មន្ទីរពេទ្យពហុព្យាបាលបាកលីវ ខេត្តកាម៉ាវ បានឱ្យដឹង៖ អង្គភាពទើបចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការជូនប័ណ្ណសរសើរជាបន្ទាន់ដល់បុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការវះកាត់សង្គ្រោះជីវិតអ្នកជំងឺដែលរងរបួសធ្លាយបេះដូងនាពេលកន្លង។

លោកង្វៀងតឹងលឹក នាយករងមន្ទីរសុខាភិបាលខេត្តកាម៉ាវ បានប្រគល់ប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនដល់បុគ្គលចំនួន ៨ រូប ដែលមានស្នាដៃឆ្នើម។
យោងតាមមន្ទីរពេទ្យពហុព្យាបាលបាកលីវ កាលពីថ្ងៃទី ៣ ខែមេសា អង្គភាពបានទទួលអ្នកជំងឺម្នាក់ អាយុ ១៧ ឆ្នាំ ដែលបានបញ្ជូនមកពីមន្ទីរពេទ្យពហុព្យាបាលយ៉ារៃ ក្នុងស្ថានភាពគ្រោះថ្នាក់បំផុត៖ សម្ពាធឈាមចុះទាប សរសៃវ៉ែននៅកឡើងប៉ោង ពិបាកដកដង្ហើម និងមានមុខរបួសធំប្រហែល ១ សង់ទីម៉ែត្រ ចាក់ធ្លាយទ្រូងខាងឆ្វេង។ ភ្លាមៗនោះ ដំណើរការ "អាសន្នក្រហមក្នុងមន្ទីរពេទ្យ" ត្រូវបានបំផុសជាបន្ទាន់។ ក្រុមគ្រូពេទ្យប្រចាំការ រួមមានគ្រូពេទ្យនៃផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ និងផ្នែកវះកាត់-សណ្តំ បានលើកលែងរាល់នីតិវិធីរដ្ឋបាលនានា ដោយបញ្ជូនអ្នកជំងឺត្រង់ទៅកាន់បន្ទប់វះកាត់តែម្តង។
តាមការវាយតម្លៃរបស់វេជ្ជបណ្ឌិតឯកទេសកម្រិត ២ ត្រឹងក្វឹកសឺ នាយករងមន្ទីរពេទ្យពហុព្យាបាលបាកលីវ ផ្អែកលើទិដ្ឋភាពជំនាញវេជ្ជសាស្ត្រ នេះគឺជាករណីជំងឺដែលមានអត្រាមរណភាពខ្ពស់រហូតដល់ជិត ៧០%។ ដោយស្មារតីបន្ទាន់ កិច្ចសហការយ៉ាងជិតស្និទ្ធ និងជំនាញច្បាស់លាស់ ក្រុមគ្រូពេទ្យបានអនុវត្តការវះកាត់ដោយជោគជ័យ និងសង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេលវេលា។
ដើម្បីកត់សម្គាល់ចំពោះស្នាដៃនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសម្រេចប្រគល់ប័ណ្ណសរសើរជូនដល់ក្រុមការងាររួមមាន៖ វេជ្ជបណ្ឌិត ៥ នាក់ និងគិលានុបដ្ឋាក ៣ នាក់ ដែលចូលរួមដោយផ្ទាល់ក្នុងដំណើរការវះកាត់។ ទន្ទឹមនឹងនោះ ក្រុមការងារក៏ទទួលបានប្រាក់រង្វាន់សរុបជិត ៣០ លានដុងផងដែរ។
នាយករងមន្ទីរសុខាភិបាលខេត្តកាម៉ាវ លោកង្វៀងតឹងលឹក មានវាចាអបអរសាទរចំពោះសមូហភាពមន្ទីរពេទ្យពហុព្យាបាលបាកលីវនិងក្រុមការងារវះកាត់។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់៖ ការផ្ដល់រង្វាន់ជាបន្ទាន់លើកនេះ គឺជាការទទួលស្គាល់យ៉ាងសមស្របចំពោះក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យដែលមានជំនាញរឹងមាំ ស្មារតីក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជាពិសេសគឺប្រសិទ្ធភាពនៃទម្រង់ "អាសន្នក្រហមក្នុងមន្ទីរពេទ្យ" ការឆ្លៀតយក "ពេលវេលាមាស" ដើម្បីសង្គ្រោះជីវិតអ្នកជំងឺ លើកកម្ពស់ប្រិយភាពផ្នែកសុខាភិបាលនិងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន៕
យ៉ីអាញ - សុផន