បងយ៉ីបភឿកង៉ៀ នៅមណ្ឌលដាយង៉ៀថាំង សង្កាត់មីស្វៀង ទីក្រុងកឹងធើ គឺជាបុគ្គលគំរូមួយរូបដែលមានស្មារតីជម្នះការលំបាក ចាកផុតពីភាពក្រីក្រ។ អាស្រ័យដោយការខិតខំប្រកបការងារ និងចេះប្រើប្រាស់ប្រភពទុនគោលនយោបាយប្រកបដោយប្រសិទ្ធភាព ទើបជីវភាពគ្រួសារបងជាជំហានឈានឡើងលំនឹងជីវភាព។

បងយ៉ីបភឿកង៉ៀ កំពុងដកខ្ទឹមស្លឹកពូជ ដើម្បីត្រៀមដាំរដូវបន្ទាប់។
កើតក្នុងគ្រួសារកសិករដែលមានជីវភាពខ្វះខាត ប៉ុន្មានឆ្នាំដំបូងដែលចាប់ផ្ដើមកសាងអាជីព គ្រួសារបងង៉ៀ ជួបការលំបាកយ៉ាងខ្លាំង ដោយសារខ្វះខាតទុន ឧបករណ៍ផលិតនិងបទពិសោធន៍ ប្រកបការងាររកស៊ី។ ជីវភាពពឹងលើដីកសិកម្មបន្តិចបន្តួច ម្ល៉ោះហើយប្រាក់ចំណូលមិនទៀងទាត់។ ដោយអនុវត្តតាមការណែនាំរបស់ភូមិភាគ កាលពីឆ្នាំ ២០២០ បងបានបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន ២ លើក សរុបជាទឹកប្រាក់ ៥០ លានដុង ដើម្បីវិនិយោគលើការដាំដំណាំរួមផ្សំ។ តាមរយៈនោះ បងង៉ៀ បានពង្រីកផ្ទៃដីដាំដុះពី២ កុង ឡើងដល់ ៤ កុង ភាគច្រើនដាំដំណាំ ដូចជា៖ សាឡាត់ ខ្ទឹមស្លឹក ជីរក្រអូប និងគូឆាយ។ បងង៉ៀ ឱ្យដឹង៖ “បច្ចុប្បន្ន ខ្ញុំកំពុងដាំខ្ទឹមស្លឹកលើផ្ទៃដី ៤ កុង តម្លៃបច្ចុប្បន្ន ប្រមាណ ១៥.០០០ ដុងក្នុងមួយគីឡូក្រាម ប្រសិនបើតម្លៃលំនឹង គ្រួសារខ្ញុំនឹងមានចំណូលប្រមាណ ៥០ លានដុងក្នុងមួយរដូវ ក្រោយពីទូទាត់ប្រាក់ចំណាយរួច ក្នុងមួយឆ្នាំខ្ញុំដាំបានប្រមាណ ៤ រដូវ។ ក្រៅពីនោះ ខ្ញុំនៅធ្វើស្រែ ២ កុង និងចិញ្ចឹមគោសាច់ ២ ក្បាល ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ។ ប៉ុន្មានឆ្នាំមកនេះ អាស្រ័យដោយដំណាំរួមផ្សំទទួលបានទិន្នផលល្អ គ្រួសារខ្ញុំសន្សំប្រាក់សាងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ តម្លៃជាង ៥០០ លានដុង និងចិញ្ចឹមកូនៗរៀនសូត្របានត្រឹមត្រូវ”។
ដើម្បីសម្រេចបានលទ្ធផលដូចសព្វថ្ងៃ បងង៉ៀ បានសកម្មចូលរួមវគ្គបណ្តុះបណ្តាលផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ដែលភូមិភាគចាត់តាំងឡើង ព្រមទាំងម្ចាស់ការរៀនសូត្របទពិសោធន៍ពីទម្រង់ផលិតមានប្រសិទ្ធភាពទាំងក្នុងនិងក្រៅតំបន់ និងហ៊ានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមឱ្យស្របតាមលក្ខណៈដីធ្លីរបស់ភូមិភាគ។
អាស្រ័យដោយការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន និងភាពឧស្សាហ៍ក្នុងពលកម្ម ទម្រង់ផលិតរបស់បងកាន់តែពង្រីកប្រសិទ្ធភាព។ ទិន្នផលដំណាំកើនឡើងយ៉ាងច្បាស់ក្រឡែត ហ្វូងសត្វចិញ្ចឹមរីកចម្រើនស្ថិរភាព នាំមកនូវប្រភពចំណូលជូនគ្រួសារ។ ក្រោយពីច្រើនឆ្នាំខិតខំប្រឹងប្រែង គ្រួសារបងបានឈានឡើងចាកផុតពីភាពក្រីក្រ មានជីវភាពលំនឹងនិងធូរធារជាលំដាប់។
លោក ឡឹមមិញហា ប្រធានគណៈប្រជាជនមណ្ឌលដាយង៉ៀថាំង សង្កាត់មីស្វៀង ឱ្យដឹង៖ “កាលពីមុន គ្រួសារបងយ៉ីបភឿកង៉ៀ គឺជាគ្រួសារក្រីក្រនៅភូមិភាគ អាស្រ័យដោយការខិតខំប្រឹងប្រែងប្រកបការងារ និងចេះប្រើប្រាស់ប្រភពទុន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហេតុនេះនៅឆ្នាំ ២០២៤ គ្រួសារបងបានសុំចាកផុតពីភាពក្រីក្រ និងបន្តខិតខំបង្កបង្កើនផល ដើម្បីធ្វើឱ្យជីវភាពគ្រួសារកាន់តែស្ថិរភាព”។
ជាមួយនឹងការខិតខំប្រឹងប្រែងមិនឈប់ឈរ រឿងជម្នះការលំបាករបស់បងង៉ៀ មិនត្រឹមតែបញ្ជាក់ពីឆន្ទៈរបស់មាមីងកសិករម្នាក់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយនូវស្មារតីហ៊ានគិត ហ៊ានធ្វើនៅក្នុងសហគមន៍ទៀតផង។ នេះគឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីកសាងស្រុកកំណើតកាន់តែរីកចម្រើន ជីវភាពប្រជាជនកាន់តែសម្បូរសប្បាយនិងសុភមង្គល៕
ដាលីន - ថាច់ធី