ក្នុងរយៈពេល ១៨ ឆ្នាំកន្លង លោកគ្រូត្រាតឹងខាញ់ ចាងហ្វាងសាលាបឋមសិក្សាដាយអឹង A នៅឃុំត្រឹងដេ ទីក្រុងកឹងធើ តែងតែផ្ដល់ក្ដីសង្ឃឹមនិងទំនុកចិត្តជូនអ្នកជំងឺ តាមរយៈការបរិច្ចាគឈាមជាង ៣០ លើក។ សកម្មភាពមនុស្សធម៌នេះ សុទ្ធសឹងតែចេញពីទស្សនៈយល់ឃើញថា “មួយតំណក់ឈាមដែលបរិច្ចាគ គឺបាននាំមកនូវឱកាស ទំនុកចិត្តនិងក្ដីសង្ឃឹមក្នុងការរស់រានមានជីវិតសម្រាប់អ្នកជំងឺ”។
ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំបំពេញការងារក្នុងផ្នែកអប់រំ លោកគ្រូខាញ់ តែងកំណត់ក្នុងចិត្តថា ក្នុងនាមជាគ្រូបង្រៀនម្នាក់ មិនត្រឹមតែផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងត្រូវផ្សព្វផ្សាយនូវតម្លៃល្អប្រសើរទៅកាន់សិស្សានុសិស្ស និងសហគមន៍ទៀតផង។ ហេតុដូច្នេះ ក្រៅពីការបំពេញល្អភារកិច្ច ក្នុងឆ្នាំ ២០០៨ លោកគ្រូខាញ់ នៅទាំងបានចូលរួមយ៉ាងសកម្មក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោកគ្រូខាញ់ បានឱ្យដឹង៖ “ពេលឮការបរិច្ចាគឈាស្ម័គ្រចិត្ត ភាគច្រើនគ្រូបង្រៀនក្នុងសាលាតែងបដិសេធ ព្រោះខ្លាចប៉ះពាល់ដល់សុខភាព និងការងារ។ ពេលនោះ ខ្ញុំក៏បានស្ម័គ្រចិត្តចុះឈ្មោះចូលរួម ដោយបំណងចង់ធ្វើជាគំរូ និងជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សាលាកាន់តែរីកសាយភាយ”។ អាស្រ័យដោយមានជំនឿចិត្តបែបនោះ រួមផ្សំនឹងការគាំទ្រ លើកទឹកចិត្តពីក្រុមគ្រួសារ ធ្វើឱ្យលោកគ្រូខាញ់ មានស្មារតីពុះពារចូលរួមយ៉ាងសកម្មក្នុងបណ្ដាចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលភូមិភាគនិងផ្នែកអប់រំបំផុសចលនា។ តាមការរៀបរាប់របស់លោកគ្រូខាញ់ គ្រាចូលរួមបរិច្ចាគឈាមលើកដំបូង គាត់ក៏មានអារម្មណ៍ភិតភ័យបន្តិចបន្តួច ប៉ុន្តែនៅពេលដឹងថា បរិមាណឈាមរបស់ខ្លួនអាចជួយសង្គ្រោះដល់អ្នកជំងឺដែលកំពុងត្រូវការព្យាបាលជំងឺនោះ អារម្មណ៍ភិតភ័យទាំងប៉ុន្មានក៏រលាយបាត់អស់ ជំនួសមកវិញគឺភាពជឿជាក់លើខ្លួនឯង និងជាទង្វើមួយប្រកបដោយអត្ថន័យក្នុងសង្គម។ ចាប់តាំងពីពេលនោះមក រាល់ពេលដែលផ្នែកអប់រំបំផុសចលនា លោកគ្រូតែងតែម្ចាស់ការចុះឈ្មោះចូលរួម។ លោកគ្រូខាញ់ បានចែករំលែក៖ “ការបរិច្ចាគឈាមស្ម័គ្រចិត្តមានផលប្រយោជន៍ច្រើនណាស់ ដ្បិតអីបានពិនិត្យសុខភាពដោយឥតគិតថ្លៃ បានទទួលការប្រឹក្សាយោបល់បង្ការជំងឺមួយចំនួន ហើយរាងកាយតែងបង្កើតបរិមាណឈាមថ្មីដែលល្អជាងមុន។ ហេតុនេះ ប្រសិនបើការបរិច្ចាគឈាមមិនចំពេលដែលមានការងារសំខាន់ទេនោះ ខ្ញុំតែងស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ២ ដងក្នុងមួយឆ្នាំ”។

លោកគ្រូ ត្រាតឹងខាញ់ - អ្នកដែលមានស្នាដៃបរិច្ចាគឈាមស្ម័គ្រចិត្តជាង ៣០ លើក។
ឆ្លងកាត់រយៈពេល ១៨ ឆ្នាំ មានការបរិច្ចាគឈាមស្ម័គ្រចិត្តជាង ៣០ លើក គឺជាភស្តុតាងយ៉ាងច្បាស់ បញ្ជាក់ពីភាពមុតមាំនៃទឹកចិត្តមនុស្សធម៌ដ៏ប្រពៃរបស់លោកគ្រូ។ ចំពោះលោកគ្រូខាញ់ ការបរិច្ចាគឈាមមិនមែនជាការធ្វើឡើងមួយភ្លេត មួយខណៈនោះទេ ប៉ុន្តែវាបានក្លាយទៅជាកាតព្វកិច្ចទទួលខុសត្រូវចំពោះសហគមន៍។ លោកគ្រូខាញ់ បានឱ្យដឹង៖ “ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយ ហើយខ្ញុំតែងចាត់ទុកការបរិច្ចាគឈាមនេះជាក្ដីសប្បាយរីករាយ។ ព្រោះខ្ញុំយល់ឃើញថា ខ្លួនឯងកំពុងតែផ្ដល់នូវកម្លាំងចិត្តរស់រានដល់អ្នកជំងឺ និងបង្កទំនុកចិត្ត កម្លាំងចិត្តដល់អ្នកដែលចង់ចូលរួមបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្ស”។ សេចក្ដីថ្លៃថ្នូររបស់លោកគ្រូខាញ់ គឺក្រៅពីឈានមុខគេក្នុងការចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត លោកគ្រូនៅទាំងចលនាដល់មិត្តរួមការងារ សមាជិកសម្ព័ន្ធយុវជន យុវជន និងអាណាព្យាបាលសិស្សឱ្យចូលរួម ដើម្បីឱ្យចលនាបរិច្ចាគឈាមកាន់តែរីកសាយភាយ។ ក្នុងនោះ លោកគ្រូយកសុខភាពផ្ទាល់ខ្លួនធ្វើជាភស្តុតាងបញ្ជាក់ថាការបរិច្ចាគឈាម គឺជាទង្វើដ៏ឧត្តុង្គឧត្តម បង្កបាននូវជំនឿចិត្ត និងជីវិតរស់រានសម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម។ អ្នកគ្រូទ្រិញធីត្រាងដាយ គ្រូបង្រៀននៅក្នុងសាលាបានឱ្យដឹង៖ “ច្រើនឆ្នាំកន្លងមកនេះ ខ្ញុំយល់ឃើញថាសុខភាពខ្លួនឯងមិនសូវល្អ ទើបមិនហ៊ានបរិច្ចាគឈាម ពេលបានលោកគ្រូខាញ់លើកទឹកចិត្ត វិភាគពីផលប្រយោជន៍នៃការបរិច្ចាគឈាម ទើបខ្ញុំស្ម័គ្រចិត្តចូលរួម។ លើកដំបូងទៅបរិច្ចាគឈាម បានពិនិត្យសុខភាព ពេលដឹងថារាងកាយមានសុខភាពគ្រប់គ្រាន់ ខ្ញុំក៏បានបរិច្ចាគឈាមភ្លាម។ ក្រោយពីបានបរិច្ចាគឈាមចំនួន ២ លើករួចមក ខ្ញុំមានអារម្មណ៍ថា រាងកាយស្រាលស្រឡះ សុខភាពស្រួល ស្បែកមុខស្រស់ថ្លា និងមានទំនុកចិត្តពេលឈរនៅលើវេទិកាបង្រៀន មិនអស់កម្លាំងដូចមុនឡើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត រហូតដល់ពេលណារាងកាយមិនអនុញ្ញាតទើបឈប់”។
តាមប្រសាសន៍លោកគ្រូខាញ់ អំពើល្អនិងមនុស្សធម៌ មិនប្រកាន់អាយុ មុខរបរ ឬជនជាតិឡើយ ឱ្យតែផុសចេញពីចិត្តស្មោះសរពិតប្រាកដ គឺសុទ្ធតែអាចបង្កើតឡើងនូវតម្លៃដ៏ល្អប្រពៃក្នុងឆាកជីវិត។ នៅក្នុងសាលាបឋមសិក្សាដាយអឹង ២A លោកគ្រូខាញ់ គឺជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់ តែងមានភាពជិតស្និទ្ធ និងពោរពេញដោយស្មារតីចែករំលែក ជានិច្ចកាលតែងទទួលបាននូវការគោរព មោទនភាពពីលោកគ្រូអ្នកគ្រូ ចំពោះស្មារតីស្ម័គ្រចិត្ត និងការងារដ៏មានប្រយោជន៍ចំពោះមិត្តរួមការងារនិងសហគមន៍៕
យ្វីអាញ - ថាច់ធី