22/04/2026 - 06:02

ដំ​ណើរ​ការ​បង្កើត​និង​អភិវឌ្ឍន៍​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ 

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ គឺ​ជា​សា​លា​មួយ​ជំ​នាញ​បណ្តុះ​បណ្តាល​សមណ​សិស្ស​ដែល​មក​ពី​ខេត្ត​ ក្រុង​នា​នា​តំ​បន់​ណាម​បូ។ អស់​រយៈ​ពេល​៣២​ឆ្នាំ​ ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ សមូហ​ភាព​កម្មា​ភិបាល គ្រូ​បង្រៀន​និង​បុគ្គ​លិក​របស់​សា​លា បង្ក​បាន​សមិទ្ធ​ផល​គួរ​ជា​ទី​មោ​ទនៈក្នុង​ការ​បណ្តុះ​បណ្តាល​បញ្ញ​វន្ត​សម្រាប់​ប្រ​ទេស​ជាតិ ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​និង​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​សង្គម។

  លោក​ឡេថាញ​ប៊ិញ អតីត​អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង (ចាស់) ប្រ​ជុំ​ពិ​ភាក្សា​ជា​មួយ​មន្ត្រី​សង្ឃ​ខេត្ត​អំ​ពី​ការ​បង្កើត​សា​លា។

ផ្តើម​ពី​ការ​ស្នើ​សុំ​របស់​លោក​គ្រូ​មហា​ហ្វិញ​កឿង​ កាល​នោះ គឺ​ជា​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី ៧ ប្រ​ធាន​សា​ខា​គណៈ​ជន​ជាតិ​មជ្ឈិម​ណាម​បូ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល បាន​ចេញ​សេចក្តី​សម្រេច​លេខ ៦៧៥/​TTG ចុះ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៩៤ ស្តីពី​ការ​ប្រ​គល់​សិទ្ធិ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង សម្រេច​បង្កើត​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ កិច្ច​ដំ​ណើរ​ការ​របស់​សា​លា​ដោយ​ប្រើ​ប្រាស់​ប្រ​ភព​ថវិកា​ខេត្ត​ធា​នា។ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង ចេញ​សេច​ក្តី​សម្រេច​លេខ ៣៥៧៩ /QĐ.​TCCB​-៩៤ ស្តី​ពី​ការ​បង្កើត​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ជា​មួយ​នឹង​ភារ​កិច្ច​បណ្តុះ​បណ្តាល បំ​ពេញ​វិជ្ជា បង្រៀន​ភា​សា​បា​លី​និង​អក្សរ​ខ្មែរ ដើម្បី​បណ្តុះ​បណ្តាល​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ។​

បច្ចុប្បន្ន​ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ មាន​មណ្ឌល​កា​រិយា​ល័យ​ចំ​នួន ១ និង​៨៧​បន្ទប់​ រួម​មាន៖ បន្ទប់​រៀន​ បន្ទប់​ពិ​សោធន៍​ អន្តេ​វា​សិក​ដ្ឋាន​ អា​ហារ​ដ្ឋាន​ បណ្ណា​ល័យ​ប្រ​ព័ន្ធ​ស្ថា​នីយ​បូម​ទឹក​និង​បង្ការ​ពន្លត់​អគ្គិ​ភ័យ ព្រម​ទាំង​មាន​បរិ​វេណ​ទី​ធ្លា​ធំ​ទូ​លាយ។ ពិ​សេស​ វត្ត​ឃ្លាំង​បាន​បរិច្ចាគ​ផ្ទៃ​ដី​ទំ​ហំ​ ៨.១១០ ម៉ែត្រ​កា​រ៉េ​ ដើម្បី​សាង​សង់​បរិ​វេណ​សា​លា​ថ្មី ញុាំង​ឱ្យ​សោ​ភណ​ភាព​សា​លា​កាន់​តែ​ស្រស់​ស្អាត​និង​ទំ​នើប​ ឆ្លើយ​តប​គ្រប់​លក្ខណៈ​បម្រើ​ការ​បង្រៀន​និង​រៀន។

លោក​គ្រូ​ថាច់​ឫទ្ធិ នា​យក​រង​នៃ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​សា​លា​បាន​បង្កើត​បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សា​លា​ដំ​ណើរ​ការ​និង​អភិ​វឌ្ឍន៍ វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​សិក្សា​សព្វ​គ្រប់​ ដើម្បី​សម​ណសិស្ស​សិក្សា​បាន​ល្អ។ សម​ណ​សិស្ស​ដែល​សិក្សា​នៅ​សា​លា​នេះ ទទួល​បាន​របប​គោល​នយោ​បាយ ដូច​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ សា​លា​តែង​គ្រប់​គ្រង​និង​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​ព្រះ​សង្ឃ​សិក្សា ដើម្បី​សម្រេច​បាន​លទ្ធ​ផល​កាន់​តែ​ល្អ​ប្រ​សើរ​។

នេះ​គឺ​ជា​សា​លា​ដំ​បូង​បង្អស់​ដែលប​ណ្តុះ​បណ្តាល​ពី​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ដល់​សម​ណ​សិស្ស​នៅ​ទូ​ទាំង​តំ​បន់​ណាម​បូ។ ក្នុង​រយៈ​ពេល ៣២ ឆ្នាំ​កន្លង សា​លា​បាន​បណ្តុះ​បណ្តាល​សម​ណ​សិស្ស ១.៤៣០ អង្គ។ មុន​នឹង​ចូល​សិក្សា​នៅ​សា​លា​នេះ សម​ណ​សិស្ស​គ្រប់​អង្គ​ត្រូវ​បញ្ចប់​កម្ម​វិធី​សិក្សា​បា​លី​រង។ ពេល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ក្រៅ​ពី​វិញ្ញា​សា​សមា​យោគ​ធម្ម​ជាតិ​និង​សង្គម ដូច​ទៅ​នឹង​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ សម​ណ​សិស្ស​នៅ​ទាំង​ទទួល​បាន​កា​របណ្តុះ​បណ្តាល មាន​បែប​បទ​ពី​វេយ្យា​ករណ៍​ខ្មែរ វិធី​សាស្ត្រ​បក​ប្រែ​ឧភយ​ភា​សា​ខ្មែរ​-វៀត វៀត-​ខ្មែរ និង​មធ្យម​សិក្សា​ភា​សា​បា​លី។

ពេល​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ​សិក្ខា​កាម​នឹង​ទទួល​បាន​សញ្ញា​បត្រ​មធ្យម​សិក្សា ចំ​ណេះ​ទូ​ទៅ (ថ្នាក់​ទី ១២) វិញ្ញា​បន​បត្រ​មធ្យម​សិក្សា​ភា​សា​ខ្មែរ និង​វិញ្ញា​បន​បត្រ​មធ្យម​សិក្សា​ភា​សា​បា​លី​ទៀត​ផង។ ក្នុង​រយៈ​ពេល ៣២ ឆ្នាំ​កន្លង​ សា​លាប​ណ្តុះ​បណ្តាល​សិស្ស​ចេញ​សា​លា​បាន​ ២៨ ជំ​នាន់ ដោយ​មាន​សម​ណ​សិស្ស ៨៧៦ អង្គ។ ក្នុង​នោះ សម​ណ​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​បាន ៧៨៣ អង្គ សម្រេច​អត្រា ៨៨,៩% ប្រ​ឡង​មធ្យម​សិក្សា​ភា​សា​បា​លី​និង​មធ្យម​សិក្សា​ភា​សា​ខ្មែរ​គ្រប់​ជំ​នាន់ លទ្ធ​ផល​ជាប់ ១០០%។ ក្នុង​ចំ​ណោម​សិក្ខា​កាម​ដែល​ប្រ​ឡង​ចេញ​សា​លា មាន​សិក្ខា​កាម​ជា​ច្រើន​បាន​ចូល​រួម​បម្រើ​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​រដ្ឋ​លើ​វិស័យ​ផ្សេងៗ ដូច​ជា​៖ អប់​រំ​ សុខា​ភិបាល ​សារ​ព័ត៌​មាន​ វិទ្យុ ទូរ​ទស្សន៍ កង​ទ័ព ​នគរ​បាល មន្ទីរ​ជន​ជាតិ​និង​សាស​នា សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ ខេត្ត​ ទី​ក្រុង។

សមណ​សិស្ស​កំ​ពុង​សិក្សា។

ព្រះ​តេជ​ព្រះ​គុណ​ ត្រឹង​វុាំង​ថា​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​តា​ម៉ឺន​ ឃុំ​លីវ​ទូ​ ទី​ក្រុង​កឹង​ធើ ជា​អតីត​សិស្ស​ជំ​នាន់​ទី​ ២ របស់​សា​លា មាន​ថេរ​ដី​កា​៖ សា​លា​បាន​បណ្តុះ​បណ្តាល​ធន​ធាន​ព្រះ​សង្ឃ​និង​បញ្ញ​វន្ត​ជា​ច្រើន​ ដើម្បី​ផ្គត់​ផ្គង់​និង​បង្ក​ប្រ​ភព​ធន​ធាន​មនុស្ស​សម្រាប់​សង្គម​ ជា​ពិ​សេស​គឺ​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ មាន​សម​ណ​សិស្ស​ច្រើន​អង្គ​បាន​ក្លាយ​ជា​បញ្ញ​វន្ត​ បន្ទាប់​ពី​លា​ចាក​សិក្ខា​បទ។ មាន​សម​ណ​សិស្ស​អង្គ​ខ្លះ​នៅ​បន្ត​សាង​ផ្នួស និង​ក្លាយ​ជា​អ្នក​មាន​ប្រិយ​ភាព​នៅ​គ្រប់​ថ្នាក់​ឃុំ សង្កាត់ ទី​ក្រុង មាន​អង្គ​ខ្លះ​ទៀត បច្ចុប្បន្ន កំ​ពុង​កាន់​តំ​ណែង​ស្នូល​ក្នុង​សមា​គម​ពុទ្ធ​សាស​នា។

ឆ្លង​កាត់​រយៈ​ពេល​ ៣២ ឆ្នាំ​នៃ​ការ​បង្កើត​និង​អភិវឌ្ឍន៍ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លីណាម​បូ​ មិន​ត្រឹម​តែ​រក្សា​រឹង​មាំ​ ឈាន​មុខ​ក្នុង​ការ​អប់រំ​សម​ណ​សិស្ស​និង​សហ​គមន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មោទន​ភាព​របស់​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​តំ​បន់​ណាម​បូ​ផង​ដែរ។ សា​លា​នេះ​ បាន​បញ្ជាក់​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ និង​ព្រះ​សង្ឃ​ខ្មែរ​គ្រប់​ជំ​នាន់​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ ក្រុង​នា​នា​ក្នុង​តំ​បន់។ ជា​មួយ​ទិស​ស្លោក “ក្រឹត្យ​ក្រម​ ទទួល​ខុស​ត្រូវ សាមគ្គី​ផ្លាស់​ថ្មី អភិវឌ្ឍន៍ សមា​ហរ​ណ​កម្ម ” សមូហ​ភាព​សា​លា​បាន​និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ រក្សា​រឹង​មាំ​តម្លៃ​ប្រ​ពៃ​ណី ព្រម​ទាំង​ធ្វើ​ការ​កែ​លម្អ​ជា​ប្រ​ចាំ ដើម្បី​ស្រប​នឹង​តម្រូវ​ការ​សម័យ​ទំ​នើប។ សា​លា​មិន​ត្រឹម​តែ​ជា​ថ្នាល បណ្តុះ​បណ្តាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះ​ពន្លក​ចំ​ណេះ​ដឹង ពូន​ជ្រំ​គុណ​សម្បត្តិ​ល្អ ប្រ​ពៃ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​ ជួយ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ពល​រដ្ឋ​ឆ្នើម មាន​ប្រ​យោជន៍​សម្រាប់​គ្រួ​សារ វត្ត​អា​រាម ភូមិ​ស្រុក​និង​មាតុ​ភូមិ៕

                                         ហ្វាង​យីវ-មុនី​

ចែករំលែកអត្ថបទ