មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/04/2024 - 16:21

ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ

ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សាល​វន្ត (តា​អោក) នៅ​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ តែង​បាន​ពុទ្ធ​បរិ​ស័ទ​ដឹង​ស្គាល់​ច្រើន ដោយ​សារ​ការ​ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​និង​សង្គម។ ព្រះ​អង្គ​បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ប្រ​ទាន​ប័ណ្ណ​សរ​សើរ ដោយ​មាន​ស្នា​ដៃ “រួម​វិ​ភាគ​ទាន​យ៉ាង​ច្រើន​ក្នុង​ការ​ងារ​សុខុ​មាល​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាង​សង្គម​និយម​និង​ការ​ពារ​មាតុ​ភូមិ”។

   ព្រះ​តេជ​ព្រះ​គុណ​ថាច់​ឡែ រួម​ជា​មួយ​នឹង​ព្រះ​សង្ឃ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រីក្រ។

រយៈ​ពេល​កន្លង ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ បាន​ចលនា​ពុទ្ធ​បរិស័ទ សប្បុ​រស​ជន​ទាំង​ក្នុង​និង​ក្រៅ​ចំ​ណុះ​ជើង​វត្ត ជំ​នួយ​កសាង​ផ្លូវ​ជនប​ទ​បាន ៦ ខ្សែ​និង​ស្ពាន​ជន​បទ​បាន​៣ ខ្សែ នៅ​ភូមិសម​លើង និង​ភូមិ​ត្បូង​នាយ ដោយ​មាន​ប្រ​វែង​សរុប​ជិត ៣ គីឡូ​ម៉ែត្រ គិត​ជា​ទឹក​ប្រាក់​ជិត ១ ពាន់​លាន​ដុង។ ក្រៅ​ពី​នោះ ព្រះ​អង្គ​នៅ​ទាំង​ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​លំ​បាក ឧបត្ថម្ភ​ពុទ្ធ​បរិស័ទ​ដែល​មាន​វ័យ​ចាស់​គ្មាន​ទី​ពឹង មាន​ជំងឺ​តម្កាត់ ជំ​នួយ​ឈើ​មនុស្ស​ធម៌ និង​ឧបត្ថម្ភ​ដាំ​ស្ល​ហូប​ចុក​ក្នុង​ការ​កសាង​ស្ពាន ផ្លូវ​បេ​តុង។ល។ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៥០០ លាន​ដុង។

ដើម​ឆ្នាំ ២០២៤ ព្រះ​អង្គ​បាន​ចលនា​សប្បុ​រស​ជន​គ្រប់​ទិស​ទី​អនុ​វត្ត​ការ​ងារ​សប្បុ​រស​ធម៌ គិត​ជា​ទឹក​បា្រក់​ជាង ៣០០ លាន​ដុង។ ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ មាន​ថេរ​ដី​កា៖ “ក្នុង​ជីវ​ភាព​នា​បច្ចុប្បន្ន នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ត្រូវ​ការ​ជួយ​ពី​សង្គម។ ទន្ទឹម​នឹង​នោះ សម្រាប់​ស្រុក​ចូវ​ដៀង ក៏​ត្រូវ​ការ​រួម​កម្លាំង​របស់​ប្រ​ជា​ជន ដើម្បី​កសាង​ជន​បទ​ថ្មី​ឱ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ជាង​ទៀតដែរ។ អា​ស្រ័យ​ហេតុ​នោះ អាត្មា​ភាព​ជួយ​បាន​អ្វី​គឺ​ជួយ ធ្វើ​បាន​អ្វី​គឺ​ធ្វើ។ បច្ចុប្បន្ន អា​ត្មា​បាន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សកម្ម​ចលនា​មា​មីង​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ”។

ជាង ១៧ វស្សា​ទទួល​បន្ទុក​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ព្រះ​តេជ​ព្រះគុណ​ថាច់​ឡែ បាន​រួម​ជា​មួយ​នឹង​ព្រះ​សង្ឃ​គណៈ​កម្ម​ការ​វត្តចលនា​ពុទ្ធ​បរិស័ទ​កសាង​បាន​សំ​ណង់​ជា​ច្រើន​ក្នុង​វត្ត ដូច​ជា៖ សមណ​កុដិ របង បង្គោល​ទង់ សា​លា​ទាន។ល។ សំ​ណង់​ដែល​កសាង​ថ្មី​ភាគ​ច្រើន គឺ​ព្រះ​អង្គ​សូន និង​ឆ្លាក់​ក្បូរ​ក្បាច់​ដោយ​ផ្ទាល់ ធ្វើ​ឱ្យ​សំ​ណង់​ស្ថា​បត្យ​កម្ម​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ដោយ​វិចិត្រ​សិល្បៈ។ មាន​សំ​ណង់​ខ្លះ​គឺ​ព្រះ​អង្គ​និង​ព្រះ​សង្ឃ​ក្នុង​វត្ត​រ៉ាប់​រង អា​ស្រ័យ​ហេតុ​នោះ ជួយ​ប្រិត​សំ​ចៃ​ថវិកា​ដល់​វត្ត។ ផ្តើម​ពី​នោះ ក្នុង​បរិវេណ​វត្ត​មាន​សំ​ណង់​ជា​ច្រើន​ត្រូវ​បាន​កសាង​ឡើង​យ៉ាង​មាន​សោ​ភណ​ភាព។

លោក ឃឺវ​ជី​កឿង លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ចូវ​ដៀង ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ ថាច់​ឡែ ជា​គំរូ​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម។ ព្រះ​អង្គ​បាន​រួម​វិភាគ​ទាន​ទឹក​ប្រាក់ រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​កសាង​សំណង់​សុខុ​មាល​ភាព​សង្គម។ ផ្តើម​ពី​នោះ ជួយ​ឱ្យ​ការ​បដិ​បត្តិ​ជំ​នឿ​សាសនា ការ​គោ​រព​គោល​ការណ៍ គោល​មាគ៌ារបស់​បក្ស គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”៕

                                 សើុង​ម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ