ក្នុងចំណោមបេក្ខជនជាង១៤.០០០នាក់ ដែលប្រឡងជម្រើសចូលរៀនថ្នាក់ទី១០ កម្រិតវិទ្យាល័យ ឆ្នាំសិក្សា ២០២៤-២០២៥ (សម័យប្រឡង) ប្អូនឡេហ្វិញកាតឿង អតីតសិស្សអនុវិទ្យាល័យលឿងថេវិញ ទទួលបាន៤៨,៨៥ពិន្ទុ ក្លាយជាបេក្ខជនជាប់ពិន្ទុខ្ពស់បំផុតនៃតំបន់ដីតីដូ។
កាកតឿង (ខាងឆ្វេង) និងមិត្តភ័ក្តិ។ រូប៖ B.NG
ក្នុងអំឡុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ ក្តីរីករាយបានមកជាមួយប្អូនឡេហ្វិញកាកតឿង ពេលប្អូនជាប់ពិន្ទុខ្ពស់បំផុតក្នុងសម័យប្រឡង ទទួលបាន៤៨,៨៥ពិន្ទុ។ ក្នុងនោះ វិញ្ញាសាអក្សរសាស្រ្ត៩,៥ពិន្ទុ គណិតវិទ្យា៩,៥ពិន្ទុ (មុខវិជ្ជាទាំង២នេះគុណ២) ភាសាអង់គ្លេស៩,៨៥ពិន្ទុ និងពិន្ទុអាទិភាពជនជាតិចិន១ពិន្ទុទៀត។ គោលបំណងរបស់ប្អូន គឺវិទ្យាល័យចូវវ៉ាន់លីម។ ប្អូនឡេហ្វិញកាកតឿង ឱ្យដឹង៖ “ប្អូនមានក្តីត្រេកអរក្រៃលែង ពីព្រោះទទួលបានពិន្ទុខ្ពស់។ ម្យ៉ាងទៀត គឺមិនធ្វើឱ្យលោកគ្រូអ្នកគ្រូនិងឪពុកម្ដាយខកចិត្ត”។
តាមប្រសាសន៍អ្នកគ្រូហូធីពឿង គ្រូបន្ទុកថ្នាក់ ទី ៩A១៤ អនុវិទ្យាល័យលឿងថេវិញ ឱ្យដឹង៖ ប្អូនកាកតឿង ជាសិស្សឧស្សាហ៍ព្យាយាមរៀនសូត្រ; មានស្មារតីគោរពវិន័យយ៉ាងល្អ។ ក្នុងដំណើរការសិក្សា ប្អូនតែងយកចិត្តទុកដាក់ចែករំលែក និងជួយមិត្តភ័ក្តិ។ “ខ្ញុំសង្ឃឹមថា ប្អូននឹងបន្តរក្សាស្នាដៃក្នុងឆ្នាំសិក្សាវិទ្យាល័យ ដើម្បីអនុវត្តនូវក្តីស្រមៃរបស់ខ្លួន។ ទន្ទឹមនឹងនោះ ប្អូនក៏ជាគំរូលេចធ្លោដល់សិស្សអនុវិទ្យាល័យលឿងថេវិញ យកតម្រាប់តាមផងដែរ” អ្នកគ្រូហូធីពឿង បានឱ្យដឹងដូច្នេះ។
កាកតឿង (ខាងឆ្វេង) និងមិត្តភ័ក្តិ។ រូប៖ B.NG
កើតនិងធំដឹងក្តីក្នុងគ្រួសារមួយដែលមានឪពុកម្តាយជាបុគ្កលិករដ្ឋ តាំងពីតូច កាកតឿងបានទទួលយកនូវភាពសណ្តាប់ធ្នាប់ ស្មារតីសង្វាតរៀនសូត្ររបស់គ្រួសារ ក៏ដូចជាការស្រឡាញ់និងផ្តល់លក្ខណៈងាយស្រួលក្នុងការរៀនសូត្ររបស់ឪពុកម្តាយ។ កាកតឿង មានស្មារតីស្វ័យសិក្សាខ្ពស់ និងតែងយល់ថា ការរៀនសូត្រគឺជាច្រកទ្វារតែមួយគត់ ដើម្បីអភិវឌ្ឍន៍និងជោគជ័យ។
ចែករំលែកអំពីបទពិសោធន៍នៃការរៀន ប្អូនឡេហិញកាកតឿង ឱ្យដឹង៖ ក្រៅពីការរៀនក្នុងសៀវភៅសិក្សា ប្អូននៅទាំងគួបផ្សំនឹងការស្វែងយល់បន្ថែមនៅលើប្រព័ន្ធអ៊ីនធឺណិត និងដោះដូរជាមួយមិត្តភ័ក្តិ លោកគ្រូអ្នកគ្រូទៀតផង។ ជាសំខាន់ គឺប្អូនបែងចែកពេលវេលាសមស្របរវាងការសិក្សា ការសម្រាកនិងកម្សាន្តសប្បាយ។ តួយ៉ាងដូចវិញ្ញាសាគណិតវិទ្យា ប្អូនស្តាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀននិងរៀនចាំរូបមន្ត; រួចហាត់ធ្វើលំហាត់ដើម្បីលត់ដំបំណិនផងនិងឱ្យចងចាំបានយូរផង; ទន្ទឹមនឹងនោះ ស្វែងរកប្រធានវិញ្ញាសាប្រឡងតាមអ៊ីនធឺណិតបន្ថែម។ “ចំពោះវិញ្ញាសាអក្សរសាស្រ្ត ជាដំបូងប្អូនត្រូវរៀនពីរចនាសម្ព័ន្ធនៃអត្ថបទ និងរបៀបសរសេរឱ្យបានត្រឹមត្រូវនិងយោងទៅលើអត្ថបទល្អ” ប្អូនកាកតឿង បានបង្ហើបឱ្យដឹងដូច្នេះ។ តាមសម្ដីបងស្រី ហ្វិញហ្វាហឿង ម្តាយរបស់ឡេហ្វិញកាកតឿង តាំងពីមុនមកគ្រួសារតែងខិតខំបង្កឱ្យមានអារម្មណ៍ស្រស់ស្រាយ មិនដាក់សម្ពាធឱ្យកូន។ សម្រេចបានលទ្ធផលនេះ គ្រួសារត្រេកអរនិងរំភើបចិត្តខ្លាំង ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនក្នុងរយៈពេលកន្លង។
ក្នុងអំឡុងពេល ៤ ឆ្នាំសិក្សានៅអនុវិទ្យាល័យ កាកតឿងតែងរៀនពូកែគ្រប់មុខវិជ្ជា។ ពិន្ទុមធ្យមភាគរាល់មុខវិជ្ជាសម្រេចបានជាង៩,៥ពិន្ទុ។ ត្រៀមចូលរៀនកម្រិតវិទ្យាល័យ កាកតឿងកាន់តែខិតខំសិក្សា ដើម្បីសម្រេចនូវក្តីស្រមៃនិងបំណងប្រាថ្នាទៅអនាគត។ កាកតឿង ឱ្យដឹង៖ “ក្តីស្រមៃរបស់ប្អូន ចង់ធ្វើជាវេជ្ជបណ្ឌិត។ ក្នុងអំឡុងពេល៣ឆ្នាំសិក្សានៅកម្រិតវិទ្យាល័យខាងមុខនេះ ប្អូននឹងខិតខំលត់ដំឱ្យបានល្អគ្រប់មុខវិជ្ជា។ ពិសេស គឺវិញ្ញាសាគណិតវិទ្យា គីមីវិទ្យា ជីវវិទ្យា ដើម្បីអនុវត្តនូវទិសដៅរបស់ខ្លួន”៕
ងឹង - វិមាន