មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/12/2025 - 10:39

សិប្ប​ករ​វ័យ​ក្មេង​សម្បូរ​ដោយ​ទេព​កោ​សល្យ 

ដោយ​ការ​ជក់​ចិត្ត​និង​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ បង​ហ៊ឺវ​មិញ​តាយ នៅ​ភូមិ​ដឿង​ដាវ​ ឃុំ​ហូធី​គី​ ខេត្ត​កា​ម៉ាវ បាន​ក្លាយ​ជា​សិប្ប​ករ​ចម្លាក់​ឈើ​ រួម​ចំ​ណែក​ដល់​ការ​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ ថ្មីៗ​នេះ​ គាត់​ជា​បុគ្គល​គំរូ​ឆ្នើម​មួយ​រូប​ ក្នុង​ចំ​ណោម​បុគ្គល​ទាំង​១៥​រូប​ ដែល​បាន​លើក​តម្កើង​ ក្នុង​ពិធី​ “លើក​តម្កើង​អ្នក​ផ្ដល់​ចំ​ណេះ” អា​ស្រ័យ​ក្រុម​ហ៊ុន​ SABECO ផ្តួច​ផ្តើម សហ​ការ​ជា​មួយ​កា​សែត​មហា​សាមគ្គី​ ចាត់​តាំង​ឡើង​នៅ​រដ្ឋ​ធានី​ហា​ណូយ។

 បង​ហ៊ឺវ​មិញ​តាយ កំ​ពុង​ផ្ចិត​ផ្ចង់​ឆ្លាក់​ឈើ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​ល្អ​ស្អាត។

ក៏​ដូច​ជា​យុវ​ជន​ខ្មែរ​ដទៃ​ដែរ​ តាយ​បាន​បួស​រៀន​តាម​ប្រពៃ​ណី​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ។ ក្នុង​អំ​ឡុង​ពេល​បួស​រៀន​ បង​តាយ​តែង​និមន្ត​ទៅ​រៀន​ចម្លាក់​ឈើ​នៅ​តាម​វត្ត​អា​រាម​នា​នា។ ក្រោយ​ពេល​លា​ចាក​សិក្ខា​បទ​ តាយ​បាន​បន្ត​រៀន​សូត្រ​និង​ប្រ​កប​មុខ​របរ​ជាង​ឈើ​នៅ​ខេត្ត​ហាយ​យឿង (បច្ចុប្បន្ន​ជា​ទី​ក្រុង​ហាយ​ផុង)។ ក្រោយ​ពី​ធ្វើ​ការ​បាន​មួយ​រយៈ​ជា​មួយ​នឹង​ការ​អំ​ណត់​ ព្យា​យាម​និង​ការ​ជក់​ចិត្ត​ខ្លាំង​ តាយ​រៀន​ចេះ​របៀប​ឆ្លាក់​យ៉ាង​ឆាប់​រហ័ស​ ព្រម​ទាំង​សន្សំ​បាន​បទ​ពិ​សោធន៍​និង​ដើម​ទុន​ដើម្បី​បំ​ពេញ​ក្ដី​ស្រមៃ​បង្កើត​មុខ​របរ​នៅ​ភូមិ​កំ​ណើត​របស់​ខ្លួន។

ពេល​ត្រ​ឡប់​មក​ភូមិ​កំ​ណើត​ តាយ​បាន​បើក​រោង​ជាង​ឈើ​មួយ​នៅ​ក្បែរ​ផ្លូវ​ចូល​វត្ត​សិរី​មង្គល​ (ជ្រុង​ខ្មែរ) ។ រោង​ជាង​ឈើ​របស់​គាត់​ មិន​ត្រឹម​តែ​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ដូច​ជា៖ តុ​ កៅ​អី​ ជើង​អង្រឹង​ ថូ​ផ្កា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​បង្កើត​វណ្ណ​កម្ម​ចម្លាក់​ឈើ​សិប្ប​កម្ម​នា​នា​ មាន​ដូច៖ គីង្គក់​ពាំ​ប្រាក់​ សត្វ​ទេព​ទាំង​បួន​ និង​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១២ ជា​ដើម​។ បង​តាយ បាន​ច្នៃ​ឆ្លាក់​ក្បាច់​រចនា​ដែល​ខ្លួន​បាន​រៀន​មក​បញ្ចូល​គ្នា​យ៉ាង​ប៉ិន​ប្រ​សប់​ ដើម្បី​បង្កើត​បាន​នូវ​ផលិត​ផល​ប្លែកៗ មាន​អត្ថ​ន័យ​វប្ប​ធម៌​ជ្រាល​ជ្រៅ។

ទម្រង់​ចម្លាក់​ឈើ​សិប្ប​កម្ម​របស់​បង​តាយ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទី​ផ្សារ​ក្នុង​និង​ក្រៅ​ខេត្ត​ទទួល​យក​ ដោយ​អា​ចរក​ចំ​ណូល​បាន​ប្រ​មាណ​៣០០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ និង​ចំ​ណេញ​២៥០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។ បង​តាយ ឱ្យ​ដឹង៖ “ដើម្បី​រៀន​ចេះ​របរ​នេះ​ និង​ទទួល​បាន​ជោគ​ជ័យ​ដោយ​ អា​ជីព​ចម្លាក់​ គឺ​ត្រូវ​មាន​ការ​ជក់​ចិត្ត​ ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ជា​ពិសេស​មុខ​របរ​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​អំ​ណត់​ព្យា​យាម។ ក្រៅ​ពី​នោះ​ ត្រូវ​មាន​ការ​ឆ្លាត​វៃ​ ចាប់​យក​តម្រូវ​ការ​ទី​ផ្សារ​ ដើម្បី​បង្កើត​នូវ​ផលិត​ផល​ល្អ​ គួរ​ជា​ទី​ទុក​ចិត្ត​និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់”។

មិន​ត្រឹម​តែ​ពូ​កែ​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ តាយ​ថែម​ទាំង​បាន​បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​មុខ​របរ​ចម្លាក់​ឈើ​ដល់​យុវ​ជន​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ទៀត​ផង។ គាត់​តែង​រំលឹក​ថា៖ “មុខ​របរ​នេះ​ទាម​ទារ​ត្រូវ​មាន​ការ​អំ​ណត់​ព្យា​យាម!”។ នេះ​ជា​សកម្ម​ភាព​ជាក់​ស្ដែង​ ជួយ​ឱ្យ​ប្អូនៗ​យុវ​ជន​រៀន​បាន​បំ​ណិន​ និង​ទទួល​បាន​ឱ​កាស​ការ​ងារ​ធ្វើ​លំ​នឹង​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។

លោក​ ត្រឹង​ក្វឹក​វៀត លេខា​សាខា​បក្ស​ភូមិ​ ដឿង​ដាវ​ មាន​ប្រ​សាសន៍៖ “បង​តាយ មិន​ត្រឹម​តែ​ពូ​កែ​ធ្វើ​សេដ្ឋ​កិច្ច​ រវៀស​រវៃ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​មុខ​របរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​កសាង​ព្រលាន​បាល់​ទះ​មួយ​សម្រាប់​យុវ​ជន​ក្នុង​ភូមិ​ស្រុក​មក​លេង​កម្សាន្ត​ បង្កើត​បរិ​ស្ថាន​ហ្វឹក​ហាត់​កាយ​ សម្ប​ទា​ទៀត​ផង; គ្រួ​សារ​បង​តាយ បាន​បរិច្ចាគ​ដី​ ១០០ ម៉ែត្រ​កា​រ៉េ​ដើម្បី​ឱ្យ​ឃុំ​ហូធី​គី​ កសាង​ទី​ស្នាក់​ការ​ភូមិ​ដឿង​ដាវ​ នេះ​ជា​សកម្ម​ភាព​ដែល​បង្ហាញ​ពី​ស្មារតី​រួម​ចំ​ណែក​ដើម្បី​សហ​គមន៍។ ជា​មួយ​នឹង​ស្មារតី​សកម្ម​ ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​រស់​នៅ​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា​ បង​តាយ ពិត​ជា​គំរូ​យុវ​ជន​ខ្មែរ​ក្នុង​សម័យ​ថ្មី​ ជា​ការ​បំ​ផុស​គំនិត​យ៉ាង​ខ្លាំង​ក្លា​ដល់​យុវ​វ័យ​កា​ម៉ាវ​និង​វៀត​ណាម”៕

                                លី​ធាន​ - ថាច់​ធី​

ចែករំលែកអត្ថបទ