ក្នុងបរិយាកាសសោមនស្សរីករាយឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ ទិវាបដិវត្តន៍ខែសីហា និងបុណ្យជាតិ ២ ខែកញ្ញា យុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ បានសហការជាមួយនិស្សិតស្ម័គ្រចិត្ត បង្កទស្សនីយភាពទង់ជាតិដ៍ត្រចះត្រចង់នៅភូមិស្រុក។ សំណង់ "ផ្លូវទង់ជាតិ" មិនត្រឹមតែធ្វើឱ្យភូមិស្រុកមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទឹកចិត្តស្នេហាជាតិ មោទនភាព និងស្មារតីឈានមុខរបស់យុវវ័យទៀតផង។
ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ បើធ្វើដំណើរតាមដងផ្លូវណាមសុងហូវ ចំណុះភូមិទឹកសាប ឃុំឡាយហ្វា យើងនឹងឃើញបរិយាកាសមុនថ្ងៃបុណ្យឯករាជ្យមានភាពឱឡារិកយ៉ាងខ្លាំង។ ទង់ជាតិថ្មីជាច្រើនបានចងបណ្តោយនៅតាមដងផ្លូវ បក់រវីកៗតាមជំនោរខ្យល់ លាតសន្ធឹងដូចសំពត់ពណ៌ក្រហមភ្លឺចិញ្ចែងចិញ្ចាចត្រចះត្រចង់ អមដោយមោទនភាពជាតិ។ ដើម្បីមានសំណង់ដ៏មានអត្ថន័យនេះ ចាប់ពីព្រឹកព្រលឹម យុវជនស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនឃុំឡាយហ្វា និងសមាជិកសមាគមចំណុះសាខាសមាគមនិស្សិតវិញចូវ (សាកលវិទ្យាល័យកឹងធើ) ព្រមជាមួយនឹងគណៈកម្មការភូមិទឹកសាប មានវត្តមានគ្រប់គ្នា។ ម្នាក់ៗមានភារកិច្ចរៀងៗខ្លួន ចាប់ពីពិនិត្យមើល វាស់វែងដោយប្រុងប្រយ័ត្ន រហូតដល់សម្អាត និងរៀបលម្អឡើងវិញតាំងពីការងារតូចបំផុត។ ទង់ជាតិចាស់ៗដែលហើរពណ៌ ត្រូវបានផ្លាស់ថ្មី។ លោក ហូថាញ់ត្រា – លេខាសម្ព័ន្ធយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ "ទិសដៅនៃសកម្មភាពនេះ យើងខ្ញុំមិនត្រឹមតែចង់ផ្លាស់ទង់ថ្មី ដើម្បីមានភាពភ្លឺត្រចះត្រចង់បន្ថែមប៉ុណ្ណោះទេ ថែមទាំងអប់រំយុវជនជំនាន់ក្រោយអំពីប្រវេណីស្នេហាជាតិ និងកសាងភូមិស្រុកឃុំឡាយហ្វាបៃតង ជ្រះ ស្អាត និងស៊ីវិល័យទៀតផង"។


សមាជិកសម្ព័ន្ធយុវជនត្រៀមបម្រុងដល់សំណង់ផ្លូវទង់ជាតិ។
ជាមួយនឹងស្មារតីឈានមុខ ស្ម័គ្រចិត្ត និងទទួលខុសត្រូវ សមាជិកសម្ព័ន្ធយុវជនបានជួយគ្នាផ្លាស់ទង់ជាតិថ្មីចំនួន ៧០ និងលាបពណ៌បង្គោលទង់ចាស់ឡើងវិញ ទន្ទឹមនឹងនោះបើកយុទ្ធនាការសម្អាតដងផ្លូវផងដែរ។ សកម្មភាពនេះបានរួមចំណែកបង្កទេសភាពភ្លឺ - បៃតង - ជ្រះ - ស្អាត និងមានភាពឱឡារិកមុនថ្ងៃបុណ្យធំរបស់ប្រទេសជាតិ។
ការចូលរួមយ៉ាងសកម្មរបស់យុវជនមិនត្រឹមតែធ្វើឱ្យទិដ្ឋភាពជនបទស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងសាយភាយយ៉ាងខ្លាំងនូវស្មារតីទទួលខុសត្រូវ ទឹកចិត្តស្នេហាជាតិដល់សហគមន៍ភូមិស្រុកទៀតផង។ ការស្ម័គ្រចិត្ត និងតំណក់ញើសស្រក់ក្រោមពន្លឺព្រះអាទិត្យ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អក្នុងចិត្តប្រជាជននៅភូមិភាគ។ "ប្អូនត្រេកអរណាស់ពេលបានចូលរួមសកម្មភាពផ្លូវទង់ជាតិ ហើយប្អូនក៏មានមោទនភាពផងដែរ ដែលបានធ្វើការជាមួយមិត្តភក្តិ។ ទោះបីជាការងារនេះហត់នឿយ ក៏ដោយ ប៉ុន្តែពួកប្អូនតែងខិតខំធ្វើដោយអស់ពីចិត្ត ដើម្បីធ្វើឱ្យភូមិស្រុកមានភាពស្រស់ស្អាត។ ចំពោះប្អូន ក្នុងនាមជាយុវជនម្នាក់ ការងារនេះមានអត្ថន័យធំធេងណាស់" ប្អូន ថាច់ហ្វាងវី សមាជិកសម្ព័ន្ធយុវជនឃុំឡាយហ្វា បានឱ្យដឹងដោយក្តីរំភើបដូច្នេះ។

ទង់ជាតិបក់រវីកៗតាមជំនោរខ្យល់
សំណង់ "ផ្លូវទង់ជាតិ" សម្រេចរួចរាល់បាននាំមកនូវក្តីរីករាយ និងរឹតបន្តឹងបន្ថែមនូវចំណងសាមគ្គី ផ្សារភ្ជាប់ក្នុងសហគមន៍ភូមិស្រុក ឆ្ពោះដល់ទិវាបុណ្យឯករាជ្យ។ ជាមួយនឹងកម្លាំងយុវវ័យ ភាពហ្មត់ចត់ និងការតាំងចិត្តស្មោះត្រង់មិនងាករេ យុវជនឃុំឡាយហ្វាបានបង្កើតជារឿងរ៉ាវល្អមួយអំពីការដឹងគុណ។ ទង់ជាតិដ៏ត្រចះត្រចង់ក្រោមពន្លឺព្រះអាទិត្យថ្ងៃនេះ នឹងបន្តបំភ្លឺមោទនភាពជាតិ ជំរុញទឹកចិត្តយុវជនជំនាន់ក្រោយឈានទៅមុខយ៉ាងរឹងមាំ និងរួមចំណែកកាន់តែច្រើនជាងទៀតក្នុងការអភិវឌ្ឍភូមិស្រុក៕
ថាញហុង - វិមាន