មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/11/2024 - 15:53

គ្រប់​យ៉ាង​ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់ 

ពី​ព្រោះ​ចង់​បង្រៀន​អក្សរ​ខ្មែរ លោក​គ្រូ ឡឹម​ហ៊ីប​ប៉ា គ្រូ​បង្រៀន​អនុ​វិទ្យា​ល័យ​ជន​ជាតិអន្តេ​វា​សិក​ឡុង​ភូ ខេត្ត​សុក​ត្រាំង បាន​បន្ត​សិក្សា​ថ្នាក់​មហា​វិទ្យា​ល័យ​ភា​សា​ខ្មែរ​ណាម​បូ។ លោក​គ្រូ​ប៉ា បាន​បំ​ប៉ន​សិស្ស​ជា​ច្រើន​ឈ្នះ​រង្វាន់​ជា​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ថ្នាក់​ខេត្ត។

លោក​គ្រូ​ឡឹម​ហ៊ីប​ប៉ា។

ឆ្នាំ​២០០២ លោក​គ្រូ​ប៉ា ប្រ​ឡង​បញ្ចប់​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​រូប​វិទ្យា ហើយ​បាន​មក​បង្រៀន​នៅ​អនុ​វិទ្យា​ល័យ​ភូ​ហ៊ឺវ។ លុះ​ដល់​ឆ្នាំ ២០០៤ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ​បាន​បង្កើត លោក​គ្រូ​បាន​ចាត់​មក​បង្រៀន​នៅ​សា​លា​នេះ។ ដោយ​ធ្លាប់​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ម្ល៉ោះ​ហើយ​លោក​គ្រូ​ប៉ា យល់​ជ្រៅ​ជ្រះ​ពី​អក្សរ​សាស្ត្រ​ខ្មែរ។ អា​ស្រ័យ​ហេតុ​នោះ លោក​គ្រូ​ត្រូវ​បាន​ចាត់​ឱ្យ​បង្រៀន​បន្ថែម​ផ្នែក​ភា​សា​ខ្មែរ។ លោក​គ្រូ​ប៉ា ឱ្យ​ដឹង៖ “ខ្ញុំ​មាន​បំ​ណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ភា​សា​ខ្មែរ ហេតុដូច្នេះ ខណៈ​ពេល​បាន​សា​លា​ចាត់​ឱ្យ​បង្រៀន​បន្ថែម​វិញ្ញា​សា​នេះ​គឺ​ខ្ញុំ​ពេញ​ចិត្ត​ណាស់។ នៅ​ពេល​ដឹង​ថា សា​កល​វិទ្យា​ល័យ​ត្រា​វិញ​មាន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​រៀន​បន្ថែម​បរិញ្ញា​បត្រ​ទី​២។ ឆ្នាំ​២០១៤ ខ្ញុំ​ប្រ​ឡង​បញ្ចប់ ហើយ​ក្លាយ​ជា​គ្រូ​បង្រៀន​ផ្លូវ​ការ​បង្រៀន​ភា​សា​ខ្មែរ​រហូត​ដល់​សព្វ​ថ្ងៃ”។

 ម៉ោង​បង្រៀន​ភា​សា​ខ្មែរ​របស់​លោក​គ្រូ​ឡឹម​ហ៊ីប​ប៉ា។

បច្ចុប្បន្ន លោក​គ្រូ​ប៉ា ទទួល​បន្ទុក​បង្រៀន​ភា​សា​ខ្មែរ​ដល់​សិស្ស​ថ្នាក់​ទី​៦ ទី​៩ ហើយ​បាន​សា​លា​ប្រ​គល់​ភារៈ​ឱ្យ​បំប៉ន​ក្រុម​ជម្រើស​សិស្ស​ពូ​កែ​ផង។ លោក​គ្រូ​ប៉ា ឱ្យ​ដឹង៖ “ខ្ញុំ​ទទួល​បន្ទុក​បង្រៀន​ថ្នាក់​ទី​៦ គឺ​សំ​ដៅ​សម្រាំង​សិស្ស ទើប​ចូល​រៀន​ដំ​បូង​ដើម្បី​មាន​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប។ ពី​ព្រោះ​បច្ចុប្បន្ន ប្រ​មាណ ៩០% សិស្ស​ចូល​រៀន​ក្នុង​ថ្នាក់​គឺ​មិន​ចេះអាន មិន​ចេះ​សរ​សេរ​អក្សរ​ខ្មែរ ម្ល៉ោះ​ហើយ​ត្រូវ​មាន​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប។ ហេតុ​ដូច្នោះ ខ្ញុំ​ជ្រើស​រើស​វិធី​បង្រៀន​ប្រ​កប​អក្សរ និយាយ​ពាក្យ​ធម្ម​តា​ក្នុង​ទំនាក់​ទំនង​ប្រា​ស្រ័យ រី​ឯសិស្ស​ដែល​ចេះ​អក្សរ គឺ​បង្រៀន​តាម​កម្ម​វិធី។ ធ្វើ​បាន​ដូច្នេះ​ទើប​សិស្ស​ចេះ​និយាយ ចេះ​សរ​សេរ​អក្សរ​ខ្មែរ។ ថ្នាក់​ទី ៩ គឺ​សំ​ដៅ​បំប៉ន​ឱ្យ​ប្អូនៗ​ប្រ​ឡង​ជាប់​វិញ្ញា​សា​ខ្មែរ និង​មាន​ចំ​ណេះ​ដឹង​សម្រាប់​ប្រ​ឡង​សិស្ស​ពូកែ​ភាសា​ខ្មែរ​ថ្នាក់​ខេត្ត” ដើម្បី​មាន​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប ជួយ​សិស្ស​ចេះ​អាន ចេះ​សរ​សេរ​ភា​សា​ខ្មែរ លោក​គ្រូ​ប៉ា ថែម​ទាំង​ស្រាវ​ជ្រាវ​សៀវ​ភៅ​បន្ថែម និង​វិធី​សាស្ត្រ​បង្រៀន​ភា​សា​ខ្មែរ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទៀត​ផង។ ទន្ទឹម​នឹង​នោះ លោក​គ្រូ​ស្វែង​យល់​ស្រាវ​ជ្រាវ​ជា​ច្រើន​ពី​វចនា​នុក្រម​ខ្មែរ-វៀត វៀត-ខ្មែរ ដើម្បី​បង្រៀន​សិស្ស​ចេះ​បក​ប្រែ។ អា​ស្រ័យ​ហេតុ​នោះ សិស្ស​ចូល​រួម​បំប៉ន​ក្នុង​ក្រុម​ជម្រើស​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​កាន់​តែ​ច្រើន​ឡើង។ មក​ទល់​ពេល​នេះ លោក​គ្រូប៉ា បាន​បំប៉ន​សិស្ស​ប្រ​មាណ ៣០ នាក់ ប្រ​ឡង​សិស្ស​ពូ​កែ​ភា​សា​ខ្មែរ​ថ្នាក់​ខេត្ត​ហើយ​ឈ្នះ​រង្វាន់​ខ្ពស់​ផង។ ប្អូន​ត្រឿង​ធី​ថាវ​មី សិស្ស​ថ្នាក់​ទី ៩A២ ឱ្យ​ដឹង៖ “លោក​គ្រូ​ប៉ា គាត់​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ ឆាប់​យល់ ឆាប់​ចាំ​និង​សរ​សេរ​អក្សរ​តិច​ខុស ម្ល៉ោះ​ហើយ​ប្អូន​ពេញ​ចិត្ត​ណាស់។ ប្អូន​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​ជម្រើស​សិស្ស​ពូ​កែ ហេតុ​នេះ ក្រៅ​ពី​រៀន​ក្នុង​ថ្នាក់ លោក​គ្រូ​ថែម​ទាំង​ជូន​ឯក​សារ​និង​សៀវ​ភៅ​ស្រាវ​ជ្រាវ​ជា​ច្រើន ដើម្បី​ជា​ជំ​នួយ​សម្រាប់​ធ្វើ​តែង​សេចក្តី​បាន​ល្អ។ សព្វ​ថ្ងៃ ប្អូន​មាន​ទុន​ចំ​ណេះ​ដឹង​ពាក្យ​ពេចន៍​ ដើម្បី​ត្រៀម​បាន​ល្អ​ក្នុង​សម័យ​ប្រ​ឡង​សិស្ស​ពូ​កែ​វិញ្ញា​សា​ខ្មែរ​ថ្នាក់​ខេត្ត​រយៈ​ពេល​ខាង​មុខ”។

លោក​គ្រូ លៀង​ហៀង​សឺ នា​យក​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ឱ្យ​ដឹង៖ “លោក​គ្រូ​ឡឹម​ហ៊ីប​ប៉ា ជា​អ្នក​អស់​ពី​ចិត្ត​ចំពោះ​អា​ជីព ស្រ​ឡាញ់​សិស្ស​និង​យល់​ជ្រៅ​ជ្រះ​ពី​ភា​សា​ខ្មែរ - បា​លី ហេតុ​នោះ​មាន​វិធី​សាស្ត្រ​បង្រៀន​ល្អ សម​ស្រប​នឹង​សមត្ថ​ភាព​របស់​សិស្ស។ ពិ​សេស លោក​គ្រូ​ប៉ា បាន​បំប៉ន​សិស្ស​ពូ​កែៗ​ទទួល​បាន​បណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង”៕

                                  យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ