ប្រភពទុនឥណទានរបស់ធនាគារគោលនយោបាយសង្គម គឺជា “កម្លាំងចលករ” ជួយគ្រួសារក្រីក្រ គ្រួសារក្បែរក្រ លើភូមិឋានទីក្រុងកឹងធើ មានលក្ខណៈវិនិយោគលើការផលិត និងការចិញ្ចឹមសត្វ រួមចំណែកបង្កើនប្រាក់ចំណូលលំនឹង និងឈានឡើងចាកភាពក្រីក្រដោយចីរភាព។

ទម្រង់ចិញ្ចឹមអន្ទង់របស់បងផាមវុាំងអ៊ុក នៅឃុំត្រឿងខាញ់ ទីក្រុងកឹងធើ។
តាមប្រសាសន៍លោក ង្វៀងវិញថ ប្រធានសមាគមកសិករឃុំតឹងហ្វា បានឱ្យដឹង៖ គិតមកដល់ពេលនេះ សមាគមគ្រប់គ្រងក្រុមសន្សំនិងបុលទុនចំនួន ៦២ ក្រុម ដោយមានសមាជិក ២.៩៤៥ នាក់ សរុបប្រាក់បំណុលជាង ១១២ពាន់លានដុង។ ប្រភពទុនរបស់ធនាគារគោលនយោបាយសង្គម បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង ជួយបន្ថយភាពក្រីក្រ បង្កការងារធ្វើនិងអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។
តួយ៉ាងដូចជាគ្រួសារលោក ថាច់ញឹម នៅភូមិបៃង៉ាង ឃុំតឹងហ្វា មុខរបរសំខាន់គឺធ្វើស្រែ ប៉ុន្តែ ដោយសារតំបន់ដីទំនាប ហេតុនេះនៅឆ្នាំ ២០១០ គាត់បានកែប្រែដីស្រែ ១ ហិកតា មកដាំឈើហូបផ្លែវិញ។ ដើម្បីកែប្រែដីគឺទាមទារត្រូវមានដើមទុន។ អាស្រ័យភូមិភាគឧទ្ទេសនាម លោកបុលទុនអាទិភាពចំនួន ៣០ លានដុង ដាំស្វាយកែវ រមៀតចំនួន ១.០០០ ដើម។ ដោយការព្យាយាម ប្រកបការងាររកស៊ី ក្រោយរយៈពេលជាង ៥ ឆ្នាំ ទម្រង់ផលិតរបស់គ្រួសារគាត់ទទួលបានប្រសិទ្ធភាពខ្ពស់។ លោកថាច់ញឹម សំណេះសំណាល៖ “ជាមួយស្វាយកែវរមៀត ១.០០០ ដើម ក្រោយ រយៈពេលដាំជាង ៣ ឆ្នាំ នឹងអាចប្រមូលផល ហើយក្នុងមួយឆ្នាំៗប្រមូលផល ២ ដង បានផ្លែប្រមាណ ១០ តោន ជាមួយតម្លៃចន្លោះពី ៣០.០០០ ទៅ ៨០.០០០ ដុងក្នុងមួយគីឡូក្រាម។ ក្រោយពីទូទាត់ចំណាយរួច នៅចំណេញប្រហែល ៣០០ លានដុង។ អាស្រ័យការដាំស្វាយ ទើបជីវភាពគ្រួសារខ្ញុំបានលំនឹង និងក្លាយជាគ្រួសារធូរធារនៅភូមិភាគ”។
ចំណែកបង ផាមវុាំងអ៊ុក នៅភូមិភូធឺ ឃុំត្រឿងខាញ់ ចែករំលែក៖ “អាស្រ័យប្រភពទុនបុលពីគោលនយោបាយសង្គម បានជួយឱ្យគ្រួសារខ្ញុំមានលក្ខណៈបន្ថែមក្នុងការរកស៊ីអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាព និងឈានឡើងចាកផុតពីភាពក្រីក្រ”។ បានដឹងថា ក្រោយពេលស្វែងយល់ សិក្សាស្រាវជ្រាវពីបច្ចេកទេសចិញ្ចឹមអន្ទង់គ្មានភក់ នៅ ឆ្នាំ ២០២០ បងអ៊ុក បានបុលទុនពីធនាគារគោលនយោបាយសង្គម ៤០លានដុង វិនិយោគធ្វើអាងបួនជ្រុងចំនួន ២ និងដាក់កូនអន្ទង់ ២.០០០ ក្បាល។ ក្រោយមួយរយៈពេល សង្កេតឃើញការចិញ្ចឹមអន្ទង់មានភាពងាយស្រួល គ្រាន់តែចិញ្ចឹមឱ្យត្រឹមត្រូវតាមបច្ចេកទេសនិងប្រភពទឹកស្អាតបាត ហេតុនេះនៅដើមឆ្នាំ២០២៣ បងក៏បន្តដាក់ចិញ្ចឹមថែម ១២.០០០ ក្បាលទៀត ដើម្បីបង្កើនបរិមាណ។ ក្រោយរយៈពេលចិញ្ចឹម ១០ខែ ជាមធ្យមអន្ទង់ ១ ក្បាល មានទម្ងន់ពី ២០០ ក្រាមដល់ ៣០០ ក្រាម។ បងអ៊ុក ចែករំលែក “ជាមួយអន្ទង់ ១៤.០០០ ក្បាល ក្រោយរយៈពេលចិញ្ចឹម ១០ ខែ ខ្ញុំលក់ចេញបានជិត ៣ តោន ប្រសិនបើអន្ទង់បានថ្លៃ គឺចំណេញបានប្រហែល ១០០ លានដុង”។
“ប្រភពទុនអាទិភាពពីធនាគារគោលនយោបាយសង្គម បានជួយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងមុខសញ្ញាគោលនយោបាយជាច្រើនមានភាពមោះមុតវិនិយោគក្នុងការផលិតអភិវឌ្ឍ ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ជាជំហានលើកកម្ពស់គុណភាពជីវភាពជូនប្រជាជនបន្តិចម្តងៗ” - សមមិត្ត ត្រឿងហ្វាងង្វៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រឿងខាញ់ បានផ្តល់ព័ត៌មាន ដូច្នេះ៕
ថាញវុាំង - ថាច់ធី