មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/04/2024 - 17:00

បុរស​ចូល​ចិត្ត​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​

ចាប់​តាំង​ពី​ “មាន​និស្ស័យ​” នឹង​ការ​ងារ​សប្បុរស​ធម៌​ បង​ហ្វិញ​ថាញ​សាង​ នៅ​ភូមិ​សា​ឡាង ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ បាន​ភ្ជាប់​បេះ​ដូង​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​តំ​បន់​ជន​បទ។​

ហ្វិញ​ថាញ​សាង ​(ខាង​ស្ដាំ) ជូន​អំ​ណោយ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូម៉ី។​

កាល​កំ​ពុង​សិក្សា​មហា​វិទ្យា​ល័យ​ផ្នែក​នយោ​បាយ​វិទ្យា​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ បង​ថាញ​សាង​ បាន​ភ្ជាប់​ទំ​នាក់​ទំ​នង​នឹង​មិត្ត​ភ័ក្តិ​ដើម្បី​ជួយ​ដល់​អ្នក​មាន​ជីវ​ភាព​លំ​បាក។​ ឆ្នាំ​២០១៨ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ ថាញ​សាង​ បើក​ធ្វើ​អា​ជីវ​កម្ម​នៅ​នឹង​ផ្ទះ​និង​បន្ត​ទំ​នាក់​ទំ​នង​នឹង​មិត្ត​ភ័ក្តិ​ សប្បុ​រស​ជន​ ដើម្បី​ជួយ​មនុស្ស​ចាស់​គ្មាន​ទីពឹង​សិស្ស​ មាន​ស្ថាន​ភាព​លំ​បាក។​ បង​សាង​ ឱ្យ​ដឹង៖ “កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​ក៏​លំ​បាក​ណាស់​ដែរ​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សប្បុ​រស​ជន​ គឺមាន​អា​រម្មណ៍​សប្បាយ​រីក​រាយ ហើយ​ដឹង​គុណ​ខ្លាំង​ណាស់​។​ ផ្ដើម​ពី​នោះ​ ខ្ញុំ​គិត​ក្នុង​ចិត្ត​ពេល​មាន​ឱកាស​នឹង​ឧបត្ថម្ភ​ដល់​អ្នក​មាន​ស្ថាន​ភាព​លំ​បាក​ដូច​គ្នា​អ៊ី​ចឹង​។​ បច្ចុប្បន្ន​ ដោយ​មើល​ឃើញ​ពី​ស្ថាន​ភាព​លំ​បាក​ជាច្រើន​ ម៉្លោះ​ហើយ​ ខ្ញុំ​ចលនា​កៀរ​គរ​សប្បុរស​ជន​បាន​ប៉ុន្មាន​ខ្ញុំ​ជួយ​ប៉ុណ្ណឹង​ ដើម្បី​ពួក​គាត់​ឆ្លង​ផុត​ពី​ភាព​លំ​បាក”។​

ហ្វិញ​ថាញ​សាង​ (អាវ​ខ្មៅ​) កាត់​ខ្សែ​បូ សម្ពោធ​ស្ពាន​ អា​យី​ដាផឹក ៣។​

សង្កេត​ឃើញ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ដាច់​ស្រ​យាល​ នៅ​មាន​ស្ពាន​ស្នួរ​ពិបាក​ធ្វើ​ដំ​ណើរ​ទៅ​មក​ ម៉្លោះ​ហើយ​ ថាញ​សាង​ ចលនា​សប្បុ​រស​ជន​កសាង។​ ស្ពាន​អា​យី​ដា​ផឹក ១ នៅ​ភូមិ​ព្រែក​ពិន្ទង ឃុំ​ភូម៉ី បាន​សម្រេច​រួច​រាល់​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ជន​រួម​ជាតិ​ខ្មែរ។​ ផ្ដើម​ពី​នោះ​ ថាញ​សាង​ កាន់​តែ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​បន្ត​ចលនា​សប្បុរស​ជន​កសាង​ស្ពាន​ជា​បន្ត​បន្ទាប់។​ ថ្មី​ៗ​នេះ​ ស្ពាន​អា​យីដា​ផឹក ៣ ទើប​នឹង​សម្ពោធ​នៅ​ភូមិ​ស្រុក​ស្វាយ​ ឃុំ​ភូម៉ី បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​មាមីង​ខ្មែរ​នៅ​ទីនេះ​។​ ស្ពាន​បេ​តុង​នីមួយ​ៗ​គិត​ជា​តម្លៃ​ពី​១២០​-១៥០ លាន​ដុង។​ លោក​ សើុង​ហ្វាង​ផេន នៅ​ភូមិ​ស្រុក​ស្វាយ​ ឱ្យ​ដឹង៖ “មាន​សប្បុរស​ជន ឧបត្ថម្ភ​កសាង​ស្ពាន​បេ​តុង​ មា​មីង​ខ្មែរ​នៅ​ទីនេះ​ ត្រេក​អរ​ណាស់​ ដូច្នេះ​អ្នក​រាល់​គ្នា​ចូល​រួម​កម្លាំង​កសាង​សម្រេច​រួច​រាល់​ក្នុង​រយៈ​ពេល​ ២០ ថ្ងៃ។​ ស្ពាន​បេ​តុង​មាន​ប្រ​វែង​ ១៥ ម៉ែត្រ ទទឹង ២,៥ ម៉ែត្រ ក្មួយ​ៗ​ទៅ​រៀន​បាន​ងាយ​ស្រួល​ជិះ​ម៉ូតូ​ មិន​ខ្លាច​ធ្លាក់​ព្រែក។​ ពី​មុន​ ស្ពាន​ក្រាល​ដាន​ ដូច្នេះ​ពេល​ភ្លៀង​ស្ពាន​រអិល​ ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជិះ​កង់​ ទាំង​មនុស្ស​ធំ​ជិះ​ម៉ូតូ​ធ្លាក់​ព្រែក​ជា​រឿយ​ៗ។​

មក​ទល់​បច្ចុប្បន្ន​ តាម​រយៈ​ទំ​ព័រ​ facebook, Zalo ផ្ទាល់​ខ្លួន​ បង​ហ្វិញ​ថាញ​សាង​ ចលនា​កសាង​ស្ពាន​បេ​តុង​ជន​បទ​ចំ​នួន​៥; ជួស​ជុល​កសាង​ផ្ទះ​ជា​ច្រើន​ជូន​គ្រួ​សារ​ក្រី​ក្រ; ឧបត្ថម្ភ​ថវិកា​បុណ្យ​សព​ជាង​ ៤០ នាក់; ផ្តល់​ជូន​អា​ហា​រូប​ករណ៍ កង់​ដល់​សិស្ស​ក្រី​ក្រ ជូន​អំ​ណោយ​រាប់​រយ​ដល់​គ្រួ​សារ​ក្រី​ក្រ មាន​ស្ថាន​ភាព​លំ​បាក។ល។​ សរុប​ថវិកា​ជាង​ ១ ពាន់​លាន​ដុង។​ ថាញ​សាង​ ឱ្យ​ដឹង​ “តាម​រយៈ​ facebook, Zalo ផ្ទាល់​ខ្លួន​ ដែល​ខ្ញុំ​បង្ហោះ​រូប​ភាព​ ចលនា​មិត្ត​ភ័ក្តិ​ សប្បុរស​ជន​ រួម​ចំ​ណែក​ក្នុង​ការ​កសាង​និង​ថវិកា​បាន​មក​គឺប្រ​កាស​ជា​ចំ​ហ​ច្បាស់​លាស់​ ដូច្នេះ​ទទួល​បាន​ការ​ទំ​នុក​ចិត្ត។​ បច្ចុប្បន្ន​ ពេល​ធ្វើ​ការ​ងារ​សប្បុរស​ជួយ​មាមីង​ជួប​លំ​បាក​ កសាង​ស្ពាន​ជន​បទ​ ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ មាន​សេចក្ដី​សុខ​និង​មាន​ទំ​នុក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​ងារ​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត”។​

ថាញ​សាង​ មាន​កិត្តិ​យស​ទទួល​បាន​លិខិត​សរ​សើរ​របស់​ស្រុក​ និង​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជា​ច្រើន​ ដោយ​ជា​គំរូ​ឆ្នើម​ក្នុង​ការ​ងារ​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត៕​

                              យ៉ី​អាញ់-ទីទុយ​

ចែករំលែកអត្ថបទ