សង្កាត់ទី៩ ក្រុងត្រាវិញ ខេត្តត្រាវិញ បានអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចានុម័តិកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ ឆ្នាំ២០២១-២០២៥ ដូច្នេះ ឃើញថា ជីវភាពជនរួមជាតិខ្មែរលើភូមិសាស្ត្រមានការផ្លាស់ប្តូរយ៉ាងច្បាស់។
គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ទី៩ រួមជាមួយក្រុមសប្បុរសជនក្រុងហូជីមិញ ប្រគល់ផ្ទះមហាសាមគ្គីនិងសម្ភារៈប្រើប្រាស់មួយចំនួនដល់គ្រួសារអ្នកមីងថាច់ធីសែវ។
ប៉ុន្មានឆ្នាំកន្លង សកម្មភាពនៃការគិតគូរជីវភាពតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ក្នុងសង្កាត់ ផ្តោតការយកចិត្តដាក់អនុវត្តភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច- សង្គមនៅភូមិភាគ។ ការងារឃោសនា ផ្សព្វផ្សាយពីរបបនិងគោលនយោបាយនានា ត្រូវបានផ្សព្វផ្សាយស៊ីជម្រៅទូលំទូលាយដល់ប្រជាជន។ ឆ្លងតាមរយៈនោះ ជួយឱ្យប្រជាជនបានទទួលនូវរបបអាទិភាពរបស់បក្សនិងរដ្ឋទាន់ពេល។ ការងារគិតគូរត្រូវបានបង្ហាញដោយរូបភាពយ៉ាងសម្បូរបែប ជាក់ស្តែងមានដូច៖ ឧបត្ថម្ភជួសជុលនិងសាងសង់ផ្ទះមេត្តាធម៌និងផ្ទះមហាសាមគ្គីជាច្រើនខ្នង ជូនប្រជាជនដែលមានស្ថានភាពលំបាក។ សង្កាត់ទី៩នៅទាំងខ្នះខ្នែងចលនាសប្បុរសជននៅក្នុងនិងក្រៅខេត្ត ទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារដែលមានជីវភាពខ្វះខាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងបុណ្យទានផ្សេងៗ ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ សង្កាត់ទី៩ ឧបត្ថម្ភជួសជុលផ្ទះបដិការគុណបាន១ខ្នង គិតជាទឹកប្រាក់២៥លានដុង សាងសង់ផ្ទះមហាសាមគ្គី១៧ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារដែលមានស្ថានភាពលំបាក គិតជាទឹកប្រាក់ជាង១,២ពាន់លានដុង។ ចលនាសប្បុរសជនជូនអំណោយ១.៥៧០ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារមានជីវភាពខ្វះខាតលើភូមិសាស្ត្រសង្កាត់ សរុបជាទឹកប្រាក់៥៥៥លានដុង។ គណៈកម្មាធិការប្រជាជនសង្កាត់ទី៩ នៅទាំងសហការជាមួយក្រុមសប្បុរសជនក្រុងហូជីមិញ មន្ទីរពេទ្យក្រុងទៅឌឹក ពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងជូនអំណោយ៣០០ ចំណែកដល់ប្រជាជន និងអាហារូបករណ៍៥០ ចំណែកដល់សិស្សានុសិស្សសរុបជាទឹកប្រាក់ ៣០០លានដុង។
អ្នកមីងថាច់ធីសែវ នៅអនុសង្កាត់ទី៣ ឱ្យដឹង៖ “គ្រួសារខ្ញុំតែងបានរដ្ឋអំណាចយកចិត្តទុកដាក់ មកសួរសុខទុក្ខនិងជូនអំណោយក្នុងថ្ងៃបុណ្យទាន។ គ្រួសារខ្ញុំជួបការលំបាកខាងលំនៅឋាន កន្លងហើយ បានសង្កាត់ចលនាសប្បុរសជនឧបត្ថម្ភប្រាក់៧៥លានដុង ដើម្បីសាងសង់ផ្ទះមហាសាមគ្គី។ ផ្ទះថ្មីទើបនឹងសាងសង់រួច ខ្ញុំសប្បាយរីករាយខ្លាំងណាស់”។
លោកយឿងវ៉ាន់ហ៊ុង លេខាគណៈកម្មាធិការបក្សសង្កាត់ទី៩ ឱ្យដឹង៖ “សង្កាត់នឹងបន្តការអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងនានា ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចឱ្យកាន់តែមានភាពល្អប្រសើរជាងទៀតនៅពេលខាងមុខ”៕
សើុងម៉ាល័យ-មុនី