ជាបណ្ឌិតនារីខ្មែរដំបូងរបស់ខេត្តត្រាវិញ លោកស្រីង៉ោសុភា មិនត្រឹមតែខិតខំប្រឹងប្រែងជម្នះការលំបាកក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងយកអស់ពីកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍធនធានមនុស្ស និងអភិរក្សវប្បធម៌ខ្មែរណាមបូទៀតផង។ លោកស្រីជាបុគ្គលគំរូមួយរូបក្នុងចំណោមបុគ្គលគំរូឆ្នើមចំនួន ២០ ដែលបានផ្ដល់កិត្តិយសក្នុងកម្មវិធី ភាពរុងរឿងនៃវៀតណាម ឆ្នាំ២០២៥។
.jpg)
លោកស្រីបណ្ឌិត ង៉ោសុភា នាយិកាសាលា SLASKA។ រូប៖ តួអង្គផ្ដល់
លោកស្រី ង៉ោសុភា ឱ្យដឹង លោកស្រីជាជនជាតិខ្មែរ តែងចិញ្ចឹមចិត្តក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ជនជាតិខ្លួន។ ក្រោយពីបញ្ចប់ការសិក្សានិងបម្រើការងារនៅសាកលវិទ្យាល័យត្រាវិញ លោកស្រីបានតែងតាំងជានាយិកាមហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ (SLASKA) - ជាសាលារៀនមួយដែលរដ្ឋាភិបាលប្រគល់ភារកិច្ចសំខាន់របស់ជាតិ ស្ដីពីបណ្ដុះបណ្ដាលវិជ្ជាឯកទេសខាងភាសា វប្បធម៌ សិល្បៈខ្មែរណាមបូ។ ក្នុងនាមជាជនជាតិខ្មែរ លោកស្រី ង៉ោសុភា យល់ច្បាស់ពីលក្ខណៈដោយឡែកទំនៀមទម្លាប់ លក្ខណៈពិសេសនិងអត្តសញ្ញាណវប្បធម៌ជនជាតិផងខ្លួន។ ប្រការនេះ កាន់តែមានភាពងាយស្រួលសម្រាប់ការងារគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍប្រភពធនធានមនុស្សជាជនជាតិខ្មែរនៅនឹងសាលា។
រយៈពេលកន្លង លោកស្រីរួមជាមួយនឹងគ្រូ បង្រៀននិងនិស្សិតរបស់សាលា បានអនុវត្តប្រធានបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្នាក់ខេត្ត ថ្នាក់ជាតិជាច្រើន ស្ដីពីការថែរក្សានិងអភិរក្ស លក្ខណៈដោយឡែកនៃវប្បធម៌ខ្មែរ។ សាលាក៏សកម្មចូលរួមរាល់សកម្មភាពសហប្រតិបត្តិការអន្តរជាតិ ដោះដូរវប្បធម៌ជាមួយនឹងប្រទេសនានា មានដូច៖ ឥណ្ឌានិងហ្វីលីពីនជាដើម។ លោកស្រីបណ្ឌិត ង៉ោសុភា មានប្រសាសន៍ កំណត់ច្បាស់ឱកាសការងារសម្រាប់និស្សិត គឺជាភាពឋិតថេររបស់សាលា ផ្ដើមពីនោះ សាលាតែងយកចិត្តទុកដាក់ដល់ការបង្កើតឱកាសការងារសម្រាប់និស្សិត។ យោងតាមស្ថិតិ និស្សិតខ្មែរជិត ៩០% ក្រោយពីបញ្ចប់ការសិក្សាមានការងារធ្វើលំនឹង ត្រូវនឹងមុខជំនាញ។ “សាលាចងសម្ព័ន្ធជាមួយនឹងសម្ព័ន្ធក្រុមហ៊ុន THACOARI ដើម្បីឱ្យនិស្សិតផ្នែកភាសាខ្មែរអាចធ្វើកម្មសិក្សាដោយទទួលបានប្រាក់បៀវត្សរ៍ប្រមាណ ៦ លានដុង/ខែ និងឧបត្ថម្ភការហូបចុក ស្នាក់នៅ។ ក្រោយពីបញ្ចប់កម្មសិក្សា សម្ព័ន្ធក្រុមហ៊ុននឹងអាទិភាពជ្រើសរើស។ នេះជាឱកាសល្អសម្រាប់និស្សិត” លោកស្រីបណ្ឌិត សុភា បានឱ្យដឹងដូច្នេះ។
ធ្លាប់ជានិស្សិតសាលា SLASKA បងត្រេវថាញហ៊ុង ស្រុកកំណើតនៅខេត្តសុកត្រាំង ឱ្យដឹង អ្នកគ្រូសុភា បានខិតខំអញ្ជើញសិប្បករខ្មែរមកបង្ហាត់បង្រៀននៅសាលា។ ប្រការនេះ បានជួយឱ្យនិស្សិតមានការយល់ដឹងច្រើនជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ប្រពៃណី បង្កើនគុណភាពបណ្ដុះបណ្ដាលនិងសមត្ថភាពប្រកួតប្រជែងលើទីផ្សារពលកម្ម។ “ការដឹកនាំប៉ិនប្រសប់និងការវិវឌ្ឍថ្មីជាក់ស្ដែងរបស់អ្នកគ្រូ បានជួយឱ្យខ្ញុំទទួលបានជោគជ័យក្នុងការងារនិងបន្តការសិក្សាកម្រិតឧត្ដមសិក្សា” បងហ៊ុង បានចែករំលែកដូច្នេះ។
តាមប្រសាសន៍លោកស្រី ថាច់ធីយ៉ឹង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បណ្ឌិត ង៉ោសុភា គឺជាអ្នកបានខិតខំប្រឹងប្រែងយ៉ាងច្រើនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជនជាតិខ្មែរ ទាំងបុរសនិងស្រ្តី។ “ខ្ញុំរំពឹងថា បណ្ឌិតង៉ោ សុភា នឹងបន្តរួមចំណែកក្នុងការអភិវឌ្ឍសាលា SLASKA និងសាកលវិទ្យាល័យត្រាវិញ” លោក ស្រីយ៉ឹង បានមានប្រសាសន៍ដូច្នេះ៕
យោង៖ Baolaodong-ប្រែសម្រួល៖ ថាច់ធី