រយៈពេលជាង ៣៤ ឆ្នាំផ្សារភ្ជាប់នឹងផ្នែកសុខាភិបាល វេជ្ជបណ្ឌិតឯកទេសកម្រិត I ឡឹមវ៉ាន់តឹង ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងអនុវត្តល្អតួនាទីជាគ្រូពេទ្យ ថែទាំសុខភាពប្រជាជនបានល្អ។

វេជ្ជបណ្ឌិតឯកទេសកម្រិត I ឡឹមវ៉ាន់តឹង ពិនិត្យជំងឺជូនប្រជាជន។
តាមសម្ដីវេជ្ជបណ្ឌិតតឹង ដោយសារធំដឹងក្ដីឡើងនៅតំបន់ជ្រៅនៃឃុំថាមដូង មានជនរួមជាតិខ្មែររស់ច្រើនកុះករ បានជាគាត់មានបំណងប្រាថ្នាក្លាយជាវេជ្ជបណ្ឌិត ដើម្បីព្យាបាលជំងឺជូនមាមីងក្នុងភូមិស្រុក។ ដ្បិតអី តាំងពីកុមារភាពមក គាត់ធ្លាប់ឃើញស្ថានភាពជាច្រើនមកពីអបិយជំនឿ ដោយមិនទៅព្យាបាលជំងឺជាហេតុនាំឱ្យបាត់បង់ជីវិតជាដើម។ ឆ្នាំ ១៩៩១ ក្រោយពីបញ្ចប់ការសិក្សាជាគ្រូពេទ្យ គាត់បានមកបម្រើការងារនៅដំណាក់សុខាភិបាលឃុំថាមដូង ដើម្បីធ្វើការពិនិត្យព្យាបាលជំងឺផងនិងបង្ការទប់ស្កាត់ជំងឺឆ្លងរាលដាលផង។ វេជ្ជបណ្ឌិតតឹង រំលឹកឡើងវិញ៖ “កាលពីមុន មិនទាន់មានផ្លូវថ្នល់ដូចសព្វថ្ងៃនេះទេ ខ្ញុំមានត្រឹមតែដើរដោយថ្មើរជើងដើម្បីចុះទៅតាមផ្ទះចលនាមាមីងខ្មែរ ចាក់វ៉ាក់សាំង និងផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលផ្សេងៗ។ ខ្ញុំជាជនជាតិខ្មែរម្នាក់ ដូច្នោះការនិយាយស្ដី ទំនាក់ទំនងមាមីងងាយយល់និងជឿធ្វើតាម។ អាស្រ័យហេតុនោះ ទើបមាមីងខ្មែរមានស្មារតីភ្ញាក់រលឹកខ្ពស់ ចេះថែទាំសុខភាពផ្ទាល់ខ្លួន និងលែងមានអបិយជំនឿ។ ជាភស្ដុតាង ពេលមានអ្នកណាម្នាក់ក្នុងគ្រួសារឈឺ ទោះបីក្នុងពេលយប់អធ្រាត្រក្ដី មាមីងខ្មែរនៅតែមករកខ្ញុំដល់ផ្ទះដើម្បីទៅពិនិត្យជំងឺឱ្យថ្នាំផឹក ឬចាក់ថ្នាំជាដើម”។
ឆ្នាំ ១៩៩៨ បងតឹង បន្តការសិក្សាវេជ្ជបណ្ឌិតពហុព្យាបាល ដើម្បីលើកកម្ពស់មុខវិជ្ជាជីវៈ ដូច្នោះ ចាប់តាំងពីពេលនោះមក តំបន់ជនបទនៃឃុំថាមដូង មានវេជ្ជបណ្ឌិតមុនដំបូងគេបំពេញការងារនៅដំណាក់សុខាភិបាល។ ស្រឡាញ់មុខរបរអស់ពីចិត្តជាមួយការងារ ឆ្នាំ២០០១ បងតឹង ត្រូវបានតែងតាំងធ្វើជាប្រធានដំណាក់សុខាភិបាលឃុំថាមដូង លុះឆ្នាំដល់ ២០២០ បងត្រូវចាត់មកធ្វើជាប្រធានដំណាក់សុខាភិបាលឃុំដាយតឹម រហូតមកទល់សព្វថ្ងៃ។ ទោះបីបំពេញការងារនៅទីណាក៏ដោយ វេជ្ជបណ្ឌិតតឹង តែងអនុវត្តល្អតួនាទីជាគ្រូពេទ្យ ដូចតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យដូចសុភាពមាតា” បងស្រីថាច់ធីត្វៀកត្រិញ ជូនកូនរបស់គាត់មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “ពេលកូនឈឺថ្កាត់ម្ដងៗ ខ្ញុំតែងយកមកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ជួបវេជ្ជបណ្ឌិត តឹង គឺខ្ញុំត្រេកអរណាស់ ដ្បិតអី វេជ្ជបណ្ឌិតមានភាពរួសរាយ រាក់ទាក់សាកសួរជំងឺនិងណែនាំរបៀបបង្ការ ទប់ស្កាត់ជំងឺផ្ដាសាយជាដើម។ ពិសេស វេជ្ជបណ្ឌិតតឹង ធ្វើការរហ័សរហួនឱ្យថ្នាំផឹកឆាប់ជាសះស្បើយ បានជាខ្ញុំមានភាពជឿជាក់ ពេលក្នុងគ្រួសារមានអ្នកឈឺ គឺខ្ញុំតែងជូនមកដំណាក់សុខាភិបាលពិនិត្យជំងឺយកថ្នាំផឹក”។
ចំពោះមិត្តរួមអាជីព វេជ្ជបណ្ឌិតតឹង តែងអស់ពីចិត្តជួយបង្កលក្ខណៈល្អបំផុតសម្រាប់រៀនសូត្រ លើកកម្ពស់វិជ្ជាជីវៈ។ គ្រូពេទ្យហ្វាងមិញយ៉ាង ឱ្យដឹង៖ “វេជ្ជបណ្ឌិតឡឹមវ៉ាន់តឹង ជាអ្នកមានមុខជំនាញវិជ្ជាជីវៈរឹងប៉ឹង អស់ពីចិត្តជាមួយការងារ រស់នៅស្រុះស្រួលនិងមានចិត្តជួយមិត្តរួមអាជីពពេលចាំបាច់។ ចំពោះអ្នកជំងឺ គឺរួសរាយរាក់ទាក់ សាកសួរ លើកទឹកចិត្ត ដើម្បីពួកគេមានទំនុកចិត្តជាសះស្បើយ ម្ល៉ោះហើយមាមីងខ្មែរមានការជឿជាក់ ចំនួនអ្នកមកពិនិត្យជំងឺក៏កើនឡើងជាងមុន”។
វេជ្ជបណ្ឌិតឡឹមវ៉ាន់តឹង តែងអនុវត្តល្អតួនាទីបានជាទទួលបានប័ណ្ណសរសើររបស់ក្រសួងសុខាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង និងមេដាយអនុស្សាវរីយ៍ ព្រោះបុព្វហេតុសុខាភិបាល៕
យ្វីអាញ - ថាច់ធី