ធ្លាប់ជាទម្រង់មួយដែលចម្លែកបង្គួរនៅភូមិភាគ របរចិញ្ចឹមចង្រិតរបស់បងត្រឹងវ៉ាំងទុង នៅអនុសង្កាត់ទី ១៥ សង្កាត់ត្រាវិញ ខេត្តវិញឡុង បានបញ្ជាក់ពីប្រសិទ្ធភាពសេដ្ឋកិច្ច ដោយសារចំណាយវិនិយោគទាប ងាយស្រួលថែទាំ និងមានទីផ្សារលក់ចេញស្ថិរភាព។ មិនត្រឹមតែបង្កបានប្រភពប្រាក់ចំណូលគួរសមសម្រាប់គ្រួសារប៉ុណ្ណោះទេ បងថែមទាំងបានចែករំលែកបទពិសោធន៍ដោយអស់ពីចិត្តនិងជួយឧបត្ថម្ភប្រជាជនជាច្រើនគ្រួសារឱ្យរួមគ្នាអភិវឌ្ឍទម្រង់នេះទៀតផង។
ពេលមកដល់អនុសង្កាត់ទី ១៥ សង្កាត់ត្រាវិញ សួររកអ្នកចិញ្ចឹមចង្រិតពាណិជ្ជកម្ម មាមីងនរណាក៏ស្គាល់ទាំងអស់បងត្រឹងវ៉ាំងទុង (កើតឆ្នាំ១៩៧១)។ ជាអ្នកដំបូងបង្អស់ដែលនាំយកទម្រង់ចិញ្ចឹមចង្រិតមកកាន់ភូមិភាគ បងបានខិតខំពង្រីកការវិនិយោគនិងពង្រីកទំហំបន្តិចម្តងៗ រហូតបង្កបានប្រភពប្រាក់ចំណូលស្ថេរភាពសម្រាប់គ្រួសារ។ បងទុងបានឱ្យដឹង ហេតុផលដែលនាំឱ្យខ្ញុំចាប់យករបរចិញ្ចឹមចង្រិតនេះ គឺចាប់ផ្តើមចេញពីការទស្សនាកម្មវិធីណែនាំទម្រង់កសិកម្មតាមរយៈកាសែតនិងទូរទស្សន៍។ ដោយឃើញថាជាទម្រង់ថ្មីចម្លែក ចំណាយវិនិយោគមិនច្រើន ហើយសមស្របនឹងលក្ខណៈគ្រួសារ បងបានម្ចាស់ការស្វែងយល់បច្ចេកទេស និងទិញពងចង្រិតពីខេត្តតីនិញ មកចិញ្ចឹមសាកល្បង។

ចំណីរបស់ចង្រិតចម្បងគឺស្លឹកឈើដែលមានស្រាប់នៅភូមិភាគ។
"ដំបូងឡើយខ្ញុំធ្វើត្រឹមតែ ១ ទ្រុងប៉ុណ្ណោះ ដើម្បីរៀនសូត្រយកបទពិសោធន៍។ ក្រោយពីមួយរយៈពេលឃើញថា ចង្រិតឆាប់ធំនិងមានទីផ្សារលក់ចេញងាយស្រួល ខ្ញុំក៏បានបន្តពង្រីកបន្ថែមរហូតដល់ ២០ ទ្រុង ដោយទ្រុងនីមួយៗមានប្រវែងទទឹងប្រហែល ១ ម៉ែត្រ និងបណ្តោយ ៣ ម៉ែត្រ"។ តាមលោកទុង ការចិញ្ចឹមចង្រិតមិនសូវស្មុគស្មាញប៉ុន្មានទេ ដើមទុនវិនិយោគតិច ហើយឆាប់ប្រមូលផលឡើងវិញ។ ចំណីចម្បងរបស់វាគឺជារុក្ខជាតិ និងស្លឹកឈើដែលមានស្រាប់ ដូចជា៖ ស្លឹកដំឡូងមី កំប្លោក ត្រកួន ល្ពៅហាន់ជាកង់ៗ រួមផ្សំជាមួយចំណីបន្ថែមមួយចំនួនផងដែរ។ លើសពីនេះ ចង្រិតមិនសូវមានជំងឺឆ្លងឡើយ ហើយស្ទើរតែមិនចាំបាច់ប្រើថ្នាំបង្ការមេរោគឡើយ។ អ្នកចិញ្ចឹមគ្រាន់តែរក្សាទ្រុងឱ្យមានអនាម័យស្អាត ផ្តល់ចំណីឱ្យបានទៀងទាត់ពីរដងក្នុងមួយថ្ងៃនិងតាមដានដំណើរការធំធាត់របស់វាជាការស្រេច។
ក្រោយពីថែទាំប្រមាណមួយខែ គឺមានទំហំធំល្មមនឹងលក់ចេញបាន។ បច្ចុប្បន្នភាគច្រើនបានឈ្មួញមកទិញដល់ផ្ទះក្នុងតម្លៃប្រហែល ៦០.០០០ ដុង/គីឡូក្រាម សម្រាប់ចង្រិតធ្វើជានុយស្ទូចត្រី ឬចំណីបក្សីលម្អ។ មធ្យមក្នុងមួយខែៗ គ្រួសារគាត់លក់ចង្រិតទំនិញបានជាង ២០០ គីឡូក្រាម។ ក្រៅពីប្រភពលក់ចេញទាំងនេះ ចង្រិតក៏ត្រូវបានផ្គត់ផ្គង់ដល់ភោជនីយដ្ឋានដើម្បីកែច្នៃជាមុខម្ហូបពិសេសផងដែរ។ តាមបទពិសោធន៍របស់បងទុង មុនពេលលក់ចេញទីផ្សារចំណីអាហារ ចង្រិតត្រូវបានទុកបង្អត់អាហាររយៈពេលមួយថ្ងៃមួយយប់ ដើម្បីសម្អាតពោះវៀន ជួយឱ្យសាច់មានរសជាតិឆ្ងាញ់ និងគ្មានក្លិនឆ្អាប ដោយតម្លៃលក់អាចឡើងដល់ប្រហែល ១៥០.០០០ ដុង/គីឡូក្រាម។ ដោយសារមានទីផ្សារលក់ចេញស្ថិរភាព ក្រោយពីផាត់ទាត់ចំណាយរួចរាល់ ទម្រង់ចិញ្ចឹមចង្រិតទំនិញនេះបាននាំមកនូវប្រាក់ចំណេញជូនគ្រួសារបងត្រឹងវ៉ាំងទុងពី ៧០ ទៅ ១០០ លានដុងក្នុងមួយឆ្នាំៗ។


ចង្រិតទំនិញបានប្រមូលផល ត្រៀមយកទៅលក់ឱ្យឈ្មួញ។
បងស្រី ឃូវធីហុងញឹង លេខាសាខាបក្សអនុសង្កាត់ទី ១៥ បានឱ្យដឹងថា៖ "បន្ទាប់ពីការរួមបញ្ចូលអនុសង្កាត់ទី ១៧, ២១ និង ២៣ ទៅជាអនុសង្កាត់ទី ១៥ បងត្រឹងវ៉ាំងទុងគឺជាអ្នកដំបូងគេបង្អស់ដែលបានអភិវឌ្ឍដោយជោគជ័យនូវទម្រង់ចិញ្ចឹមចង្រិតទំនិញនៅភូមិភាគ។ ទម្រង់នេះមិនត្រឹមតែជួយឱ្យគ្រួសាររបស់បងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជាកម្លាំងលើកទឹកចិត្តឱ្យគ្រួសារជាច្រើនទៀតហ៊ានផ្លាស់ប្តូរទិសដៅផលិតថ្មីផងដែរ"។ តាមបងស្រីហុងញឹង រហូតមកដល់ពេលនេះ អនុសង្កាត់ទី ១៥ មាន៣គ្រួសារបានពង្រីកទម្រង់ចិញ្ចឹមចង្រិតទំនិញ ដោយគ្រួសារទាំងនោះសុទ្ធតែទទួលបានការណែនាំបច្ចេកទេសដោយផ្ទាល់ពីបងទុង តាំងពីការធ្វើទ្រុង ការជ្រើសរើសពូជ រហូតដល់ការថែទាំនិងការការពារហានិភ័យក្នុងពេលចិញ្ចឹម។ ទោះបីចំនួនចិញ្ចឹមនៅមិនទាន់ច្រើនក៏ដោយ ប៉ុន្តែទម្រង់នេះបានបង្ហាញពីប្រសិទ្ធភាពដំបូង ដោយសារចំណាយដើមទុនតិច អាចឆ្លៀតយកពីប្រភពចំណីដែលមានស្រាប់ ប្រើប្រាស់ផ្ទៃដីតិច និងផ្តល់ប្រាក់ចំណូលស្ថេរភាព។ ការដែលលោកទុង ស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ បានរួមចំណែកធ្វើឱ្យសាយភាយទម្រង់នេះនិងបើកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ប្រជាជននៅភូមិភាគ៕
ទីទុយ-ដាលីន