ក្រោយពីអនុវត្តការរៀបចំ និងចាត់តាំងឡើងវិញដំណាក់សុខាភិបាលឃុំតាមទម្រង់រដ្ឋអំណាចមូលដ្ឋាន២ថ្នាក់ ដំណាក់សុខាភិបាលនានានៅទីក្រុងកឹងធើ បានលំនឹងអង្គការចាត់តាំងយ៉ាងឆាប់រហ័ស ជាជំហានៗលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ អនុវត្តបានល្អភារកិច្ចថែទាំសុខភាពដំបូងជូនប្រជាជន។

ប្រជាជនមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំឡឹមតឹង។
តាមប្រសាសន៍វេជ្ជបណ្ឌិត ត្រឹងក្វាងទ្រុង ប្រធានដំណាក់សុខាភិបាលឃុំអាងនិញ ហេដ្ឋារចនាសម្ព័ន្ធរបស់ដំណាក់សុខាភិបាលបានវិនិយោគយ៉ាងសមរម្យ ដោយមានបន្ទប់មុខងារចំនួន១៣ អនុវត្តល្អការងារពិនិត្យព្យាបាលជំងឺ។ បច្ចុប្បន្ន ដំណាក់សុខាភិបាលមានវេជ្ជបណ្ឌិត១រូប គ្រូពេទ្យ៧រូប គិលានុបដ្ឋាក ២ រូប ឆ្មប ៤ រូប ឱសថការី៣ រូប និងសហការីចំនួនប្រជាជន៣១ រូបនៅភូមិទាំង១៦។ ក្នុងខែតុលាកន្លង ដំណាក់សុខាភិបាលឃុំអាងនិញ មានប្រជាជនមកពិនិត្យនិងព្យាបាលជំងឺជាង២.០០០លើកនាក់។
លោកយាយថាច់ធីសារិន នៅឃុំអាងនិញ មកពិនិត្យជំងឺនៅដំណាក់សុខាភិបាលបានឱ្យដឹង៖ “សម្ពាធឈាមខ្ញុំច្រើនតែមិនសូវនឹងនរ ទើបខ្ញុំមកដំណាក់សុខាភិបាលឃុំដើម្បីពិនិត្យនិងតាមដាន។ ពេលមកដំណាក់សុខាភិបាល បានក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យពិនិត្យជំងឺយ៉ាងហ្មត់ចត់និងពិគ្រោះច្បាស់លាស់អំពីស្ថានភាពសុខភាព របបអាហារនិងការសម្រាកសម្រាន្ត។ ពិសេស គឺណែនាំពីរបៀបអនុវត្តពេលកើតមានសញ្ញា មិនប្រក្រតី”។
ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារថែទាំសុខភាពដំបូងជូនប្រជាជន ដំណាក់សុខាភិបាលឃុំឡឹមតឹងតែងច្បាមនូវខ្លឹមសារសកម្មភាពរបស់ផ្នែកសុខាភិបាល និងស្ថានភាពជាក់ស្តែងរបស់ភូមិភាគ; រក្សាកិច្ចប្រជុំប្តូរវេនប្រចាំខែ ដើម្បីឆ្លើយតបនិងដោះស្រាយ រាល់ការលំបាកក្នុងការអនុវត្តភារកិច្ចទាន់ពេល។ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរបបប្រចាំការ ដើម្បីធានាការព្យាបាល និងសង្គ្រោះបន្ទាន់នូវករណីជំងឺបានទាន់ពេល។ ជាពិសេស គឺលើកកម្ពស់គុណភាពកងជួរបុគ្គលិកពេទ្យ លើកទឹកចិត្តកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិតឱ្យខិតខំរៀនសូត្រលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈ លត់ដំលើក កម្ពស់ក្រមសីលធម៌គ្រូពេទ្យ ផ្លាស់ថ្មីស្មារតី អាកប្បកិរិយាបម្រើការងារដោយអស់ពីចិត្ត ធានាលក្ខន្តិកៈជំនាញនៃការពិនិត្យព្យាបាលជំងឺ និងការសង្គ្រោះដំបូងជំងឺសាមញ្ញ។ អាស្រ័យហេតុនោះ សកម្មភាពពិនិត្យព្យាបាលជំងឺរបស់ដំណាក់សុខាភិបាលតែងអនុវត្តសម្រេចល្អភារកិច្ច។ ក្នុងខែតុលា ឆ្នាំ២០២៥ ដំណាក់សុខាភិបាលបានទទួលអ្នកជំងឺជាង ៨០០ លើកនាក់ មកពិនិត្យ និងអនុវត្តបានល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិ។
វេជ្ជបណ្ឌិត ង្វៀងថាញ់ណាម ប្រធានដំណាក់សុខាភិបាលឃុំឡឹមតឹង ឱ្យដឹង៖ “ដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជននាពេលខាងមុខ ដំណាក់សុខាភិបាលនឹងខិតខំជម្នះរាល់ការលំបាកក្នុងការអនុវត្តភារកិច្ច។ ព្រមជាមួយនោះ លើកកម្ពស់ស្មារតីក្រមសីលធម៌គ្រូពេទ្យ ខិតខំប្រឹងប្រែងលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈ ណែនាំអស់ពីចិត្តនិងអនុវត្តល្អនូវក្រមសីលធម៌ប្រព្រឹត្តិចំពោះអ្នកជំងឺ ដើម្បីឆ្លើយតបកាន់តែល្អប្រសើរការងារការពារនិងថែទាំសុខភាពប្រជាជន”៕
ថាញវ៉ាង - ថាច់ធី