កីឡា - ទេសចរណ៍ ទេសចរណ៍

10/03/2025 - 15:31

ទស្សនា​ជួរ​ដើម​ស្រល់​អា​យុរាប់​រយ​ឆ្នាំ 

តាម​ប្រប​មាត់​បឹង​នៃ​ក្រុង​ផ្លេ​គូ ខេត្ត​យ៉ា​ឡាយ មាន​មណ្ឌ​ទេស​ចរណ៍​មួយ​កន្លែង ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ។ នោះ​គឺ​ដង​ផ្លូវ​ដែល​មាន​ជួរ​ដើម​ស្រល់​ធំៗ​ដុះ​ត្រង់​ភ្លឹង​អម​សង​ខាង​ផ្លូវ។

ចម្ការ​តែ​នៅ​សង​ខាង​ផ្លូវ​ជន​បទ​មាន​ពណ៌​បៃ​តង និង​ស្រស់​ស្អាត​ខ្លាំង​ណាស់។

ផ្លូវ​ជួរ​ដើម​ស្រល់​នៅ​ចម្ងាយ​ពី​ក្រុង​ផ្លេ​គូ​ប្រ​មាណ ១០ គី​ឡូ​ម៉ែត្រ ជា​ដង​ផ្លូវ​ដែល​មាន​ដើម​ស្រល់​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ចោល​ម្លប់​ត្រ​ឈឹង ត្រ​ឈៃ។ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​ប្រៀប​ធៀប ទី​នេះ​ដូច​ជា “ដង​ផ្លូវ​នៅ​កូរ៉េ​ខាង​ត្បូង” ពី​ព្រោះ ពេល​ផ្ដិត​យក​រូប​ភាព ទិដ្ឋ​ភាព​នៅ​ទី​នេះ​មាន​ភាព​អណ្តែត​អណ្តូង ស្រស់​ស្អាត​ដូច​ក្នុង​ខ្សែ​ភាព​យន្ត​របស់​កូរ៉េ​ខាង​ត្បូង​អ៊ី​ចឹង។ ផ្លូវ​ជួរ​ដើម​ស្រល់ ស្ថិត​នៅ​ភូមិ ១ ឃុំ​ងៀ​ហឹង ស្រុក​ជឺ​ប៉ះ ខេត្ត​យ៉ា​ឡាយ មាន​ទី​តាំង​ស្ថិត​ក្នុង​មណ្ឌល​បឹង​គួរ​ជា​ទី​មនោ​រម្យ។ នៅ​ច្រាំង​ខាង​ជើង​បឹង (បឹង​ត្នឹង) ខ្លះ​ហៅ​ថា បឹង​តែ គឺ​ហៅ​តាម​ប្រ​ជា​ជន​ផ្លេ​គូ ព្រោះ​នៅ​តាម​ជើង​ភ្នំ​គេ​ដាំ​ដើម​តែ​មើល​ដាច់​កន្ទុយ​ភ្នែក។ តាម​ប្រ​សាសន៍​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ កាល​នោះ​ជន​ជាតិ​បា​រាំង​មក​ទី​នេះ​បង្កើត​ចម្ការ​ តែ​នៅ​ដើមសត​វត្ស​ទី ២០ ពួក​គាត់​បាន​ដាំ​ដើម​ស្រល់​នេះ។ ព្រោះ​ហេតុ​នោះ ផ្លូវ​ជួរ​ដើម​ស្រល់​នេះ​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ​ទៅ​ហើយ។

ដើម​ស្រល់​មាន​អា​យុ​កាល​រាប់​រយ​ឆ្នាំ ត្រូវ​បាន​ការ​ពារ​និង​ថែ​ទាំ​យ៉ាង​ម៉ឺង​ម៉ាត់។

ភេ​សជ្ជៈ​ច្នៃ​ពី​ប៊ឺ គឺ​ជា​ប្រ​ភេទ​ភេស​ជ្ជៈ​ដែល​លោក​អ្នក​មិន​គួរ​រំលង​ពេល​មក​ទស្សនា​ផ្លូវ​ដើម​ស្រល់ ពី​ព្រោះ​គុណ​ភាព​របស់​ប៊ឺ និង​របៀប​ច្នៃ​នៅ​ទី​នេះ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក។

ដង​ផ្លូវ​ចាប់​ផ្តើម​ពី​ផ្លូវ​ផឌឹក​ជិញ និង​ដង​ផ្លូវ​បឹង​តែ គឺ​ជា​ព្រំ​ប្រ​ទល់​រវាង​ក្រុង​ផ្លេគូ និង​ភូមិ​សាស្រ្ត​ឃុំ​ងៀ​ហឹង ស្រុក​ជឺ​ប៉ះ ខេត្ត​យ៉ា​ឡាយ។ ទោះ​បី​មាន​ប្រ​វែង​ប្រ​ហែល ៨០០ ម៉ែត្រ ប៉ុន្តែ​មាន​កំ​ណាត់​ផ្លូវ​ជម្រាល​ទាបៗ​ដែល​ជា​លក្ខណៈ​ពិ​សេស​របស់​តំ​បន់​ដី​តី​ង្វៀង​ធ្វើ​ឱ្យ​ទេស​ភាព​នៅ​ទី​នេះ គួរ​ឱ្យ​ចំ​ណាប់​អា​រម្មណ៍​ជាង​ទៀត។ ពិ​សេស នៅ​សង​ខាង​ផ្លូវ​ជួរ​ដើម​ស្រល់ គឺ​មាន​ចម្ការ​តែ​ពណ៌​បៃ​តង ឆ្លាស់​ជា​មួយ​ចម្ការ​កា​ហ្វេ​ដែល​ចេញ​ផ្កា​សក្បុស។ ព្រោះ​ហេតុ​នោះ ភ្ញៀវ​ទេស​ចរ គួរ​មក​ទី​នេះ​នៅ​ពេល​ព្រឹក​ព្រ​លឹម ដើម្បី​បាន​ទស្ស​នា​ពន្លឺ​ព្រះ​អា​ទិត្យ​ចាំង​កាត់​តាម​ស្លឹក​ឈើ ធ្វើ​ឱ្យ​តំ​ណក់​ទឹក​សន្សើម​ដែល​ដក់​ជាប់​លើ​ត្រួយ​តែ ផ្កា​កា​ហ្វេ​ភ្លឺ​ព្រាកៗ​។ល។ ទេស​ភាព​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​រសាយ​អស់​ពី​ភាព​កង្វល់ និង​រីក​រាយ​ជា​មួយ​អំ​ណោយ​ដ៏​អស្ចារ្យ​ដែល​ធម្ម​ជាតិ​ប្រ​ទាន។ នៅ​ចុង​ផ្លូវ មាន​វត្ត​ប៊ឺវ​មិញ ដែល​មាន​ដំ​បូល​កោង​ស្រួច ស្ថិត​នៅ​ចំ​កណ្តាល​ចម្ការ​តែ។

ភ្ញៀវ​ទេស​ចរ​គួរ​មក​ទស្សនា​ផ្លូវ​ជួរ​ដើម​ស្រល់​មាន​អា​យុកាល​រាប់​រយ​ឆ្នាំ នៅ​ខែ​តុលា​និង​វិច្ឆិ​កា ដើម្បី​បាន​ទស្សនា​ផ្កា​ឈូក​រ័ត្ន​ព្រៃ​រីក​ស្រុះ ប្រ​ជា​ជន​ប្រ​មូល​ផល​កា​ហ្វេ និង​តែ​បៃ​តង​យ៉ាង​គាប់​ភ្នែក។ បច្ចុប្បន្ន ផ្លូវ​ជួរ​ដើម​ស្រល់​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​រយ​នាក់​មក​ទស្ស​នា Check-in ថត​រូប​មង្គល​ការ។ល។ ព្រោះ​ហេតុ​នោះ សេ​វា​បម្រើ​សកម្ម​ភាព​ទេស​ចរណ៍​ក៏​មាន​គ្រប់​គ្រាន់។ ភ្ញៀវ​ទេស​ចរ​ស្រ​មៃ​ថា​ពេល​ព្រឹក​ក្រោក​ពី​ដំ​ណេក​នៅ homestay បើក​វាំង​នន​ឃើញ​ពណ៌​បៃ​តង ខ្ចី​ល្ហក់​របស់​ត្រួយ​តែ​ពណ៌​បៃ​តង​ខៀវ​ស្រ​ងាត់​របស់​ស្លឹក​ស្រល់។ល។ និង​ក្លិន​ក្រ​អូប​កា​ហ្វេ​ឈ្ងុយ​ឈ្ងប់ មិន​ដឹង​តើ​ជី​វិត​នេះ​អស្ចារ្យ​ប៉ុណ្ណា​នោះ​ទេ៕

  ហា​ថាញ-វិ​មាន

ចែករំលែកអត្ថបទ