(អ.ឡ) - ព្រឹកថ្ងៃទី២៧ ខែកក្កដា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងដៀង បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទទួលស្គាល់ឃុំផុងដៀងជាឃុំតំបន់សុវត្ថិភាពក្នុងសម័យតស៊ូប្រឆាំងបារាំងនិងប្រឆាំងអាមេរិក។ ទន្ទឹមនឹងនោះ ចាត់តាំងពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍៧៩ឆ្នាំ ទិវាយុទ្ធជនពិការ - ពលី (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។
អញ្ជើញចូលរួម មានលោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ព្រមទាំងអតីតថ្នាក់ដឹកនាំទីក្រុង ខេត្តហូវយ៉ាង និងស្រុកផុងដៀងគ្រប់សម័យកាល ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែក រួមនឹងកម្មាភិបាល គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ និងប្រជាជននៅភូមិភាគ។

អ្នកតំណាងទាំងឡាយប្រារព្ធពិធីគោរពទង់។
នៅក្នុងពិធីនេះ តំណាងមន្ទីរមហាផ្ទៃទីក្រុង បានប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទទួលស្គាល់ឃុំផុងដៀងជាឃុំតំបន់សុវត្ថិភាពក្នុងសម័យតស៊ូប្រឆាំងបារាំង និងប្រឆាំងអាមេរិក។ តាមរយៈនោះ ឃុំត្រូវបានអនុវត្តគោលនយោបាយអនុគ្រោះចំពោះឃុំតំបន់សុវត្ថិភាពតាមសេចក្ដីកំណត់ជាធរមាន។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ (ខាងឆ្វេង) ប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំផុងដៀងជាឃុំតំបន់សុវត្ថិភាពក្នុងសម័យតស៊ូប្រឆាំងបារាំង និងប្រឆាំងអាមេរិក ជូនថ្នាក់ដឹកនាំឃុំផុងដៀង។
ឃុំផុងដៀងបានបង្កើតឡើងលើមូលដ្ឋានរួមបញ្ចូលរវាងទីប្រជុំជនផុងដៀង ឃុំយ៉ាយស្វឹង និងឃុំតឹងថើយ បច្ចុប្បន្នមាន ២១ ភូមិ។ ក្នុងសម័យសង្គ្រាមតស៊ូ ភូមិសាស្ត្រឃុំស្ថិតនៅលើខ្សែផ្លូវវង់គុង មានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ជាសមរភូមិមុខផង និងជាសមរភូមិក្រោយផង ទាំងជាកន្លែងចិញ្ចឹមលាក់បាំងកម្មាភិបាល ប្រមូលផ្តុំកម្លាំង និងធានាភ័ស្ដុភារបម្រើការប្រយុទ្ធ។ តាមរយៈការពិនិត្យឡើងវិញនូវសំណុំឯកសារប្រវត្តិសាស្ត្រ ឃុំផុងដៀងសម្រេចបាន៣បទដ្ឋានក្នុងចំណោម៥បទដ្ឋានស្នើសុំទទួលស្គាល់ជាឃុំតំបន់សុវត្ថិភាព។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធីនេះ។
ថ្លែងការណ៍ក្នុងពិធីនេះ លោកដុងវ៉ាំងថាញ អះអាងថា ការទទួលស្គាល់ឃុំផុងដៀងជាឃុំតំបន់សុវត្ថិភាព គឺជាការកត់សម្គាល់របស់បក្ស និងរដ្ឋ ចំពោះប្រពៃណីបដិវត្តន៍ ព្រមទាំងការរួមចំណែក និងការលះបង់របស់កម្មាភិបាល យុទ្ធជន និងប្រជាជនភូមិភាគ។ តាមរយៈនោះ បានបន្ថែម "អាសយដ្ឋានក្រហម" មួយទៀតនៅលើផែនទីប្រវត្តិសាស្ត្របដិវត្តន៍នៃទីក្រុងកឹងធើ។
លោកដុងវ៉ាំងថាញ សំណូមពរភូមិភាគបន្តអភិរក្ស ធ្វើឌីជីថល និងពង្រីកតម្លៃកេរដំណេល និងឯកសារប្រវត្តិសាស្ត្រ។ បង្កើនការអប់រំប្រពៃណី ជាពិសេសចំពោះជំនាន់យុវវ័យ។ ផ្សារភ្ជាប់តម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់សុវត្ថិភាពជាមួយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងទេសចរណ៍ជីវស្ថាន។ អនុវត្តល្អនូវគោលនយោបាយចំពោះអ្នកមានសគុណ ធានាសុខុមាលភាពសង្គម។ លើកកម្ពស់សមត្ថភាពដឹកនាំ ប្រសិទ្ធភាពគ្រប់គ្រង ការកែទម្រង់រដ្ឋបាល និងការផ្លាស់ប្ដូរឌីជីថល កសាងរដ្ឋអំណាចជិតដិតជាមួយប្រជាជន និងបម្រើប្រជាជន។

ថ្នាក់ដឹកនាំឃុំផុងដៀង ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ប្រជាជនក្នុងភូមិឋាន។

ថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃទីក្រុងកឹងធើ និងឃុំផុងដៀង ជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍។
ឱកាសនេះ គណៈចាត់តាំងបានប្រគល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ២០ ប័ណ្ណ ជូនប្រជាជន និងអំណោយចំនួន ១០០ចំណែក ជូនគ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍ក្នុងឃុំ។

អ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍ក្នុងពិធីនេះ។
ហុងហ្វឹង - ថាច់ធី