ដងផ្លូវជនបទត្រង់ភ្លឹងតភ្ជាប់ដល់គ្រប់ភូមិ ស្រុក គឺជាសមិទ្ធផលដែលឃុំឡុងភូ ទីក្រុងកឹងធើសម្រេចបានតាមរយៈការផ្សព្វផ្សាយពីប្រភពទុននៃកម្មវិធី គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីបម្រើដល់ជីវភាពប្រជាជននៅក្នុងតំបន់ជនជាតិភាគតិច។

ទិដ្ឋភាពជនបទនៅឃុំឡុងភូកាន់តែមានភាពសមរម្យ ភ្លឺ-បៃតង-ជ្រះ- ស្អាត។
បច្ចុប្បន្ន ឃុំឡុងភូ មានប្រជាជនចំនួន ៧.៤៩៩ គ្រួសារ ស្មើនឹង ២៦.១៦៣ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរមានអត្រាជិត ៥០%។ ភាគច្រើនមាមីងរស់នៅដោយរបរកសិកម្ម ចិញ្ចឹមសត្វនិងលក់ដូរតូច។ ទន្ទឹមនឹងការ ខិតខំប្រឹងប្រែងឈានឡើងរបស់មាមីង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំឡុងភូ បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោង ដើម្បីវិនិយោគកសាងផ្លូវជនបទ ប្រព័ន្ធផ្សារ ដំណាក់សុខាភិបាល សាលារៀន អគារវប្បធម៌ និងផ្ទះ សហគមន៍។ល។ ដើម្បីបំផុសកម្លាំងសាមគ្គីក្នុងប្រជាជន ជាពិសេសគឺចំពោះមាមីងជនរួមជាតិខ្មែរនៅភូមិភាគព្រួតដៃកសាងជនបទថ្មី ឃុំតែងផ្លាស់ថ្មីខ្លឹមសារ និងរូបភាពឃោសនាឱ្យសមស្របទៅនឹងភូមិឋានដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ រួមជាមួយនោះ បានសហការជាមួយបណ្តាអង្គការមហាជនភូមិ ឃុំ ដើម្បីចលនាប្រជាជនឱ្យចូលរួមអនុវត្ត។ លោកគឹមវិត ជនរួមជាតិខ្មែររស់នៅភូមិបឹងធំ ឃុំឡុងភូ មានប្រសាសន៍៖ “បើធៀបនឹងកាលពីមុន ផ្លូវថ្នល់នៅតាមភូមិស្រុកបានរដ្ឋវិនិយោគកសាងស្អាតបាត ផ្ទះសម្បែងសាងសង់យ៉ាងរឹងមាំ។ ចំពោះគ្រួសារក្រីក្រ គឺបានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះ ដើម្បីឱ្យមាមីងលំនឹងជីវភាពនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ នៅតាមគ្រួសារនីមួយៗ ប្តីប្រពន្ធតែងគោរព យោគយល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាកសាងសុភមង្គលគ្រួសារ គិតគូរឱ្យកូនចៅបានសិក្សារៀនសូត្រចប់ចុងចប់ដើម។ ក្រៅពីនោះ រដ្ឋអំណាចភូមិភាគក៏បានឃោសនាអំពីការថែរក្សា លើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ និងកសាងជីវភាពវប្បធម៌ផងដែរ”។
លោកហូក្វឹកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ ឱ្យដឹង៖ “អាស្រ័យដោយការផ្តុំកម្លាំងអនុវត្តបរិមាណភាគ កសាងជនបទថ្មី តាមរយៈកម្មវិធីទិសដៅជាតិ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ទើបទិដ្ឋភាពជនបទនៃតំបន់ជនរួមជាតិខ្មែរមានការរីកចម្រើន។ មកដល់ពេលនេះ ប្រព័ន្ធគមនាគមន៍ជនបទបានចាក់បេតុងរឹងមាំជាបណ្តើរៗ។ នៅពេលដែលប្រព័ន្ធផ្លូវថ្នល់ និងស្ពានជនបទបានវិនិយោគកសាងព្រមៗគ្នា ការដឹកជញ្ជូនទំនិញកសិផលកាន់តែមានភាពងាយស្រួល កាត់បន្ថយបានប្រាក់ចំណាយលើឈ្នួលដឹកជញ្ជូន ពិសេសគឺចំពោះតំបន់ដែលមានសក្តានុពលខាងស្រូវអង្ករដូចជាឃុំយើងនេះ”។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិខ្មែរ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅភូមិភាគ។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគព្រមៗគ្នា ទំនើប និងសមស្រប ទៅនឹងលក្ខខណ្ឌជាក់ស្តែង វានឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អភិរក្សអត្តសញ្ញាណវប្បធម៌ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកកសាងឃុំឡុងភូឱ្យកាន់តែមានភាពស្រស់បំព្រងជានិច្ច៕
ដាលីន - ថាច់ធី