ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបណ្តាញសង្គម បាននាំមកនូវលទ្ធភាពតភ្ជាប់ និងការទទួលបានព័ត៌មានយ៉ាងទូលំទូលាយឥតដែនកំណត់។ ទោះជាយ៉ាងណាក៏ដោយ វាក៏បានបង្កឱ្យមានផលវិបាកស្មុគស្មាញជាច្រើនផងដែរ ដូចជា៖ ព័ត៌មានមិនល្អ ព័ត៌មានមិនពិត និងល្បិចកលបោកប្រាស់...។ ចំពោះមុខសភាពការណ៍នោះ សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បានម្ចាស់ការផ្សព្វផ្សាយអនុវត្តទម្រង់ “គ្របដណ្តប់ព័ត៌មានវិជ្ជមាន”។ នេះគឺជាដំណោះស្រាយជាក់ស្តែងមួយក្នុងការធ្វើឱ្យជាក់ស្តែងឡើងនូវទិសស្លោកយក "ការកសាង" ដើម្បី "ប្រឆាំង" រួមចំណែកការពាររឹងមាំនូវមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សនៅលើបរិស្ថានបណ្តាញ។

រាល់ថ្ងៃសាយភាយព័ត៌មានវិជ្ជមានមួយ សមាគមសហព័ន្ធនារីសង្កាត់ង៉ាបៃ បាននិងកំពុងរួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនការងារការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស ក្នុងចំណោមសមាជិកានិងនារីទាំងឡាយ។
ពីទម្រង់ “គ្របដណ្តប់ព័ត៌មានវិជ្ជមាន” សមាគមសហព័ន្ធនារីសង្កាត់ង៉ាបៃ បានជ្រើសរើស និងរៀបរៀងព័ត៌មានលេចធ្លោពីមូលដ្ឋាន ដើម្បីសាយភាយទៅកាន់សមាជិកា។ ខ្លឹមសារ “គ្របដណ្តប់” ត្រូវបានបង្ហាញយ៉ាងរស់រវើកតាមរយៈទម្រង់ជាច្រើនដូចជា៖ infographic វីដេអូឃ្លីប ទិនានុប្បវត្តិរូបថត...។ លោកស្រី ញឹមធីងុកធើ អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ង៉ាបៃ បានចែករំលែក៖ "យើងខ្ញុំបានម្ចាស់ការអនុវត្តបច្ចេកវិទ្យាឌីជីថល ដោយទាញយកផលប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីបណ្តាញសង្គមនានា ដូចជា Zalo Facebook Fanpage TikTok... សំដៅបង្កើនភាពទាក់ទាញ ជួយឱ្យសមាជិកា និងនារីងាយស្រួលទទួលបានព័ត៌មានផ្លូវការ បណ្តាគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។ យើងខ្ញុំក៏ប្រមូលផ្តុំសាយភាយព័ត៌មានស្តីពី “មនុស្សល្អ ការងារល្អ” ការផ្សព្វផ្សាយអំពីបំណិនការពារនារី និងកុមារ ព្រមទាំងព្រមានអំពីល្បិចកលបោកប្រាស់នៅលើលំហបណ្តាញសង្គមផងដែរ..."។
លោកស្រី ង្វៀងធីធូបា ប្រធានសាខាសមាគមនារីមណ្ឌល៧ សង្កាត់ង៉ាបៃ បានឱ្យដឹង៖ "ព័ត៌មានផ្លូវការ និងវិជ្ជមានពីសមាគម បានជួយខ្ញុំអនុវត្តកាន់តែល្អប្រសើរនូវការងារសមាគម និងចលនានារីនៅតាមមណ្ឌលអាស័យជន"។
តាមលោកស្រី ង្វៀងធីធ្វីលិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងជាប្រធានសមាគមសហព័ន្ធនារីទីក្រុង បានឱ្យដឹងថា ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបច្ចេកវិទ្យាឌីជីថល បាននាំមកនូវឱកាសជាច្រើនសម្រាប់សហគមន៍ ប៉ុន្តែក៏បានដាក់ចេញនូវការសាកល្បងដ៏ធំធេងក្នុងការងារតម្រង់ទិសសតិអារម្មណ៍ ពិសេសគឺនារីនិងកុមារ ដែលជាក្រុមងាយរងគ្រោះដោយសារឥទ្ធិពលពីព័ត៌មានមិនល្អ និងការបោកប្រាស់លើបណ្តាញសង្គម។ ពីភាពជាក់ស្តែងនោះ សមាគមសហព័ន្ធនារីទីក្រុង បានកំណត់ថា ការកសាងព័ត៌មានវិជ្ជមាន និងផ្លូវការ គឺជាភារកិច្ចដ៏សំខាន់មួយ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សមាជិកា និងបង្កើនការការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្សនៅលើលំហបណ្តាញសង្គម។
អនុវត្តទម្រង់ “គ្របដណ្តប់ព័ត៌មានវិជ្ជមាន” សមាគមសហព័ន្ធនារីទីក្រុង បានកសាងប្រព័ន្ធឃោសនាផ្សព្វផ្សាយព្រមៗគ្នា ចាប់ពីទីក្រុងរហូតដល់មូលដ្ឋាន។ ក្រោយរយៈពេលជាង ១ ឆ្នាំអនុវត្ត ទម្រង់នេះបានបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែតក្នុងការងារឃោសនា។ ពីមុននេះ ការទទួលបានព័ត៌មានភាគច្រើនតាមរយៈការប្រជុំ តែពេលនេះសមាជិកាអាចធ្វើបច្ចុប្បន្នភាពព័ត៌មានបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈទូរស័ព្ទវៃឆ្លាត។ បច្ចុប្បន្ននេះ សមាគមសហព័ន្ធនារីទីក្រុងគ្រប់ថ្នាក់ បានរក្សានូវគេហទំព័រមួយ Fanpage មួយ ទំព័រ Facebook ជាង ១០០ និងក្រុម Zalo ជាង ៥០០ ក្រុម ដើម្បីបម្រើការងារឃោសនា និងតភ្ជាប់សមាជិកា។ ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ សមាគមសហព័ន្ធនារីទីក្រុងគ្រប់ថ្នាក់ បានចុះផ្សាយព័ត៌មាន និងអត្ថបទជាង ១៣.៥៦០ អត្ថបទ អំពីគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ផ្លាស់ប្តូរឌីជីថល សមភាពភេទ... ដោយមានកម្មាភិបាល និងសមាជិកានារីជាង ២២៨.៦២០ លើកនាក់ បានចូលរួមចែករំលែកព័ត៌មាន។
ដើម្បីលើកកម្ពស់គុណភាពទម្រង់នេះ សមាគមសហព័ន្ធនារីទីក្រុងគ្រប់ថ្នាក់ បានចាត់កម្មាភិបាលជាង ៥៦០ លើកនាក់ ឱ្យចូលរួមវគ្គបណ្តុះបណ្តាល និងហ្វឹកហាត់បំណិនសរសេរព័ត៌មាន ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព ការរចនាខ្លឹមសារផ្សព្វផ្សាយ និងការធ្វើអន្តរកម្មនៅលើលំហបណ្តាញ។ លោកស្រី ង្វៀងធីកឹមចឹង ប្រធានសមាគមសហព័ន្ធនារីឃុំចូវថាញ់ បានឱ្យដឹង៖ "យើងខ្ញុំផ្តោតសំខាន់លើការកសាងខ្លឹមសារឃោសនាឱ្យមានលក្ខណៈខ្លី ហើយងាយស្រួលទទួលបានដោយផ្សារភ្ជាប់ទៅនឹងបញ្ហាជាក់ស្តែងនៅក្នុងជីវភាពរស់នៅរបស់សមាជិកានិងនារី។ នេះក៏ជាវិធីសាស្ត្រមួយដើម្បីឱ្យសមាគមបង្កើតការតភ្ជាប់ និងពង្រឹងជំនឿចិត្តរបស់បងប្អូននារីចំពោះអង្គការសមាគមផងដែរ"។
ការ “គ្របដណ្តប់” ព័ត៌មានវិជ្ជមានជារៀងរាល់ថ្ងៃ តាមទិសស្លោកយក "ការកសាង" ដើម្បី "ប្រឆាំង" និង "យកភាពស្រស់ស្អាត ដើម្បីកម្ចាត់ភាពអាក្រក់" របស់សមាគមសហព័ន្ធនារីទីក្រុងគ្រប់ថ្នាក់ បានរួមចំណែកតម្រង់ទិសសាធារណមតិយ៉ាងមានប្រសិទ្ធភាព ពង្រឹងជំនឿចិត្តរបស់កម្មាភិបាល និងសមាជិកាចំពោះបក្ស រដ្ឋ និងអង្គការសមាគម ព្រមទាំងបង្កើតឱ្យមានការឯកភាពខ្ពស់ក្នុងសង្គម ចំពោះមុខបញ្ហាធំៗរបស់ប្រទេសជាតិ និងភូមិភាគ។ លោកស្រី ង្វៀងធីធ្វីលិញ បានអះអាង៖ "ក្នុងយុគសម័យឌីជីថល ការការពារមូលដ្ឋានគ្រឹះសតិអារម្មណ៍របស់បក្ស មិនត្រឹមតែនៅក្នុងសាលប្រជុំ ឬការប្រជុំជីវភាពតាមបែបប្រពៃណីនោះឡើយ គឺត្រូវតែមានវត្តមានយ៉ាងខ្លាំងក្លានៅលើលំហបណ្តាញសង្គម ដែលជាកន្លែងប្រជាជនទទួលបានព័ត៌មានជារៀងរាល់ថ្ងៃ"។
ដោយរបៀបអនុវត្តប្រកបដោយភាពម្ចាស់ការ និងស្របតាមការជាក់ស្តែង ទម្រង់ “គ្របដណ្តប់ព័ត៌មានវិជ្ជមាន” បានក្លាយជា “របាំងការពារទន់” ដ៏មានប្រសិទ្ធភាពនៅលើលំហបណ្តាញសង្គម។ ទម្រង់នេះ មិនត្រឹមតែការពារសមាជិកានិងនារីចំពោះមុខព័ត៌មានមិនល្អប៉ុណ្ណោះទេ ថែមទាំងរួមចំណែកសាយភាយយ៉ាងខ្លាំងក្លានូវតម្លៃមនុស្សសាស្ត្រផងដែរ៕
កាវអ្វាញ-ចន្ថា