ឆ្នាំ ២០២៣ សិប្បករចូវអូន នៅក្រុងសុកត្រាំង ខេត្តសុកត្រាំង មានកិត្តិយសបានទទួលកិត្តិនាមជាសិប្បករប្រជាជន លោកមានការរួមចំណែកយ៉ាងច្រើនក្នុងការអភិរក្សនិងពង្រីកកេរដំណែលវប្បធម៌អរូបីរបស់ជនជាតិ។

សិប្បករប្រជាជនចូវអូន (ខាងស្ដាំ) ប្រារព្ធពិធីសំពះព្រះខែ។
បច្ចុប្បន្ន សិប្បករប្រជាជនចូវអូន ថ្វីដ្បិតតែមានអាយុ ៨៥ ឆ្នាំក៏ដោយ ប៉ុន្តែពេលរំលឹកដល់ពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ នោះគឺគាត់នៅតែច្បាស់ដូចថ្ងៃ។ ពិសេស លោកធ្លាប់ជាគ្រូចូលបង្រៀនអក្សរខ្មែរ ភាសាបាលី សំស្ក្រឹត ជាកវីនិងអ្នកនិពន្ធដ៏ចំណានម្នាក់។ សិប្បករប្រជាជនចូវអូន ឱ្យដឹង៖ “ខ្ញុំបួសរៀនជាច្រើនឆ្នាំនិងទៅរៀននៅប្រទេសកម្ពុជា ម្ល៉ោះហើយ ចំណេះដឹងផ្នែកខាងភាសាខ្មែរ បាលី សំស្ក្រឹតគឺខ្ញុំច្បាស់លាស់។ ហេតុនោះ អាយុ ១៨ ឆ្នាំ ខ្ញុំបានឈរបង្រៀនព្រះសង្ឃតាមវត្តខ្មែរនានា។ ក្រៅពីនេះ ខ្ញុំថែមទាំងស្រាវជ្រាវទំនៀមទម្លាប់វប្បធម៌ពិធីបុណ្យរបស់ជនជាតិខ្មែរ ស្រាវជ្រាវក្បួនខ្នាត តែង និពន្ធអត្ថបទកំណាព្យ អត្ថបទរាយជាអក្សរសាស្រ្តខ្មែរ ដើម្បីទុកបង្រៀនដល់យុវវ័យជំនាន់ក្រោយទៀតផង”។

សិប្បករប្រជាជនចូវអូន (ខាងឆ្វេង) ទទួលប័ណ្ណទទួលស្គាល់ជាសិប្បករ
ប្រជាជន។
មិនត្រឹមតែបង្ហាត់បង្រៀនព្រះសង្ឃប៉ុណ្ណោះទេ ឆ្នាំ ១៩៧៥ សិប្បករចូវអូន បានបម្រើការងារក្នុងទំព័រព័ត៌មានខ្មែរ ចំណុះមន្ទីរវប្បធម៌ព័ត៌មានខេត្តហូវយ៉ាង ហើយក្រោយមកជាប្រធានការិយាល័យកាសែតភាសាខ្មែរ ចំណុះកាសែតសុកត្រាំង ធ្វើកាសែតផង សិប្បករប្រជាជនចូវអូន ចូលរួមបង្ហាត់បង្រៀនអក្សរខ្មែរ បាលី សំស្ក្រឹត។ល។ ដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរតាមវត្តនានា ដូច៖ វត្តប្រាសាទគង់ ឃុំថាមដូងនិងវត្តបាយឆៅ ស្រុកមីស្វៀង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ព្រមទាំងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ អាស្រ័យហេតុនោះ កេរ្តិ៍ឈ្មោះបោះសំឡេងរបស់គាត់ល្បីល្បាញគ្រប់ខេត្ត ក្រុងនៃស្រទាប់បញ្ញវន្តខ្មែរនិងព្រះសង្ឃទូទាំងណាមបូ តែងស្គាល់សិប្បករប្រជាជនចូវអូន។
សិប្បករប្រជាជនចូវអូន ត្រូវបានអញ្ជើញធ្វើជាអាចារ្យធំនៃពិធីស្តារឡើងវិញនូវបុណ្យសំពះព្រះខែរបស់ជនរួមជាតិខ្មែរក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ដែលខេត្តរៀបចំរៀងរាល់ឆ្នាំ។ សព្វថ្ងៃ ពេលវ័យកាន់តែចាស់ លោកក៏ផ្ទេរឱ្យយុវវ័យជំនាន់ក្រោយស្នងបន្តវិញ។ ទន្ទឹមនឹងនោះ សិប្បករប្រជាជនចូវអូន នៅទាំងនិពន្ធអត្ថបទ កំណាព្យ អត្ថបទពាក្យរាយជាភាសាខ្មែរ ពោរពេញដោយលក្ខណៈនៃដំណើរជីវិត ដែលឆ្លុះបញ្ចាំងពីតថភាពផ្នែកខាងប្រជុំជីវកិច្ច និងពលកម្មរបស់ជនជាតិខ្មែរ។ លេចធ្លោបំផុតគឺបោះពុម្ពផ្សាយសៀវភៅជាច្រើនដែលមានតម្លៃជាអក្សរសាស្ត្រ៖ ប្រវត្តិព្រះឧបជ្ឈាយ៍យឿងដាន គន្លឹះតែងកំណាព្យ ខ្មែរ និងប្រវត្តិកសាងវត្តបាយឆៅ៘ និងចូលរួមបោះពុម្ពផ្សាយសៀវភៅកំណាព្យចំនួន ៤ ក្បាល ជាលក្ខណៈអក្សរសាស្ត្រខ្មែរ ដោយខ្លឹមសារស្ងើចសរសើរភូមិស្រុក ប្រទេសជាតិនិងអ៊ំហូជាដើម។ សិប្បករប្រជាជនចូវអូន ឱ្យដឹង៖ “បានរដ្ឋប្រទានកិត្តិនាមដ៏ឧត្តុង្គឧត្តមជាសិប្បករប្រជាជន ខ្ញុំមោទនភាពណាស់។ សព្វថ្ងៃ ក្នុងផ្ទះខ្ញុំមានសៀវភៅជាច្រើនដែលពាក់ព័ន្ធនឹងវប្បធម៌ ទំនៀមទម្លាប់ អត្ថបទនិពន្ធអក្សរសាស្ត្រ កំណាព្យ និងសៀវភៅបាលី សំស្ក្រឹត៘ ម្ល៉ោះហើយ ត្រៀមបង្ហាត់បង្រៀនដល់កូនចៅខ្មែរដើម្បីរក្សនិងពង្រីកវប្បធម៌អរូបីរបស់ជនជាតិ”៕
យ្វីអាញ- លីសៀ