ត​លេខ​ ៩៣៨ ឆ្លង​កាត់​ឃុំ​អាង​និញ។

ផ្លូវ​ដែលក​សាង​ថ្មី​ៗពិត​ជា​បាន​ក្លាយ​ជា​ "គំនាស់​" សម្រាប់​ការ​អភិវឌ្ឍ​។ កសិ​ផល​បាន​ដឹក​ជញ្ជូន​កាន់​តែ​ងាយ​ស្រួល​ កុមារ​ទៅ​សា​លា​រៀន​មាន​សុវត្ថិ​ភាព​ ហើយ​ប្រ​ជា​ជន​ក៏​អាច​ចូល​ប្រើ​ប្រាស់​សេ​វា​សុខា​ភិបាល​ វប្ប​ធម៌​ និង​សង្គម​បាន​កាន់​តែ​ងាយ​ស្រួល​។

បច្ចុប្បន្ន​ ទី​ក្រុង​កឹង​ធើ​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៤១១.០០០ នាក់​។ ជា​ច្រើន​ឆ្នាំ​កន្លង​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល​វេលា​នូវ​កម្ម​វិធី​ និង​គម្រោង​នា​នា​របស់​បក្ស​ និង​រដ្ឋ​ តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​ប្រ​ជា​ជន​មាន​ភាព​ប្រសើរ​ឡើង​ និង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​សម្រាប់​ប្រ​ជា​ជន​។

គ្រួ​សារ​អ្នក​មីង​ថា​ច់ធី​ក្វាង​ រស់​នៅ​ឃុំ​ត្រឹង​ដេ កាល​ពី​មុន​ធ្លាប់​មាន​ជីវ​ភា​ពលំ​បាក​ ខ្វះ​មុខ​ខ្វះ​ក្រោយ​។ កាល​ពី​ ២ ឆ្នាំ​មុន​ គ្រួ​សារ​អ្នក​មីង​បាន​រដ្ឋ​ឧបត្ថម្ភ​គោ​ពូជ​មួយ​ក្បាល​ តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ដោយ​ការ​ថែ​ទាំ​បាន​ល្អ​ គោ​មេ​បាន​កើត​កូន​ មួយ​ក្បាល​។ ចំ​ណូល​ពី​ការ​ចិញ្ចឹម​សត្វ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​មាន​លទ្ធ​ភាព​បន្ថែម​ក្នុង​ការ​ចំ​ណាយ​ប្រ​ចាំ​ថ្ងៃ​។ បច្ចុប្បន្ន​ គោ​មេ​កំ​ពុង​មាន​កូន​ល្បាស់​បន្ទាប់​ ដែល​ជា​ក្តី​សង្ឃឹម​ឱ្យ​គ្រួ​សារ​មាន​ជីវ​ភាព​កាន់​តែ​លំ​នឹង​។ "ដោយ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋ​ គ្រួ​សារ​ខ្ញុំ​មាន​មុខ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត​។ ខ្ញុំ​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​របរ​រក​ស៊ី​ដើម្បី​ជីវ​ភាព​ឈាន​ឡើង​។ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន​ ដូច្នេះ​ ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋ​នឹង​បន្ត​ពិ​និត្យ​និង​ជំនួយ​ដើម​ទុន​បន្ថែម​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​និង​ចិញ្ចឹម​សត្វ​" អ្នក​មីង​ថា​ច់ធី​ក្វាង​ បាន​ចែក​រំលែក​ដូច្នេះ​។

អ្នក​មីង​ថា​ច់ធី​ក្វាង​ កំ​ពុង​ថែ​ទាំ​គោ​។

មិន​ត្រឹម​តែ​វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ ជួយ​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​នា​នា​ ថែម​ទាំង​បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ប្រ​ជា​ជន​អាច​ទទួល​បាន​ការ​អប់​រំ​ និង​សេ​វា​កម្ម​សង្គម​កាន់​តែ​ល្អ​ប្រសើរ​។ នៅ​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ​ ជា​ភូមិ​ភាគ​មាន​ប្រ​ជា​ជន​ជាង​ ៧២% ជា​ជន​ជាតិ​ភាគ​តិច​ ក្នុង​នោះ​ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​និង​ជន​ជាតិ​ហ្វា​។ ដំ​ណាក់​កាល​ ២០២១-២០២៥ ឃុំ​បាន​អនុ​វត្ត​កម្ម​វិធី​គោល​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដោយ​មាន​ប្រ​ភព​ទុន​សរុប​ជាង​ ៨,៤ ពាន់​លាន​ដុង​ពី​ថវិកា​មជ្ឈិម​និង​ភូមិ​ភាគ​។ ឆ្លង​តាម​រយៈ​ប្រ​ភព​ធន​ធាន​នេះ​ ឃុំ​បាន​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ និង​ផ្លាស់​ប្តូរ​មុខ​របរ​ដល់​គ្រួ​សារ​ចំ​នួន​ ២២១; ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ ៣០ គ្រួ​សារ​ ព្រម​ទាំង​អនុ​វត្ត​ទម្រង់​អភិវឌ្ឍ​ផលិត​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ខ្សែ​សង្វាក់​តម្លៃ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ រួម​ជា​មួយ​នឹង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ សា​លា​រៀន​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​។ លោក​ត្រឹង​ម៉ាញ់ ប្រ​ជា​ជន​នៅ​ឃុំ​វិញ​ហាយ​ ចែក​រំលែក​៖ "បច្ចុប្បន្ន​ សា​លា​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ សុទ្ធ​សឹង​បាន​សាង​សង់​ថ្មី​ធំ​ទូ​លាយ​និង​ស្អាត​បាត​ វិស័យ​អប់​រំ​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។ មុន​នេះ​ សិស្ស​រៀន​តែ​មួយ​ពេល​ ប៉ុន្តែ​ឥ​ឡូវ​នេះ​ សា​លា​រៀន​ភាគ​ច្រើន​បាន​រៀប​ចំ​ឱ្យ​សិស្ស​រៀន​ពីរ​ពេល​"។ 

ជា​មួយ​គ្នា​នេះ​ សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​និង​ជន​ជាតិ​ភាគ​តិច​ ការ​ទទួល​បាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ ជួយ​ប្រ​ជា​ជន​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ កាត់​បន្ថយ​ការ​ចំ​ណាយ​នៅ​ពេល​មាន​ជំងឺ​ និង​កាត់​បន្ថយ​ហា​និភ័យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​ឡើង​វិញ​ដោយ​សារ​ជំងឺ​។ គ្រួ​សារ​ពូ​ស៊ើង​លិញ​ នៅ​ឃុំ​យ៉ាហ្វា​ គ្មាន​ដី​សម្រាប់​បង្ក​បង្កើន​ផល​ ចំ​ណូល​របស់​គ្រួ​សារ​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​កម្លាំង​ពល​កម្ម​របស់​កូន​ៗនិង​មុខ​របរ​ជា​ជាង​សំ​ណង់​របស់​គាត់​។ ដោយ​សា​រកា​រខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ ទើប​គ្រួ​សារ​ពូ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ពូ​លិញ​ បាន​ឱ្យ​ដឹង​ គោ​លន​យោ​បាយ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​មាន​ភាព​កក់​ក្តៅ​ជាង​មុន​ នៅ​ពេល​មាន​សមា​ជិក​ណា​ម្នាក់​ឈឺ​ថ្កាត់​។ "គ្រួ​សារ​ខ្ញុំ​មាន​សមា​ជិក​ ៤ នាក់​ កន្លង​មក​ បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​។ នៅ​ពេល​ទៅ​ធ្វើ​ការ​ ប្រ​សិន​បើ​មាន​អា​រម្មណ៍​ ថា​មិន​ស្រួល​ខ្លួន​ ខ្ញុំ​នឹង​ទៅ​ដំ​ណាក់​សុខា​ភិបាល​ដើម្បី​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​បាន​ទាន់​ពេល​វេលា​។ ចំ​ណាយ​លើ​ការ​ព្យា​បាល​ មាន​ធា​នា​រ៉ាប់​រង​ជួយ​បង់​ថ្លៃ​ ដូច្នេះ​គ្រួ​សារ​របស់​ខ្ញុំ​ស្ងប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​" ពូ​លិញ​ បាន​ចែក​រំលែក​ដូច្នេះ​។

ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​យ៉ាហ្វា​ ចុះ​សួរ​សុខ​ទុក្ខ​និង​លើក​ទឹក​ចិត្ត​គ្រួ​សារ​ពូ​ស៊ើង​លិញ​ (អង្គុយ​នៅ​ខាង​ឆ្វេង​)។

ឃុំ​យ៉ាហ្វា​ មាន​ប្រ​ជា​ជន​ប្រ​មា​ណ​ ៤២% ជា​ជន​ជាតិ​ភាគ​តិច​។ បច្ចុប្បន្ន​ អត្រា​ប្រ​ជា​ជន​ដែល​ចូល​រួម​និង​ទទួល​បាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ ១០០%។ ដោយ​បន្ថយ​បាន​ការ​ចំ​ណាយ​ថែ​ទាំ​សុខ​ភាព​ ប្រ​ជា​ជន​មាន​ភាព​កក់​ក្តៅ​ក្នុង​ការ​ប្រ​កប​របរ​រក​ស៊ី​ ពល​កម្ម​ផលិត​ ជីវ​ភាព​រស់​នៅ​បាន​លើក​ស្ទួយ​ជា​បន្ត​បន្ទាប់​; បច្ចុប្បន្ន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​សល់​ត្រឹម​ប្រ​មា​ណ​ ០,២% ប៉ុណ្ណោះ​។ លោក​ឡឹម​ហាល​ ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​យ៉ាហ្វា​ ឱ្យ​ដឹង​៖ "ប្រ​ជា​ជន​មាន​សេច​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ ជា​ពិ​សេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ សព្វ​ថ្ងៃ​ ប្រ​ជា​ជន​ទៅ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​កន្លែង​ជា​ច្រើន​ ក៏​អាច​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ពី​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​។ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​យ៉ាហ្វា​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​ អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ​យ៉ាង​ច្បាស់​ ហើយ​ជីវ​ភាព​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​"។

អាច​សង្កេត​ឃើញ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​និង​ការវិ​និយោគ​របស់​បក្ស​ និង​រដ្ឋ​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ទិដ្ឋភាព​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​និង​មាន​ភាព​ស្រស់​បំព្រង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​បង្ក​ទំនុក​ចិត្ត​និង​កម្លាំង​ជំ​រុញ​ឱ្យ​ប្រ​ជា​ជន​ខ្មែរ​មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ កសាង​ជីវ​ភាព​កាន់​តែ​សម្បូរ​សប្បាយ​ និង​សុភ​មង្គល​៕

ថាញ​ហុង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ