ជាច្រើនឆ្នាំកន្លង បណ្តាភូមិភាគនៅក្នុងតំបន់ជនជាតិភាគតិច តែងតែយកចិត្តទុកដាក់ និងអនុវត្តបានល្អនូវការងារគិតគូរដល់ជីវភាពជូនគ្រួសារដែលមានស្ថានភាពលំបាក និងអ្នកងាយរងគ្រោះ។ តាមរយៈសកម្មភាពជាក់ស្តែងនិងមានន័យជាច្រើន ភូមិភាគទាំងនោះបានចែករំលែក និងជួយឧបត្ថម្ភប្រជាជនបានទាន់ពេលវេលា ព្រមទាំងធ្វើឱ្យរីកសាយភាយនូវស្មារតីមនុស្សធម៌ និងគុណធម៌ដ៏ល្អប្រពៃ។ សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ជូនអំណោយ និងចែករំលែកក្តីស្រឡាញ់ដល់អ្នកពិការ កុមារកំព្រា និងគ្រួសារក្រីក្រនៅឃុំទ្រីតូង ខេត្តអាងយ៉ាង។
នៅឃុំទ្រីតូង ខេត្តអាងយ៉ាង ស្មារតី “ជួយគ្នាទៅវិញទៅមក” ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពការយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាជន ពិសេសគឺមុខសញ្ញាជាអ្នកងាយរងគ្រោះ។ រយៈពេលកន្លង សមាគមគាំពារអ្នកពិការនិងកុមារកំព្រាខេត្ត បានសហការជាមួយគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំទ្រីតូង ចាត់តាំងជូនអំណោយចំនួន ២០០ ចំណែកដល់អ្នកពិការ កុមារកំព្រា និងគ្រួសារមានស្ថានភាពលំបាកនៅលើភូមិឋាន។ អំណោយក្នុងមួយចំណែកមានតម្លៃ ៣០០.០០០ ដុង រួមមាន អង្ករ មី និងគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ ដោយថវិកាសរុប ៦០ លានដុង បានមកពីប្រភពចលនាក្នុងសង្គម។ អំណោយទាំងនេះ ទោះជាតម្លៃមិនធំដុំ ប៉ុន្តែមានអត្ថន័យជាក់ស្តែង បានចែករំលែកការលំបាកទាន់ពេល រួមចំណែកលើកទឹកចិត្តគ្រួសារនានា ឱ្យខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាពរស់នៅ។
តាមប្រសាសន៍ លោកស្រី ហូធីគឹមយៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រីតូង ការព្រួតដៃនិងរួមកម្លាំងរបស់អង្គភាព និងបុគ្គលនានា បានរួមចំណែកធ្វើឱ្យរីកសាយភាយខ្លាំងក្លានូវស្មារតីមនុស្សធម៌ គុណធម៌ ដើម្បីសហគមន៍។ អំណោយដែលបានប្រគល់ជូនមិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តដ៏ធំធេង ជួយឱ្យប្រជាជន ជាពិសេសគឺអ្នកងាយរងគ្រោះ មានក្តីទំនុកចិត្ត និងកម្លាំងចិត្តបន្ថែមដើម្បីជម្នះការលំបាក ជាជំហានៗ លំនឹងជីវភាពរស់នៅ។ នាពេលខាងមុខ ភូមិភាគសង្ឃឹមថា បណ្តាអង្គភាពនឹងបន្តយកចិត្តទុកដាក់ រួមដំណើរជាមួយភូមិភាគ ដើម្បីជួយឧបត្ថម្ភទាន់ពេល និងយកចិត្តទុកដាក់បានល្អថែមទៀតដល់អ្នកមានស្ថានភាពលំបាកនៅលើភូមិឋាន។

ប្រគល់ផ្ទះមហាសាមគ្គី ជួយគ្រួសារក្រីក្រមានកន្លែងស្នាក់នៅលំនឹង ស្ងប់អារម្មណ៍ក្នុងការរកស៊ីចិញ្ចឹមជីវិត។
ចំណែកឃុំលិចហូយធឿង ទីក្រុងកឹងធើ ការងារយកចិត្តទុកដាក់គ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាក តែងបានយកចិត្តទុកដាក់អនុវត្តតាមរយៈសកម្មភាពជាក់ស្តែងនិងមានអត្តន័យ។ នាពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការជាមួយសមាគមធៀងតឹម ទីក្រុងហូជីមិញ រៀបចំពិធីប្រគល់ផ្ទះមហាសាមគ្គីចំនួន ២ ខ្នង ជូនដល់គ្រួសារលោក ឡឹមកែន នៅភូមិហូយទ្រុង និងគ្រួសារលោក ឡឹមប៊ុង នៅភូមិសុកលាវ។ ផ្ទះទាំងនេះ បានសាងសង់ឡើងពីប្រភពកៀរគររបស់សមាគមធៀងតឹម និងបណ្តាអ្នកសប្បុរសជន រួមចំណែកជួយគ្រួសារមានកន្លែងស្នាក់នៅលំនឹង សុវត្ថិភាព ស្ងប់អារម្មណ៍ធ្វើការរកស៊ីចិញ្ចឹមជីវិត ជាជំហានៗបានកែលម្អជីវភាពរស់នៅ។ លោក ឡឹមកែន នៅភូមិហូយទ្រុង បានរៀបរាប់៖ “មានផ្ទះថ្មី គ្រួសារខ្ញុំសប្បាយចិត្តណាស់ និងអរគុណច្រើនចំពោះរដ្ឋអំណាចភូមិភាគ និងបណ្តាអ្នកសប្បុរសជនដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភ។ កាលពីមុន ពេលមានភ្លៀងខ្យល់ម្តងៗ គ្រួសារតែងតែភ័យបារម្ភដោយសារផ្ទះចាស់ទ្រុឌទ្រោម ខ្លាចតែរលំ។ ឥឡូវនេះ មានផ្ទះថ្មីរឹងមាំ គ្រួសារខ្ញុំលែងបារម្ភពេលមានភ្លៀងខ្យល់ ខ្ញុំស្ងប់ចិត្តប្រឹងប្រែងធ្វើការរកស៊ីដើម្បីជីវភាពកាន់តែល្អប្រសើរឡើង”។
លោកង្វៀងថាញឃៀត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលិតហូយធឿង មានប្រសាសន៍៖ “ការជួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី គឺជាសកម្មភាពមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ បង្ហាញពីប្រពៃណី “ជួយគ្នាទៅវិញទៅមក” របស់ប្រជាជាតិយើង។ ចំពោះផ្ទះដែលបានប្រគល់ជូន មិនត្រឹមតែជួយគ្រួសារក្រីក្រ ក្បែរក្រមានកន្លែងស្នាក់នៅលំនឹង បាំងភ្លៀង បាំងថ្ងៃប៉ុណ្ណោះទេ ថែមទាំងផ្តល់ក្តីជំនឿនិងកម្លាំងចិត្តដើម្បីឱ្យគ្រួសារទាំងនោះឈានឡើងក្នុងជីវភាព។ តាមរយៈនោះ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គមនៅភូមិឋាន”។
ផ្តើមពីសកម្មភាពជាក់ស្តែងនៅភូមិភាគទាំងពីរ អាចឃើញថា អំណោយនីមួយៗដែលបានប្រគល់ជូននិងផ្ទះដែលបានសាងសង់ឡើង មិនត្រឹមតែមានតម្លៃសម្ភារៈប៉ុណ្ណោះទេ នៅទាំងមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅទៀតផង។ សកម្មភាពសាមញ្ញតែជាក់ស្តែងទាំងនេះ បានរីកសាយភាយនូវស្មារតីមនុស្សធម៌និងការទទួលខុសត្រូវដើម្បីសហគមន៍ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋ ព្រមទាំងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ កសាងសង្គមពីមួយថ្ងៃកាន់តែមានភាពសាមគ្គី គុណធម៌ និងអភិវឌ្ឍប្រកបដោយចីរភាព។
ហុងទើ-ត្រឹងរ៉ូន