24/03/2026 - 09:08

ប្រ​ភព​ទុន​គោល​នយោ​បាយ​ជួយ​ជន​រួម​ជាតិ​ខ្មែរ​លើក​កម្ពស់​ជីវ​ភាព 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ប្រ​ភព​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​ក្លាយ​ជា​ទី “បង្អែក” ជួយ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ មាន​លក្ខណៈ​អភិ​វឌ្ឍ​ការ​ផលិត​និង​បង្កើន​ប្រាក់​ចំ​ណូល។ គុណ​ភាព​ជីវ​ភាព​បាន​លើក​កម្ពស់​ជា​លំ​ដាប់ មា​មីង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​កាន់​តែ​សុខ​ដុម​រមនា សម្បូរ​សប្បាយ។

បង​ស្រី​លី​ធី​ហុង​ហ្វេ នៅ​ភូមិ​ហាបូ ឃុំ​តាយ​វុាំង​មាន​ជីវ​ភាព​ធូរ​ធារ​ អា​ស្រ័យ​ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។

អា​ស្រ័យ​បាន​បុល​ទុន​៧០​លាន​ដុង ពី​កម្ម​វិធី​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៃ​កា​រិយា​ល័យ​ប្រតិ​បត្តិ​ការ​ធនា​គារ​គោល​នយោ​បាយ​សង្គម បង​ស្រី​លី​ធី​ហុង​ហ្វេ នៅ​ភូមិ​ហា​បូ ឃុំ​តាយ​វុាំង មាន​លក្ខណៈ​វិនិ​យោគ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ ពី​មុន គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ដី​ស្រែ​ពីរ​បី​កុង​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ។ ពេល​មាន​ដើម​ទុន បង​ស្រី​បាន​វិនិ​យោគ​លើ​ការ​លក់​ដូរ​គ្រឿង​ទេស និង​ទិញ​សម្ភារៈ កសិ​កម្ម​ដើម្បី​បម្រើ​ដល់​ការ​ផលិត។ អា​ស្រ័យ ទឹក​ចិត្ត​ស៊ូ​ទ្រាំ​លំ​បាក​ក្នុង​ការ​ងារ​បង្ក​បង្កើន​ផល​និង​ការ​ចាយ​វាយ​ប្រិត​សំ​ចៃ បង​ស្រី​សន្សំ​បាន​ដើម​ទុន​ខ្លះ​ដើម្បី​ទិញ​ដី​ស្រែ​បន្ថែម។ “ជា​មួយ​ចំ​ណូល​ប្រ​ហែល ៦ លាន​ដុង​ក្នុង​មួយ​ខែ​ពី​ការ​លក់ ដូរ​បូក​រួម​នឹង​ប្រាក់​ចំ​ណេញ​ប្រ​ហែល ៤០ លាន ដុង​ពី​ការ​ធ្វើ​ស្រែ ១០ កុង ផលិត​បាន ២ រដូវ​ក្នុង មួយ​ឆ្នាំ បាន​ជួយ​ឱ្យ​គ្រួ​សារ​បង​ស្រី​មាន​ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង” បង​ស្រី​ហ្វេ បាន​ឱ្យ​ដឹង ដូច្នេះ។

គ្រួ​សារ​បង​ស្រី​សើុង​ធី​សុភាព នៅ​ភូមិ​ឡាវ​វេន ឃុំ​លីវ​ទូ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​និង​ខ្វះទុន​សម្រាប់​ផលិត។ ក្រោយ​ពី​បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម បង​ស្រី​បាន​វិនិយោគ ទិញ​ពូជ​ដំ​ណាំ​និង​សម្ភារៈ​កសិ​កម្ម​ដើម្បី​អភិវឌ្ឍ​ការ​ផលិត។ ដោយ​ប្រើ​ប្រាស់​ទុន​មាន​ប្រ​សិទ្ធ​ភាព សេដ្ឋ​កិច្ច​គ្រួ​សារ​របស់​បង​ស្រី​បាន​កែ​លម្អ។ បង​ស្រី​ភាព​បាន​ឱ្យ​ដឹង៖ “ពី​មុន ដោយ​សារ​មាន​ទុន​តិច​តួច គ្រួ​សារ​ខ្ញុំ​តែង​ខ្វះ​មុខ​ខ្វះ​ក្រោយ។ ឆ្នាំ ២០២២ ពេល​បាន​បុល​ទុន​ចំ​នួន ៥០ លាន​ដុង ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ខ្ញុំ​បាន​វិនិ​យោគ​លើ​ការ​ដាំ​ដំ​ណាំ។ លើ​ផ្ទៃ​ដី ១.៥០០ ម៉ែត្រ​កា​រ៉េ ដោយ​ដាំ​ឆ្លាស់​គ្នា ដូច៖ ត្រ​សក់ ម្រះ ខ្ទឹម​ស្លឹក ម្ទេស​ជា​ដើម ដាំ​បាន ៤ រដូវ​ក្នុង​មួយ​ឆ្នាំ ផ្តល់​ប្រាក់​ចំ​ណេញ​ប្រ​ហែល ១២០ លាន​ដុង អា​ស្រ័យ​ហេតុ​នេះ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​កែ​លម្អ”។

តាម​សម​មិត្ត​ឌាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង តាម​រយៈ​ប្រ​ភព​ទុន​បុល​ពីធ​នា​គារ​គោល​នយោ​បាយ​សង្គម បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ​និង​គ្រួ​សារ​ជន​ជាតិ ភាគ​តិច​រាប់​ពាន់​គ្រួ​សារ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​កែ​លម្អ​ជីវ​ភាព។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​បន្ថែម​ទៀត នា​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ពង្រឹង​ការ​ងារ​ឃ្លាំ​មើល ធា​នា​ឱ្យ​ប្រ​ភព​ទុន​ទៅ​ដល់​ដៃ​អ្នក​ដែល​ត្រូវ​ការ​និង​ប្រើ​ប្រាស់​ចំ​គោល​ដៅ ក្លាយ​ជា​បង្អែក​ដ៏​រឹង​មាំ​ជួយ​ដល់​ប្រ​ជា​ជន ជា​ពិ​សេស គឺ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ មាន​ប្រ​ភព​ធន​ធាន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​និង​ទទួល​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី កាន់​តែ​សុខ​ដុម​រមនា​និង​សម្បូរ​សប្បាយ៕                                             

                                  ថាញវ៉ាង-ដា​លីន

ចែករំលែកអត្ថបទ