22/05/2026 - 17:53

ទីក្រុងកឹងធើ បណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល យុទ្ធជនន គរបាលចំនួន ៤០ នាក់ 

ព្រឹក​ថ្ងៃ​ទី ២២ ខែ​ឧសភា នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ នគរ​បាល​ទី​ក្រុង​កឹង​ធើ​ សហ​ការ​នឹង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ចាត់​តាំង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ដល់​កម្មា​ភិ​បាល និង​យុទ្ធ​ជន​នគរ​បាល​ចំ​នួន ៤០ នាក់ មក​ពី​អង្គ​ភាព​ឃុំ សង្កាត់​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង។

តាម​រយៈ​នោះ សិក្ខា​កាម​ដែល​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​នឹង​ផ្តោត​លើ​ជំ​នាញ​ស្តាប់ សន្ទ​នា អាន សរ​សេរ និង​វប្ប​ធម៌​សិល្បៈ​ខ្មែរ។ ក្រៅ​ពី​នេះ សា​លា​ក៏​បាន​បញ្ចូល​មាតិ​​កា​ជំ​នាញ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​រដ្ឋ​បាល​អប់​រំ សុខា​ភិបាល និង​ការ​ងារ​ប្រ​ជា​ចល​នា​ជា​ភា​សា​ខ្មែរ ទៅ​ក្នុង​វគ្គ​សិក្សា​នី​មួយៗ និង​បង្រៀន​របាំ​ខ្មែរ​ចំ​នួន ៤ បទ រួម​មាន រាំ​វង់​សា​រ៉ា​វ៉ាន់ ឡាំ​លាវ និង​រាំ​ក្បាច់។

ទិដ្ឋភាពនៃពិធីបើកវគ្គសិក្សា។

សិក្ខា​កាម​នឹង​សិក្សា​ ២ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ មាន​រយៈ​ពេល​ ៥ ខែ​ សរុប​ ៣០០ ម៉ោង​សិក្សា​។ បញ្ចប់​វគ្គ​សិក្សា​ សា​លា​នឹង​រៀប​ចំ​ការ​ប្រឡង​វាយ​តម្លៃ​លើ​ជំនាញ​ទាំង​ ៤ គឺ​ ស្តាប់​ សន្ទនា​ អាន​និង​សរ​សេរ​តាម​កម្រិត​នីមួយៗ​។ សិក្ខា​កាម​ដែល​ប្រឡង​ជាប់​ បាន​ផ្តល់​វិញ្ញាបនបត្រ​ភាសា​ជន​ជាតិ​ភាគ​តិច​ (ភាសា​ខ្មែរ​)។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​សិក្សា លោក​គ្រូ ថាច់​រិទ្ធ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ បាន​ឱ្យ​ដឹង គម្រោង​បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ដល់​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ ២០១៩ មក បណ្ដុះ​បណ្ដាល​បាន ៧ វគ្គ មាន ៣៩ ថ្នាក់ និង​សិក្ខា​កាម​សរុប​ចំ​នួន ១.៧៤៨ នាក់។ កម្ម​វិធី​និង​ឯក​សារ​បម្រើ​ឱ្យ​ការ​បណ្តុះ​បណ្តាល បាន​អនុ​វត្ត​តាម​គម្រោង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង (ចាស់) បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើ។ វគ្គ​បណ្តុះ​បណ្តាល មាន​អត្ថ​ន័យ​ជាក់​ស្តែង មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​លើក​កម្ពស់​ចំ​ណេះ​ដឹង​អំ​ពី​ជន​ជាតិ​ភាគ​តិច ជំ​នាញ​ទំ​នាក់​ទំ​នង និង​ការ​យល់​ដឹង​អំ​ពី​វប្ប​ធម៌-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​បង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ប្រ​ជា​ចល​នា និង​កសាង​ទំ​នាក់​ទំ​នង សាមគ្គី​ភាព​ជិត​ស្និទ្ធ រវាង​កង​កម្លាំង​នគរ​បាល​និង​ប្រ​ជា​ជន​ទៀត​ផង៕ 

លី​ធាន-ពេជ្រ​សឿន

ចែករំលែកអត្ថបទ