នាព្រឹកថ្ងៃទី២៧ ខែមីនា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តកាម៉ាវ បានសហការជាមួយសមាគមជំរុញការសិក្សាខេត្តកាម៉ាវ ចាត់តាំងកម្មវិធីប្រគល់អាហារូបករណ៍ចំនួន ១៣៥ ចំណែក ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកក្នុងខេត្ត។ អាហារូបករណ៍ទាំងនេះ អាស្រ័យមូលនិធិឧបត្ថម្ភសហគមន៍ឌិញធៀងលី ជំនួយក្នុងមួយចំណែកៗមានតម្លៃ ១ លានដុង។
អង្គភាពដែលមានសិស្សទទួលបានអាហារូបករណ៍ រួមមាន៖ វិទ្យាល័យកាម៉ាវ, អនុវិទ្យាល័យ-វិទ្យាល័យលីវ៉ាំងឡឹម, អនុវិទ្យាល័យ-វិទ្យាល័យខាញ់អាង, វិទ្យាល័យភូតឹង, វិទ្យាល័យ ឡេហុងផុង, វិទ្យាល័យវ៉វ៉ាំងកៀក, វិទ្យាល័យដិញថាញ់, វិទ្យាល័យនិញថាញ់ឡើយ, វិទ្យាល័យង្វៀងធីមិញខាយ និងវិទ្យាល័យឡេវ៉ាំងដុវ ដោយក្នុងមួយសាលាទទួលបាន ១០ ចំណែក។ ដោយឡែក សមាគមជំរុញការសិក្សាឃុំខាញ់ប៊ិញ បានប្រគល់អាហារូបករណ៍ចំនួន ៣៥ ចំណែក។
.jpg)
សមាគមជំរុញការសិក្សាខេត្តកាម៉ាវ ប្រគល់អាហារូបករណ៍ដល់សិស្សានុសិស្ស។
ថ្លែងការណ៍ក្នុងពិធីនេះ លោកទ្រិញមិញថាញ់ ប្រធានសមាគមជំរុញការសិក្សាខេត្តកាម៉ាវ បានចែករំលែក៖ កាម៉ាវជាខេត្តដែលមានប្រពៃណីសង្វាតរៀនសូត្រ និងពោពេញដោយមនោសញ្ចេតនា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ទោះបីជានៅជួបការលំបាកជាច្រើន ប៉ុន្តែដោយការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សគ្រប់ថ្នាក់ រដ្ឋអំណាច និងការរួមដំណើររបស់សប្បុរសជននានា ចលនាជំរុញការសិក្សា ជំរុញបញ្ញា និងការកសាងសង្គមរៀនសូត្ររបស់ខេត្ត សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។ ពិធីប្រគល់អាហារូបករណ៍នាថ្ងៃនេះ មិនត្រឹមតែមានអត្ថន័យជួយជ្រោមជ្រែងផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តស្មារតីដ៏ធំធេង បន្ថែមជំនឿចិត្ត និងកម្លាំងឆន្ទៈ ដើម្បីឱ្យប្អូនៗពុះពារឡើងក្នុងការរៀនសូត្រ និងក្នុងជីវភាពរស់នៅ។ ក្នុងពេលខាងមុខ សមាគមជំរុញការសិក្សាខេត្ត នឹងបន្តពង្រីកតួនាទីស្នូលក្នុងការចងសម្ព័ន្ធ និងបំផុសចលនាប្រភពធនធានក្នុងសង្គម ជំរុញខ្លាំងនូវសកម្មភាពឧបត្ថម្ភសិស្សានុសិស្ស-និស្សិតដែលមានជីវភាពខ្វះខាត រួមចំណែកកសាងសង្គមរៀនសូត្រប្រកបដោយចីរភាព ដោយមិនទុកឱ្យអ្នកណាម្នាក់នៅខាងក្រោយក្នុងដំណើរការសិក្សានោះឡើយ៕
លីធាន - ថាច់ធី