ឌិញហ្វា ជាឃុំមួយក្នុងចំណោមឃុំទាំង ២ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ក្នុងដំណាក់ការកសាងជនបទថ្មី ប្រជាជននៅទីនេះតែងគាំទ្រយ៉ាងពេញទំហឹង។

ស្ពាននេះ អាស្រ័យសប្បុរសជនរួមវិភាគទានកសាង។
ពេលរដ្ឋកសាងដងផ្លូវគមនាគមន៍ជនបទ នៅភូមិហ្វាមី ហ្វាថាញ់ ហ្វាហីវ ២ និងហ្វាហីវ។ល។ ប្រជាជននិងសប្បុរសជនបានរួមវិភាគទានកសាងស្ពានបេតុង៨ខ្សែ តភ្ជាប់ត្រើយសងខាង។ លោកយ័ញសាញ់ លេខាសាខាបក្សនិងជាប្រធានភូមិហ្វាហីវ ឱ្យដឹង៖ “បក្ខជនក្នុងសាខាបក្ស ក្នុងនោះ លេចធ្លោបំផុតគឺសមមិត្ត យ័ញមិញត្វឹង និងព្រះចៅអធិការវត្តតាមុំ តែងខ្នះខ្នែងចលនាសប្បុរសជនកសាងស្ពាន ជួសជុលផ្លូវ។ ពេលសង្កេតឃើញដងផ្លូវគមនាគមន៍ជនបទលើភូមិសាស្ត្ររងការខូចខាត ព្រះតេជព្រះគុណស្នើឱ្យជួសជុលជាបន្ទាន់។ ក្នុងដំណាក់ការជួសជុល សាងសង់ស្ពាន ព្រះតេជព្រះគុណនៅទាំងឧបត្ថម្ភជាបាយទឹកនំនែកដល់មាមីងដែលចូលរួមធ្វើការងារ។

ដងផ្លូវគមនាគមន៍ជនបទនៅឌិញហ្វា តែងបានប្រជាជនបោសសម្អាតនិងកាប់ឆ្ការ
គុម្ពោតព្រៃ បង្កលក្ខណៈងាយក្នុងការធ្វើដំណើរ។
ការភ្ញាក់រលឹករបស់ប្រជាជនគឺជាលទ្ធផលលេចធ្លោនៃការងារផ្សព្វផ្សាយ ចលនាប្រជាជនកសាងជនបទថ្មីនៅឌិញហ្វា។ នៅថ្ងៃចុងសប្តាហ៍ ដើរតាមភូមិនានានឹងបានឃើញមាមីងជាក្រុមៗកំពុងជួសជុលផ្លូវ និងកាប់ឆ្ការគុម្ពោតព្រៃជាដើម។ បងស្រីធីយ៉ាវ នៅភូមិហ្វាថាញ់ ឱ្យដឹង៖ “ខ្ញុំបានចូលរួមក្រុមនារី ពេលទំនេរបងប្អូននារីណាត់គ្នាចេញធ្វើពលកម្ម ដកស្មៅ បោសសម្អាត កាត់មែកឈើ ថែទាំផ្កាលម្អ។ល។ ធ្វើយូរៗទៅក្លាយជាទម្លាប់ យើងចំណាយពេលបន្តិចធ្វើឱ្យបរិស្ថានភូមិ ស្រុកជ្រះស្អាត យើងក៏មានអារម្មណ៍សប្បាយរីករាយ”។
តាមប្រសាសន៍អ្នកស្រី លេធីហ៊ុងហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ពេលចលនាកសាងជនបទថ្មី ភូមិភាគបានគួបផ្សំនឹងចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” ដូច្នេះ ទូទាំងឃុំមានប្រជាជនសម្រេចបទដ្ឋានគ្រួសារវប្បធម៌ ៣.៧៣០/៣.៨៤៨ គ្រួសារ សម្រេច ៩៦,៩៣%; មានអង្គភាព ៧/៧ និងភូមិ ១១/១១ សម្រេចបទដ្ឋានវប្បធម៌។ ទន្ទឹមនឹងនោះ ឃុំនៅទាំងឧទ្ទេសនាមការងារធ្វើជូនពលករ ៦៩៧ នាក់ ទៅធ្វើការនៅក្នុងក្រុមហ៊ុនក្នុងនិងក្រៅខេត្ត បើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈបាន ២ ថ្នាក់ (កសិកម្ម ១ថ្នាក់ ក្រៅកសិកម្ម១ថ្នាក់) ដោយមានសិក្ខាកាម ៥៩ នាក់។ ក្រោយពីចប់វគ្គសិក្សា ភាគច្រើន សិក្ខាកាមបានឧទ្ទេសនាមការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ ពេលសេដ្ឋកិច្ចរីកចម្រើន ប្រជាជនកាន់តែចាប់អារម្មណ៍ក្នុងការចូលរួមជាមួយភូមិភាគកសាងជនបទថ្មី ធ្វើឱ្យមុខមាត់ជនបទកាន់តែស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។ តាមថេរដីកា ព្រះតេជព្រះគុណយ័ញមិញត្វឹង បើប្រៀបនឹងពីមុន មាមីងពុទ្ធបរិស័ទមានលក្ខណសម្បត្តិល្អប្រសើរជាង ម៉្លោះហើយ ក្នុងឱកាសបុណ្យទានផ្សេងៗ អាត្មាភាពតែងផ្សព្វផ្សាយពីខ្លឹមសារ “ល្អសាសនា ល្អសង្គម” ណែនាំមាមីងពុទ្ធបរិស័ទយល់ច្បាស់ពីការកសាងជនបទថ្មី អ្នកដែលទទួលផលដំបូងគឺប្រជាជន។ តួយ៉ាងដូចស្ពាននិងផ្លូវកសាងសម្រេចរួចរាល់ មាមីងពុទ្ធបរិស័ទមកវត្ត កូនចៅធ្វើដំណើរទៅរៀន និងការដឹកជញ្ជូនកសិផលក៏មានភាពងាយស្រួល។ល។ ហេតុដូច្នេះ មាមីងអ្នកណាក៏ខ្នះខ្នែងចូលរួម ហើយចាត់ទុកការងារនេះដូចជាការងាររបស់ខ្លួន”៕
ហាថាញ-មុនី