មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/07/2024 - 09:22

រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ផ្ដើម​ពី​ដំ​ណាំ​ពុទ្រា

អា​ស្រ័យ​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ពី​បច្ចេក​ទេស​ដាំ​ដុះ​ ទើប​ដំ​ណាំ​ពុទ្រា​របស់​បង​ថាច់​ដូរឹទ្ធ នៅ​ភូមិ​សា​បូវ​ ឃុំ​ទ្វឹង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ ផ្ដល់​ប្រាក់​ចំ​ណូល​លំ​នឹង។​

  បង​ថាច់​ដូរឹទ្ធ កំ​ពុង​ប្រ​មូល​ផល​ពុទ្រា។​   

តាម​ប្រ​សាសន៍​បង​ ថាច់​ដូរឹទ្ធ ពុទ្រាគឺ​ជា​ប្រ​ភេទ​ដំ​ណាំ​ងាយ​ដាំ​សម​ស្រប​ នឹង​ដី​គ្រប់​ប្រ​ភេទ​ ផ្ដល់​ទិន្ន​ផល​ខ្ពស់​និង​មាន​តម្លៃ​លំ​នឹង។​  ពុទ្រា​ដាំ​មួយ​ឆ្នាំ​គឺអាច​ប្រ​មូល​ផល​បាន​ ហើយ​បន្ត​ប្រ​មូល​ផល​អូស​បន្លាយ​រហូត​ទៅ​ជាង​១០ឆ្នាំ។​  បង​ដូរឹទ្ធ ឱ្យ​ដឹង៖ “ខ្ញុំ​ធ្វើ​ស្រែ​នៅ​ក្បែរ​ចម្ការ​ពុទ្រា​របស់​បង​ប្អូន​សាច់​ញាតិ​ ពិនិត្យ​ឃើញ​ពុទ្រា​ងាយ​ដាំ​ ផ្លែ​ច្រើន​ តម្លៃ​លំ​នឹង​និង​នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់​ ទើប​ខ្ញុំ​សាក​សួរ​ពី​របៀប​ដាំ។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​ស្វែង​យល់​អំ​ពី​បច្ចេក​ទេស​ដាំ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត និង​ពឹង​វិស្វករ​ជួយ​ផ្ដល់​ពិគ្រោះ​ពី​របៀប​ថែ​ទាំ​ ម្ល៉ោះ​ហើយ​នៅ​ពេល​ក្ដាប់​បាន​បច្ចេក​ទេស ខ្ញុំ​បាន​សាក​ល្បង​ដាំ​ពុទ្រា​ជាង​៣៥០​ដើម​ លើ​ផ្ទៃ​ដី​៣.០០០​ម៉ែត្រ​កា​រ៉េ។​ ក្រោយ​រយៈ​ពេល​ជាង​៨​ខែ​ ពុទ្រា​អាច​ប្រ​មូល​ផល​បាន​ ផ្ដល់​ទិន្ន​ផល​និង​ចំ​ណេញ​បង្គួរ”។​

មុន​ពេល​ថ្លឹង​លក់​ឱ្យ​ឈ្មួញ​ បង​ថាច់​ដូរឹទ្ធ បាន​លាង​ជម្រះ​ហើយ​រើស​ផ្លែ​ដង្កូវ​ស៊ី​ចេញ។​

តាម​ការ​ឱ្យ​ដឹង​របស់​បង​ដូរឹទ្ធ ដើម​ពុទ្រាមាន​អា​យុ​ពី​៣ ឆ្នាំ​ឡើង​គឺផ្ដល់​ផ្លែ​ច្រើន​ ក្នុង​មួយ​ឆ្នាំ​២​លើក​ (លើក​ទី​១៖ ផ្លែ​ចាប់​ពី​ខែ​ចេត្រ​ដល់​ខែ​ស្រាពណ៍; លើក​ទី​២៖ ចាប់​ពី​ខែ​កត្ដិក​ដល់​ខែ​បុស្ស)។​ ដើម​ពុទ្រា​ដាំ​ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​គឺ ៣​ម៉ែត្រ ហើយ​ក្រោយ​ពី​ប្រ​មូល​ផល​រួច​ ត្រូវ​កាត់​មែក​ដើម្បី​ឱ្យ​លូត​មែក​ថ្មី​ ក្នុង​រដូវ​ប្រាំង​គឺ ២ ថ្ងៃ​ស្រោច​ទឹក​ម្ដង; ក្នុង​រយៈ​ពេល​ចេញ​ផ្កា​និង​ផ្លែ​ ក្រៅ​ពី​ស្រោច​ទឹក​គ្រប់​គ្រាន់​នៅ​ទាំង​បាច់​ជីគី​មី​ ជី​សរីរាង្គ​បន្ថែម​ ដើម្បី​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ដល់​ដើម​និង​ផ្លែ​ទៀត​ផង។​ ពេល​ផ្លែ​ពុទ្រា​មាន​ទំ​ហំ​ប៉ុន​មេ​ដៃ​ ប្រើ​ថ្នាំ​ជីវ​សាស្រ្ត​បាញ់​បង្ការ​ដង្កូវ​និង​ជំ​ងឺ​ផ្សេង​ៗ។​ បង​ដូរឹទ្ធ ឱ្យ​ដឹង​បន្ថែម៖ “ដាំ​ពុទ្រា​ទាម​ទារ​ត្រូវ​មាន​ការ​ថែទាំ​ដិតដល់​ ហើយ​ពេល​កាត់​មែក​គឺ​ដាក់​ជី​កំ​ប៉ុស្ដ ពេល​ដើម​មាន​ផ្លែ​គឺ​ត្រូវ​បាញ់​ថ្នាំ​បំ​ប៉ន​ផ្លែ​ បាច់​ជី NPK ២០-២០-១៥ ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្លែ​មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​; ឧស្សាហ៍​បាញ់​ថ្នាំ​កម្ចាត់​រុយ​ចោះ​ផ្លែ​ ដង្កូវ​ស៊ី​ផ្លែ​ ដង្កូវ​ស៊ី​ញ៉េ ជំ​ងឺ​ផ្សិត​ម្សៅ​ជាដើម​ សម្រាប់​ឱ្យ​ផ្លែ​ពុទ្រា​លូត​លាស់​ល្អ។​ ជា​ពិសេស​ ក្នុង​មួយ​ដើម​អាច​ទុក​ត្រឹម​តែ​៣​មែក ក្នុង​នោះ​ ត្រូវ​មាន​មែក​ឈ្មោល​១​ទើប​ពុទ្រា​ផ្ដល់​ផ្លែ​ច្រើន​; ឧស្សាហ៍​កាត់​មែក និង​ចង​ឈើ​ទ្រ មែក​កុំ​ឱ្យ​ដើម​បាក់​រលំ​ ដើម្បី​ធា​នា​ទិន្ន​ផល”។​

បច្ចុប្បន្ន​ ជា​មធ្យម​ផ្លែ​ពុទ្រា​ដែល​ឈ្មួញ​ចុះ​ទិញ​ដល់​ចម្ការ​មាន​តម្លៃ​ចាប់​ពី​ ១៨.០០០​- ២០.០០០ ដុង​/គីឡូ​ក្រាម​ (តាម​រដូវ​កាល)។​ បង​ដូរឹទ្ធ ប៉ាន់​ស្មាន៖ “គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ ផ្ដើម​ពី​ការ​ដាំ​ពុទ្រា​៣​កុង​ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ពី​ ៦០ - ៨០​លាន​ដុង។​ ដាំ​ពុទ្រា​ពិត​ជា​ទាម​ទារ​ត្រូវ​មាន​ការ​ថែ​ទាំ​ច្រើន​បន្តិច​ក៏​ពិត​មែន​ ប៉ុន្តែ​ជំ​នួស​មក​វិញ​ គឺ​ទទួល​បាន​ទិន្ន​ផល​ តម្លៃ​លំ​នឹង​ រក​បាន​ប្រាក់​ចំ​ណេញ​ច្រើន។​ ខ្ញុំ​ធ្វើ​ស្រែ​ ១៥​កុង​ ក្នុង​មួយ​ឆ្នាំ​ រក​ប្រាក់​ចំ​ណេញ​មិន​ស្មើ​នឹង​ប្រាក់​ចំ​ណេញ​ដាំ​ពុទ្រា​៣​កុង​នោះ​ទេ។​ អា​ស្រ័យ​ដាំ​ពុទ្រា ទើប​គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​ធូរ​ធារ”៕​

                               យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ