រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ សាខាបក្សភូមិ៨ ឃុំធើយហឹង បានប្រមូលផ្តុំដឹកនាំ ចង្អុលការដល់កម្មាភិបាលនិងបក្ខជនឱ្យពង្រីកតួនាទីឈានមុខ គំរូ និងមានសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ ជាពិសេស សាខាបក្សបានពញ្ញាក់និងបំផុសកម្លាំងមហាសាមគ្គីប្រជាជនយ៉ាងខ្លាំងក្លា ក្នុងការវិនិយោគបង្កើនកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ធ្វើឱ្យទិដ្ឋភាពភូមិភាគកាន់តែផ្លាស់ថ្មីនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ស្ពានគមនាគមន៍នៅភូមិ៨ បានបង្កើនកម្រិតយ៉ាងសមរម្យ ការធ្វើដំណើរនិងជួញដូរមានភាពងាយស្រួល និងយ៉ាងសុវត្ថិភាព។
តាមលោក វ៉វាំងតុង លេខាសាខាបក្សនិងជាប្រធានភូមិ៨ បានឱ្យដឹង៖ ដើម្បីរីកសាយភាយការធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ សាខាបក្សតែងយកចិត្តទុកដាក់អប់រំ លើកកម្ពស់ការយល់ដឹងខាងសតិអារម្មណ៍ នយោបាយ សីលធម៌ និងផ្នត់រស់នៅរបស់កម្មាភិបាលនិងបក្ខជន។ បក្ខជនម្នាក់ៗបានចុះឈ្មោះធ្វើតាមគំរូរបស់លោកអ៊ំតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីឱ្យគណៈកម្មាធិការសាខាបក្សងាយស្រួលតាមដាន ត្រួតពិនិត្យនិងឃ្លាំមើល។
ដើម្បីធ្វើឱ្យជាក់ស្តែងការធ្វើតាមគំរូរបស់លោកអ៊ំ កម្មាភិបាលនិងបក្ខជននៃសាខាបក្សភូមិ៨ បានពង្រីកស្មារតីទទួលខុសត្រូវ កៀរគរប្រភពធនធាននានាដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ បានសហការជាមួយកម្មាភិបាលឃុំ ដើម្បីចលនាអាជីវកម្មនានាជួយឧបត្ថម្ភកសាងស្ពានឆ្លងកាត់ព្រែក M ដោយមានតម្លៃសរុប ៣៥០ លានដុង។ លោកង្វៀងវាំងយុង ប្រជាជនរស់នៅភូមិ៨ បានរៀបរាប់៖ "ពីមុនមក ស្ពាននេះមានទទឹងតែជាង ២ ម៉ែត្រប៉ុណ្ណោះ ហើយមានសភាពស្រុតនិងប្រេះស្រាំ។ អាស្រ័យកម្មាភិបាលឃុំនិងភូមិសហការចលនាក្នុងសង្គម ទើបកសាងបានស្ពានថ្មីដែលមានទទឹងរហូតដល់ ៣,៥ ម៉ែត្រ មានបង្កាន់ដៃ និងមានភ្លើងបំភ្លឺ មាមីងធ្វើដំណើរឆ្លងកាត់បានសុវត្ថិភាព ហើយការដឹកជញ្ជូនកសិផលក៏មានភាពងាយស្រួលជាងមុនផងដែរ"។
នៅឆ្នាំ ២០២៥ កម្មាភិបាលនិងបក្ខជននៃសាខាបក្សភូមិ ចលនាថវិកាបានជាង ៧៤ លានដុង និងថ្ងៃពលកម្មចំនួន ១១២ ថ្ងៃដើម្បីជួសជុលនិងប៉ះផ្លូវជនបទដែលខូចខាត។ លោកហ្វិញវាំងមាំង រស់នៅភូមិ៨ បាននិយាយ៖ "នៅពេលកម្មាភិបាលភូមិមកចលនា ខ្ញុំបានរៀបចំការងារគ្រួសារ ដើម្បីចូលរួមជាមួយមាមីងក្នុងការចាក់បំពេញនិងជួសជុលកំណាត់ផ្លូវដែលខូចរលេះរលាត់"។ បច្ចុប្បន្ន កម្មាភិបាលនិងបក្ខជននៃសាខាបក្សភូមិ៨ កំពុងបន្តបើកការដ្ឋានកសាងស្ពានគមនាគមន៍ចំនួន ១ បន្ថែមទៀត ដែលមានតម្លៃ ៣៥០ លានដុង ក្នុងនោះសប្បុរសជនបានជួយឧបត្ថម្ភចំនួន ២០០ លានដុង ហើយថវិកាដែលនៅសេសសល់គឺបានមកពីការរួមចំណែករបស់ប្រជាជននៅក្នុងភូមិ។
ទន្ទឹមនឹងនោះ កម្មាភិបាលនិងបក្ខជននៃសាខាបក្សភូមិ បានសហការចលនាប្រជាជនឱ្យកែប្រែដីចំការដែលគ្មានប្រសិទ្ធភាព មកដាំដំណាំហូបផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ព្រមទាំងបានណែនាំនិងជួយដល់សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជន បានបុលទុនប្រមាណ ១៥ ពាន់លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីអភិវឌ្ឍការផលិត ការជួញដូរ និងការសិក្សារៀនសូត្រ។ ជាមួយគ្នានេះដែរ ក៏បានសហការចាត់តាំងវគ្គបណ្តុះបណ្តាលផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកទេស បង្កើតសហករណ៍ផលិតស្វាយកាកហ្វាឡុកឡុកហឹង ជួយប្រជាជនក្នុងការចងសម្ព័ន្ធផលិត និងស្វែងរកទីផ្សារប្រើប្រាស់កសិផល...។ បងថាយទ្វឹងឡើយ ប្រជាជនភូមិ៨ បានចែករំលែក៖ "ដោយសារបានការណែនាំឱ្យបុលទុនពីធនាគារគោលនយោបាយសង្គម ជាមួយអត្រាប្រាក់ចុងការទាប គ្រួសារខ្ញុំមានលទ្ធភាពវិនិយោគដាំដើមស្វាយកាកហ្វាឡុកនិងស្វាយតៃវ៉ាន់ចំនួន ២៤០ ដើម និងទទួលថែទាំដើមស្វាយស្លឹកចំនួន ៧០ គល់បន្ថែមទៀត។ នៅឆ្នាំ ២០២៥ គ្រួសារខ្ញុំរកបានប្រាក់ចំណូលប្រហែល ១២០ លានដុង”។
នៅក្នុងឆ្នាំ ២០២៥ កម្មាភិបាល បក្ខជននៅទាំងសហការជាមួយកម្មាភិបាលឃុំ ដើម្បីចលនានិងជួយឧបត្ថម្ភកសាងព្រមទាំងជួសជុលផ្ទះចំនួន ៣ ខ្នង ជូនដល់គ្រួសារដែលជួបការលំបាកខ្លាំងខាងលំនៅឋាន។ ចលនាបានប្រាក់ ២៥ លានដុង ដើម្បីជូនអំណោយបុណ្យតេតដល់គ្រួសារក្បែរក្រនិងគ្រួសារដែលមានស្ថានភាពលំបាក។ បច្ចុប្បន្ន នៅក្នុងភូមិ៨ មិននៅមានគ្រួសារក្រីក្រទៀតឡើយ ពោលគឺនៅសល់តែ ៤ គ្រួសារក្បែរក្រប៉ុណ្ណោះ។
លោកវ៉វាំងតុង លេខាសាខាបក្ស និងជាប្រធានភូមិ៨ បានអះអាង៖ "សាខាបក្សនឹងបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូរបស់លោកអ៊ំ ដោយផ្សារភ្ជាប់ទៅនឹងការទទួលខុសត្រូវរបស់កម្មាភិបាលនិងបក្ខជនម្នាក់ៗ រក្សាលំនឹងផែនមហាសាមគ្គី ដើម្បីអនុវត្តឱ្យបានជោគជ័យរាល់ភារកិច្ចដែលបានដាក់ចេញ។ ក្នុងនោះ នឹងប្រមូលផ្តុំចលនាប្រជាជនឱ្យចូលរួមបង្កើនកម្រិតនិងពង្រីកផ្លូវគមនាគមន៍ កសាងដងផ្លូវ "ភ្លឺ-បៃតង-ជ្រះ-ស្អាត" និងសកម្មយកចិត្តទុកដាក់គិតគូរដល់គ្រួសារដែលជួបការលំបាក។ យើងខ្ញុំប្តេជ្ញាចិត្តកសាងសាខាបក្សសម្រេចល្អនូវភារកិច្ច និងចូលរួមកសាងភូមិស្រុកកាន់តែផ្លាស់ថ្មីនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ"៕
ថាញ់ធី - ចន្ថា