ប៉ុន្មានឆ្នាំកន្លង ដោយបានផ្សព្វផ្សាយទាន់ពេលនូវរាល់កម្មវិធី និងគោលនយោបាយរបស់ បក្ស រដ្ឋ និងកិច្ចចង្អុលការយ៉ាងជិតដិតរបស់រដ្ឋអំណាចភូមិភាគ។ ឃើញថាជីវភាពស្មារតីរបស់ប្រជាជននៅឃុំយ៉ាហ្វា ទីក្រុងកឹងធើ មានការផ្លាស់ប្តូរជាវិជ្ជមាន ទិដ្ឋភាពជនបទមួយថ្ងៃកាន់តែរីកចម្រើន។

ផ្លូវជនបទនៅឃុំយ៉ាហ្វា ទីក្រុងកឹងធើ បានវិនិយោគសាងសង់យ៉ាងរឹងមាំ។
ឃុំយ៉ាហ្វា ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជិត ៤០% ចំនួនប្រជាជនសរុបក្នុងឃុំ។ ប្រសិនបើកាលពីមុន ដីនៅទីនេះភាគច្រើនគឺទុកចោលទំនេរ ពេញទៅ ដោយស្មៅ កក់ ត្រែង ប្របុស... ប៉ុន្តែដោយកម្លាំងពលកម្ម ការព្យាយាមនិងច្នៃប្រតិដ្ឋ ប្រជាជនបានប្រែក្លាយតំបន់ដីនេះទៅជាវាលស្រែមានជីវជាតិ សម្បូរទៅដោយស្រូវ និងបង្គា; ផ្ទះថ្មីខែងរែងផុសឡើងជាច្រើន ហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគរឹងមាំ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពរីកចម្រើនយ៉ាងច្បាស់ក្រឡែត។ លោក ង្វៀងមិញយ្វី លេខាសាខាបក្សភូមិអាងហ្វា បានឱ្យដឹង៖ “កាលពីមុន ជីវភាពរបស់មាមីងនៅជួបការលំបាកខ្លាំងណាស់ ការផលិតមិនសូវមានប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធជនបទនៅមានកម្រិត។ ប៉ុន្តែក្នុងអំឡុងពេល ១០ ឆ្នាំមកនេះ ដោយបានរដ្ឋយកចិត្តទុកដាក់កសាងផ្លូវថ្នល់ ម៉្លោះហើយការធ្វើដំណើរទៅមករបស់មាមីងមានភាពងាយស្រួល ផ្តើមពីនោះ ជីវភាពរបស់មាមីងក៏មានភាពប្រសើរឡើង”។
ក្រៅពីវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទកម្ម វិធីនិងគោលនយោបាយនានា ដូចជាឧបត្ថម្ភលំនៅឋាន ដីនៅ ដីផលិត និងផ្លាស់ប្តូរមុខរបរ... ក៏បានផ្សព្វផ្សាយអនុវត្តយ៉ាងមានប្រសិទ្ធភាព។ យោងតាមសមមិត្ត ឡឹមហល ប្រធានការិយាល័យវប្បធម៌-សង្គម ឃុំយ៉ាហ្វា ឱ្យដឹង៖ ក្នុងដំណាក់កាល ២០២១-២០២៥ ឃុំបានផ្សព្វផ្សាយអនុវត្តគម្រោងទី ១ សាងសង់ផ្ទះជូន ៤៥ គ្រួសារ; ឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៥០ គ្រួសារ; និងផ្តល់ទឹកស្អាតប្រើប្រាស់ ៤៣ គ្រួសារ... ដោយទុនវិនិយោគសរុបជិត ៣ ពាន់លានដុង។
ជាគ្រួសារទទួលផលពីគោលនយោបាយ បងសើុងមិញហាយ នៅភូមិង៉ង ឃុំយ៉ាហ្វា ជាគ្រួ សារក្រីក្រគ្មានដីផលិត ប្រភពចំណូលចម្បងរបស់គ្រួសារគឺបានមកពីធ្វើការឈ្នួលរបស់ប្តីប្រពន្ធ។ ឆ្នាំ ២០២៥ ដោយបានភូមិភាគពិនិត្យឧបត្ថម្ភ ថវិកាចំនួន ១០ លានដុង ពីប្រភពទុនផ្លាស់ប្តូរមុខរបរ បងហាយក៏យកទឹកប្រាក់ទាំងនោះទៅទិញម៉ូតូមួយគ្រឿងធ្វើជាមធ្យោបាយទៅធ្វើការងារ ហើយពេលទំនេរ បងក៏ទទួលរត់ម៉ូតូឌុបបន្ថែម។ រីករាយចំពោះការឧបត្ថម្ភបានទាន់ពេល បងហាយ ចែករំលែក៖ “ខ្ញុំអរគុណបក្ស និងរដ្ឋខ្លាំងណាស់ ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគ្រួសារខ្ញុំ ខ្ញុំនឹងខិតខំធ្វើការដើម្បីឈានឡើងចាក ភាពក្រីក្រ”។
សមមិត្ត ម៉ាថាញសុើង - ប្រធានគណៈកម្មាធិការប្រជាជនឃុំយ៉ាហ្វា ឱ្យដឹង៖ “អស់រយៈកាលជាច្រើនឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធី និងគោលនយោបាយរបស់បក្ស និងរដ្ឋ ឃើញថាជីវភាពរបស់ប្រជាជនក្នុងឃុំមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ ទិដ្ឋភាពជនបទមានភាពរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាលបានវិនិយោគសាងសង់យ៉ាងសមរម្យ។ អត្រាគ្រួសារក្រីក្រថយចុះគួរឱ្យកត់សម្គាល់។ សមិទ្ធផលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ការដឹកនាំយ៉ាងជិតដិតរបស់រដ្ឋអំណាច ជាពិសេសគឺការខិតខំជម្នះការលំបាករបស់ប្រជាជននៅភូមិភាគ៕
ថាញវ៉ាង