ពង្រីកតួនាទីស្នូល សមាគមអង្គការមហាជននានានៅទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនូវសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជន ការពារបរិស្ថាន និងកសាងទិដ្ឋភាពជនបទថ្មីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានរបៀបរៀបរយនិងស្អាតបាត ។

សមាគមនារីឃុំតាយវ៉ាំង ទីក្រុងកឹងធើ ចាត់តាំងកម្មវិធីផ្សព្វផ្សាយបែងសំរាម។
នៅឃុំតាយវ៉ាំង សមាគមអង្គការមហាជននានាបានម្ចាស់ការផ្សព្វផ្សាយអនុវត្តសកម្មភាពជាច្រើនផ្សារភ្ជាប់ជាមួយនឹងលក្ខឋានបរិស្ថានកសាងជនបទថ្មី។ លេចធ្លោគឺកម្មវិធីផ្សព្វផ្សាយបែងសំរាម ដែលចាត់តាំងដោយសមាគមនារីឃុំ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំ មានសមាជិកាជាង ២០០ នាក់របស់ភូមិទាំង ៦ ចូលរួម។
ក្នុងកម្មវិធីនេះ បងស្រីទ្រិញធីធូទឺ ប្រធានសមាគមនារីឃុំ បានផ្សព្វផ្សាយដោយផ្ទាល់នូវចំណេះដឹងអំពីការបែងកាកសំណល់ក្នុងការប្រជុំជីវភាព ណែនាំពីរបៀបចាត់ចែងឱ្យបានសមស្របទៅតាមប្រភេទសំរាមនីមួយៗ ព្រមទាំងសង្កត់ធ្ងន់លើតួនាទីរបស់គ្រួសារនីមួយៗក្នុងការការពារបរិស្ថាន។ ជាមួយនឹងខ្លឹមសារដែលបានបង្ហាញយ៉ាងជិតស្និទ្ធ និងជាក់ស្តែងជួយឱ្យបងប្អូននារីងាយយល់ និងអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។
សមាជិកាទាំងឡាយក៏បានចូលរួមយ៉ាងសកម្ម ក្នុងការដោះដូរយោបល់ និងលើកជាសំណួរជុំវិញបញ្ហាដែលនៅជួបការលំបាកក្នុងដំណើរការអនុវត្ត។ តាមរយៈនោះ បង្កបាននូវបរិយាកាសយ៉ាងពុះពោរ បង្កើនភាពស្និទ្ធស្នាលនិងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ។ ក្រោយពីសន្និបាត បងប្អូននារីជាច្រើនបានបង្ហាញពីការប្តេជ្ញាអនុវត្តឱ្យបានល្អនូវការបែងសំរាម ព្រមទាំងផ្សព្វផ្សាយ ចលនាឱ្យសាច់ញាតិចូលរួម សំដៅរួមចំណែកកសាងបរិស្ថានរស់នៅបៃតង - ជ្រះ - ស្អាត។
ចំណែកនៅឃុំឡុងភូ ក្រោមការដឹកនាំរបស់សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញឃុំឡុងភូ សាខាសម្ព័ន្ធយុវជនសាលាអនុវិទ្យាល័យឡុងភូ បានបើកយុទ្ធនាការ “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់សមាជិកសម្ព័ន្ធយុវជននិងយុវជន។ សមាជិកសម្ព័ន្ធយុវជនបានចូលរួមយ៉ាងសកម្មក្នុងការបោសសម្អាតបរិវេណសាលា ប្រមូលសំរាម កាប់ឆ្ការស្មៅព្រៅនិងសម្អាតផ្លូវលេខ ៩៣៣C។ សកម្មភាពជាក់ស្តែងនិងមានប្រយោជន៍ទាំងនេះ បានរួមចំណែកកែលម្អសោភណភាពបរិស្ថាន និងលើកកម្ពស់ស្មារតីរក្សាអនាម័យរួមក្នុងសហគមន៍។
បង ង្វៀងថាញ់ថាយ លេខាសម្ព័ន្ធយុវជនឃុំឡុងភូ ឱ្យដឹង៖ “តាមរយៈសកម្មភាពស្ម័គ្រចិត្តទាំងនេះ សម្ព័ន្ធយុវជនឃុំមានបំណងចង់ពង្រីកស្មារតី ឈានមុខរបស់យុវជនក្នុងការចូលរួមកសាងជនបទថ្មី។ នេះមិនត្រឹមតែជាឱកាសសម្រាប់សមាជិកសម្ព័ន្ធយុវជនបានលត់ដំនិងវិវឌ្ឍន៍ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកធ្វើឱ្យសាយភាយស្មារតីយល់ដឹងអំពីការការពារបរិស្ថានក្នុងសហគមន៍។”
អាចនិយាយបានថា តាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍នៅតាមមូលដ្ឋាន សមាគមអង្គការមហាជននានានៅឃុំតាយវ៉ាំងនិងឃុំឡុងភូ បាននិងកំពុងបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ក្នុងការកសាងជនបទថ្មី។ ការចូលរួមព្រមៗគ្នា ស្មារតីទទួលខុសត្រូវនិងស្មារតីសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់ និងជាគ្រឹះដ៏រឹងមាំដើម្បីភូមិភាគនានាមានការអភិវឌ្ឍដោយចីរភាព នាពេលខាងមុខ៕
ដាលីន-សុផល