ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតស្រូវ រយៈពេលកន្លង មាមីងកសិករនៅតំបន់វាលរាបទន្លេគឺវឡុង មិនត្រឹមតែជំរុញការអនុវត្តបច្ចេកទេសជឿនលឿនទៅក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងកាន់តែយកចិត្តទុកដាក់លើការជ្រើសរើសពូជ និងស្វែងយល់អំពីពូជស្រូវថ្មីៗទៀតផង។ បច្ចុប្បន្ន កសិករភាគច្រើនបានអាទិភាពជ្រើសរើសប្រភេទស្រូវក្រអូប ស្រូវអតិផល និងស្រូវគុណភាពខ្ពស់មកផលិត ដើម្បីងាយស្រួលរកទីផ្សារប្រើប្រាស់ និងបង្កើនប្រាក់ចំណេញ។

កសិករទស្សនានិងស្វែងយល់ពូជស្រូវថ្មី នៅវាលស្រែផលិតបង្ហាញពូជស្រូវរបស់វិទ្យាស្ថាន
ស្រូវតំបន់វាលរាបទន្លេគឺវឡុង។
អាទិភាពលើការជ្រើសរើសពូជល្អ
ពូជគឺជាកត្តាចម្បងក្នុងការផលិត ដែលកំណត់សម្រេចដល់ទិន្នផល គុណភាព និងតម្លៃលក់ស្រូវអង្ករ។ ការជ្រើសរើសពូជល្អ មិនត្រឹមតែជួយឱ្យដើមស្រូវលូតលាស់ល្អ មិនសូវមានសត្វល្អិតបំផ្លាញ បន្ថយការដួលរលំ និងហានិភ័យក្នុងការផលិតប៉ុណ្ណោះទេ ថែមទាំងបង្កបាននូវផលិតផលអង្ករក្រអូបឈ្ងុយឆ្ងាញ់ មានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ទៀតផង។ ជាក់ស្តែងតាមរយៈការផលិតស្រូវរបស់គ្រួសារកសិករជាច្រើនបង្ហាញថា មាមីងបានលើកកម្ពស់ប្រសិទ្ធភាពផលិត ដោយការយកចិត្តទុកដាក់ជ្រើសរើសពូជល្អ និងហ៊ាននាំយកពូជស្រូវថ្មីៗមកផលិត។
លោក ឡេហ្វាងអឹង នៅភូមិដុងហ្វា ឃុំដុងទ្វឹង ទីក្រុងកឹងធើ បានឱ្យដឹង៖ “ការជ្រើសរើសពូជគឺមានសារៈសំខាន់ណាស់ ដែលអាចជួយឱ្យកសិករលើកកម្ពស់តម្លៃលក់ស្រូវ និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ជាពិសេស នៅពេលផលិតប្រភេទស្រូវក្រអូប គឺអាចបង្កើនតម្លៃលក់ចាប់ពីពីរបីរយដុងរហូតដល់រាប់ពាន់ដុងក្នុងមួយគីឡូក្រាម បើធៀបនឹងប្រភេទស្រូវធម្មតាដទៃទៀត។ ហេតុដូច្នេះ ខ្ញុំតែងយកចិត្តទុកដាក់ស្វែងយល់ពីពូជស្រូវថ្មីៗដែលមានសក្តានុពល និងអាចផលិតនៅក្នុងភូមិភាគរបស់ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានជ្រើសរើសប្រភេទពូជស្រូវក្រអូបដូចជា Jasmine ៨៥ ដាយធើម៨ OM១៨ ឬស្រូវគុណភាពខ្ពស់ OM ៥៤៥១។ ថ្មីៗនេះ ខ្ញុំថែមទាំងបានផលិតប្រភេទស្រូវក្រអូបដែលស្ថិតក្នុងក្រុម ST ទៀតផង”។
លោក ត្រឹងវ៉ាំងហឿង នៅឃុំភូកឿង ខេត្តដុងថាប បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំបានចូលរួមផលិតស្រូវក្រអូបជាច្រើនប្រភេទ ដែលមានតម្លៃលក់ខ្ពស់ជាងគ្នាឆ្ងាយណាស់ បើធៀបនឹងប្រភេទស្រូវដែលមានគុណភាពអង្ករធម្មតា។ អាស្រ័យហេតុនោះ រាល់ពេលឮនៅកន្លែងណាមានសិក្ខាសាលា ឬសន្និសីទណែនាំអំពីពូជស្រូវថ្មី គឺខ្ញុំតែងទៅចូលរួម។ ខ្ញុំឧស្សាហ៍ទៅកាន់វិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង ដើម្បីស្វែងយល់ព័ត៌មានអំពីពូជស្រូវថ្មីៗ ហើយទិញយកមកផលិត ដូចជាស្រូវក្រអូប OM ១៨ និងពូជស្រូវជាច្រើនទៀតក្នុងក្រុមពូជ OM របស់វិទ្យាស្ថានស្រូវតំបន់វាលរាបទន្លេគឺវឡុង”។ យោងតាមប្រសាសន៍លោកហឿង ក្នុងលក្ខខណ្ឌដីផលិតស្រូវមានកំណត់ ហើយទិន្នផលស្រូវហាក់ដូចជា “ឡើងដល់កម្រិតអតិបរមា” ទៅហើយនោះ ប្រសិនបើចង់លើកកម្ពស់ចំណូល កសិករចាំបាច់ត្រូវស្វែងយល់ និងដាក់បញ្ចូលក្នុងការផលិតនូវបណ្តាពូជស្រូវថ្មី ភ្ជាប់ជាមួយការអនុវត្តបច្ចេកទេសជឿនលឿនឱ្យបានព្រមៗគ្នាទៅក្នុងការផលិត។ តាមរយៈនោះ ជួយបង្កើតបានផលិតផលអង្ករក្រអូបឈ្ងុយឆ្ងាញ់ មានគុណភាពខ្ពស់ សុវត្ថិភាព ជួយឱ្យលក់បានតម្លៃខ្ពស់ និងងាយស្រួលរកទីផ្សារប្រើប្រាស់។
យកចិត្តទុកដាក់ផលិតស្រូវគុណភាពខ្ពស់
ផ្នែកស្រូវអង្ករវៀតណាម កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាតាមទិសដៅលើកកម្ពស់គុណភាព ខ្សែសង្វាក់តម្លៃ ភ្ជាប់ជាមួយការអភិវឌ្ឍបៃតង ចីរភាព និងបន្ថយការបំភាយឧស្ម័ន។ ដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើនប្រសិទ្ធភាពនៃការផលិត គឺដំណាក់កាលជ្រើសរើសពូជល្អ មានតួនាទីយ៉ាងសំខាន់។ នេះក៏ជាកត្តាសំខាន់បំផុត ដែលជួយឱ្យប្រទេសយើងអនុវត្តបានល្អនូវគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដីមួយលានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាបភ្ជាប់ជាមួយកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ២០៣០ (គម្រោងស្រូវមួយលានហិកតា)។ អ្នកជំនាញ និងអាជីវកម្មជាច្រើនយល់ឃើញថា ការជំរុញការផលិតប្រភេទស្រូវក្រអូប ស្រូវអតិផល និងស្រូវគុណភាពខ្ពស់ គឺជានិន្នាការដែលជៀសមិនរួច ដើម្បីលើកកម្ពស់តម្លៃផលិតផល និងឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារ។
លោក ឡេថាញទុង អនុប្រធានសមាគមផ្នែកទំនិញស្រូវអង្ករវៀតណាម បានឱ្យដឹង ៖ “ក្នុងអំឡុង២០-៣០ ឆ្នាំមុន ការបង្កបង្កើនផលស្រូវគឺផ្តោតលើពូជដែលមានទិន្នផលខ្ពស់ ធន់នឹងសត្វល្អិតនិងជំងឺ តួយ៉ាងគឺពូជ IR ៥០៤០៤ ដើម្បីធានាសន្តិសុខស្បៀង។ ប៉ុន្តែបច្ចុប្បន្ន ការផលិតស្រូវបានប្តូរមកផលិតបណ្តាពូជស្រូវដែលមានគុណភាពខ្ពស់ គ្រាប់វែង ពណ៌សថ្លា និងប្រភេទពូជស្រូវក្រអូបពិសេស ស្រូវមានសារធាតុចិញ្ចឹម សម្របសម្រួលទៅនឹងប្រែប្រួលអាកាសធាតុ”។ រចនាសម្ព័ន្ធពូជស្រូវនៅតំបន់វាលរាបទន្លេគឺវឡុង ក្នុងឆ្នាំ២០២៥ បង្ហាញឱ្យឃើញថា ស្រូវ IR ៥០៤០៤ មានត្រឹមតែ ៣% ប៉ុណ្ណោះ ក្រៅពីនោះភាគច្រើនគឺជាប្រភេទស្រូវក្រអូប និងស្រូវដែលមានគុណភាពខ្ពស់។ ក្នុងនោះ ស្រូវក្រអូប OM ១៨ គ្របដណ្តប់លើផ្ទៃដី ៣០% ពូជដាយធើម៨ ស្រូបអត្រា ២១% ពូជ OM ៥៤៥១ ស្រូបអត្រា១៥% ពូជ ĐS១ ស្រូបអត្រា ៤% ពូជស្រូវ ST២៥ និង ST២៤ ស្រូបយកប្រមាណ ៥% នៃផ្ទៃដី ហើយក្រៅពីនោះគឺបណ្តាពូជស្រូវផ្សេងៗទៀត។
ទោះបីមាមីងកសិករបានយកចិត្តទុកដាក់ជ្រើសរើសពូជល្អចាប់ពីកម្រិតពូជបានទទួលស្គាល់ឡើងទៅ និងបង្កើនការផលិតប្រភេទស្រូវដែលផ្តល់អង្ករក្រអូបឆ្ងាញ់ អង្ករគុណភាពខ្ពស់ក៏ដោយ ប៉ុន្តែការងារជ្រើសរើស និងប្រើប្រាស់ពូជ នៅតែមានចំណុចខ្វះខាត និងមានកម្រិតនៅឡើយ។ អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះ គឺកសិករនៅតែប្រើប្រាស់ “ស្រូវសម្រាប់ហូបចុកយកមកធ្វើពូជ” ហើយអត្រានៃការប្រើប្រាស់ពូជបានទទួលស្គាល់នៅកន្លែងជាច្រើននៅមានកម្រិតទាប។ បរិមាណប្រើប្រាស់ពូជក្នុងការសាបព្រោះនៅច្រើន ចាប់ពី ១២០-១៥០ គីឡូក្រាម/ហិកតា។ ការប្រើប្រាស់ពូជស្រូវនៅកន្លែងជាច្រើននៅមានភាពរាយប៉ាយ ប្រភេទស្រូវច្រើនមុខធ្វើឱ្យពិបាកក្នុងការចុះកិច្ចសន្យាធានាទិញកសិផលឱ្យមានឯកភាពគ្នា។ ហេតុដូច្នេះ នាពេលខាងមុខ ស្ថាប័នមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពឧបត្ថម្ភ និងណែនាំដល់មាមីងកសិករ ជាពិសេសក្នុងដំណើរការអនុវត្តគម្រោងស្រូវមួយលានហិកតានៅវាលរាបទន្លេគឺវឡុង។
តាមប្រសាសន៍លោក ឡេថាញទុង អនុប្រធានសមាគមផ្នែកទំនិញស្រូវអង្ករវៀតណាម ការជ្រើសរើសពូជស្រូវនាពេលបច្ចុប្បន្ន មិនត្រឹមតែផ្តោតលើទិន្នផលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវយកចិត្តទុកដាក់លើគុណភាពអង្ករដែលឆ្លើយតបនឹងតម្រូវការនាំចេញ និងបានអាជីវកម្មយល់ព្រមធានាទិញ។ ពូជស្រូវមានរយៈពេលលូតលាស់សមស្របតាមរដូវកាលសាបព្រោះ និងលក្ខខណ្ឌធម្មជាតិនៃតំបន់នីមួយៗ។ ទន្ទឹមនឹងនោះ មាមីងកសិករគប្បីប្រើប្រាស់ពូជដែលបានទទួលស្គាល់គុណភាព ដើម្បីធានាបាននូវប្រសិទ្ធភាពយូរអង្វែង។ ការផលិតត្រូវបន្ថយបរិមាណពូជ បង្កជាបុព្វបទងាយស្រួលសម្រាប់ការអនុវត្តបច្ចេកទេសជឿនលឿន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការផលិត បន្ថយប្រាក់ចំណាយ និងបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ពូជស្រូវមិនត្រឹមតែដើរតួនាទីដ៏សំខាន់ក្នុងការធន់នឹងដង្កូវជំងឺ និងលក្ខខណ្ឌផលិតមិនអំណោយផលប៉ុណ្ណោះទេ ថែមទាំងសម្រេចនូវទិន្នផល គុណភាព និងកំណត់រូបរាងផ្លាកសញ្ញាអង្ករទៀតផង។ ទន្ទឹមនឹងនោះ ជួយជំរុញការបង្កើនរដូវកាលផលិត បន្ថយប្រាក់ចំណាយ និងជំរុញការផលិតប្រកបដោយចីរភាព៕
ខាញ់ទ្រុង - ថាច់ធី