មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/01/2024 - 16:02

ឆន្ទៈ​របស់​ឌឿង​ធី​ត្វៀក​ត្រិន

ដោយ​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត ប្អូន​ស្រីឌឿង​ធី​ត្វៀក​ត្រិន សិស្ស​ថ្នាក់​ទី ១១D នៃ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ខេត្ត​សុក​ត្រាំង បាន​ជម្នះ​លើ​ស្ថាន​ភាព​លំ​បាក បន្ត​ដំ​ណើរ​សិក្សា​របស់​ខ្លួន​ ដើម្បី​សម្រេច​នូវ​ក្តី​សុបិន​ចង់​មាន​អនា​គត​ល្អ។

ឌឿង​ធីត្វៀក​ត្រិន ឧស្សាហ៍​ចូល​បណ្ណា​ល័យ ស្វែង​រក​សៀវ​ភៅ​អក្សរ​សិល្ប៍​ល្អៗ​មក​អាន​។

តាម​សំ​ដី ត្វៀក​ត្រិន ដោយ​ជីវ​ភាព​គ្រួ​សារ​លំ​បាក កាល​ប្អូន​នៅ​តូច​ឪ​ពុក​ម្តាយ​បាន​ទៅ​ធ្វើ​កម្ម​ករ​នៅ​ខេត្ត​ប៊ិញ​យឿង ទុក​ប្អូន​ឱ្យនៅ​ជា​មួយ​នឹង​យាយ​តា។ រៀង​រាល់​ខែ ឪ​ពុក​ម្តាយ​គ្រាន់​តែ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ ត្វៀក​ត្រិន ដឹង​ពី​ស្ថាន​ភាព​គ្រួសារ​លំ​បាក​ដូច្នោះ ក៏​បាន​តាំង​ចិត្ត​រៀន​សូត្រ​ឱ្យ​បាន​ល្អ។ ក្នុង​អំ​ឡុង​ពេល​សិក្សា​នៅ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​កេ​សាច់ ត្វៀក​ត្រិន ជា​សិស្ស​ពូកែ​របស់​សា​លា។ ឆ្នាំ​ ២០២១ នៅ​ពេល​ដែល​ឪ​ពុក​របស់​ប្អូន​ទទួល​មរណ​ភាព​ដោយ​សារ​ជំងឺ​ COVID-១៩ ជីវ​ភាព​​គ្រួសារ​កាន់​តែ​ដុន​ដាប់ គ្រួ​សារ​ចង់​ឱ្យ​ប្អូន​ឈប់​រៀន។ ប៉ុន្តែ​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សិក្សា ត្វៀក​ត្រិន បាន​បញ្ចុះ​បញ្ចូល​គ្រួ​សារ​ដើម្បី​ឱ្យ​ប្អូន​បាន​បន្ត​ការ​សិក្សារ។ ត្វៀក​ត្រិន សំ​ណេះ​សំ​ណាល៖ “ម្តាយ​ម្នាក់​ឯង​រែក​ពុន​រាល់​ការ​ចំ​ណាយ​ក្នុង​គ្រួសារ​ពិត​ជា​លំ​បាក​ខ្លាំង​ណាស់​ ប៉ុន្តែ​ប្រ​សិន​បើ​ប្អូន​បោះ​បង់​ការ​សិក្សា អនា​គតប្អូន​នឹង​វេទ​នា​ដូច​ម្តាយ​ដែរ។ ហេតុ​នេះ ប្អូន​ក៏​បាន​សូម​ម្តាយ​ផ្តល់​ឱកាស​ឱ្យ​ប្អូន​ប្រ​ឡង​ចូល​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ប្រ​សិន​បើ​ប្អូន​ប្រ​ឡង​ជាប់​ប្អូន​នឹង​បន្ត​ការ​សិក្សា ប្រ​សិន​បើ​ប​រា​ជ័យ​ប្អូន​នឹង​ទៅ​ធ្វើ​កម្មករ​ជា​មួយ​ម្តាយ ជួយ​គិត​គូរ​គ្រួ​សារ។ ព្រោះ​នេះ​ជា​សា​លា​រដ្ឋ​ចំ​ណាយ​ទាំង​អស់​លើ​ការ​សិក្សា ហើយ​បើ​រៀន​ពូកែ​ថែម​ទាំង​បាន​ទទួល​អា​ហា​រូប​ករណ៍​ទៀត​​ផង“។ ចាប់​ពី​ពេល​នោះ ត្វៀក​ត្រិន បាន​តាំង​ចិត្ត​សិក្សា​រៀន​សូត្រ ក្រៅ​ពី​ម៉ោង​រៀន​នៅ​ក្នុង​សា​លា​ ប្អូន​តែង​ចូល​បណ្ណា​ល័យ​អាន​សៀវ​ភៅ និង​ធ្វើ​លំ​ហាត់​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត ទី​បំ​ផុត​ប្អូន​ក៏​បាន​ប្រ​ឡង​ជាប់​ចូល​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង ដូច​បំ​ណង។

ឆ្នាំ​សិក្សា ២០២២-២០២៣ ត្វៀក​ត្រិន ជាប់​និទ្ទេស​គ្រាន់​បើ​របស់សា​លា ទទួល​បាន​អា​ហា​រូប​ករណ៍​តម្លៃ៥០​លាន​ដុង និង​ផ្ទះ​មួយ​ខ្នង អា​ស្រ័យ​ដោយ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ឧបត្ថម្ភ។ ប្អូន​ត្វៀក​ត្រិន បាន​ឱ្យ​ដឹង៖ “អា​ហា​រូប​ករណ៍​គឺ​ជា​ការ​លើក​ទឹក​ចិត្ត ជំ​រុញ​ស្មារតី​ដ៏​ធំ​សម្រាប់​ប្អូន​បន្ត​ការ​សិក្សា។ បាន​រៀន​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​គឺ​សុភ​មង្គល​ធំ​បំ​ផុត ព្រោះ​ថា​ជា​និច្ច​កាល​តែង​មាន​លោក​គ្រូ អ្នក​គ្រូ​យក​ចិត្ត​ទុក​ដាក់ ថែម​ទាំង​បាន​រដ្ឋ​គិត​គូរ​រាល់​ការ​ចំ​ណាយ​ទាំង​អស់។ ចំ​ពោះ​មុខ ប្អូន​នឹង​ខិត​ខំ​សិក្សា​ឱ្យ​បាន​ល្អ ​ដើម្បី​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ និង​ចូល​រៀន​គរុកោ​សល្យ​កីឡា ព្រោះ​ថា​រៀន​ផ្នែក​គរុ​កោ​សល្យ​មិន​ចាំ​បាច់​បង់​ថ្លៃ​សិក្សា កាត់​បន្ថយ​បន្ទុក​ឱ្យ​ម្តាយ​ផង“។ ដោយ​មាន​បំ​ណង​ចង់​រួច​ផុត​ពី​ភាព​ក្រីក្រ​តាម​រយៈ​ការ​សិក្សា ម៉្លោះ​ហើយ​នៅ​ក្នុង​ថ្នាក់​រៀន ត្វៀក​ត្រិន តែង​ត្រង​ត្រាប់​ស្តាប់​លោក​គ្រូ អ្នក​គ្រូ​ពន្យល់​មេ​រៀន សរ​សេរ​មេ​រៀន គ្រោង​មេ​រៀន និង​ធ្វើ​លំ​ហាត់​ពេញ​លេញ។ រីឯ​ម៉ោង​រៀន​ដោយ​ខ្លួន​ឯង ប្អូន​រួម​ធ្វើ​លំ​ហាត់​ពិបាក​ជា​មួយ​មិត្ត​ភ័ក្ដិ ពេល​ត្រ​ឡប់​មក​បន្ទប់​វិញ​គឺ​រក​អត្ថ​បទ​ល្អៗ​មក​អាន ទើប​ប្អូន​មាន​ចំ​ណេះ​ដឹង​ច្រើន​ជំ​នួយ​ដល់​សិក្សា​របស់​ប្អូន​បាន​ល្អ។

មិន​ត្រឹម​តែ​រៀន​ពូកែ​នោះ​ទេ ត្វៀក​ត្រិន ថែម​ទាំង​ជា​កូន​ឆ្លាត ជួយ​ម្តាយ​រែក​ពុន​ក្នុង​គ្រួសារ។ រៀង​រាល់​ឆ្នាំ ឱ្យ​តែ​រដូវ​វិស្សម​កាល​គឺ​ប្អូន​ឡើង​ទៅ​ប៊ិញ​យឿង រស់​នៅ​ជា​មួយ​ម្តាយ ដើម្បី​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ភោជ​នីយដ្ឋាន ឬ​ហាង​កា​ហ្វេ ដើម្បី​រក​ប្រាក់​ជួយ​គ្រួ​សារ។ ថ្វី​ដ្បិត​តែ​ដូច្នោះ ប្អូន​នៅ​តែ​រក្សា​លទ្ធ​ផល​សិក្សា​បាន​ល្អ​ជា​និច្ច។ លោក​គ្រូគឹម​វ៉ាន់​ង៉យ នា​យក​រង​នៃ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក ​ហ្វិញ​កឿង មាន​ប្រ​សាសន៍៖ “ប្អូន​ឌឿង​ធីត្វៀក​ត្រិន ជា​សិស្ស​ឆ្លាត​ មាន​សមិទ្ធ​ផល​សិក្សា​ល្អ និង​សកម្ម​ចូល​រួម​ចលនា​សិល្បៈ និង​កីឡា​របស់​សា​លា។ ឆ្នាំ ២០២៣ ប្អូន​ម្នាក់​ឯង​ទទួល​បាន​មេ​ដាយ​មាស​ចំនួន ​២ ​គ្រឿង ក្នុង​ការ​ប្រ​ឡង​រត់​ស៊ូ​ទ្រាំ និង​លោត​ចម្ងាយ​ ហើយ​បច្ចុប្បន្ន​ប្អូន​នៅ​ក្នុង​ក្រុម​ជម្រើស​របស់​សា​លា។ ដោយ​ឆន្ទៈ ​ថាម​ពល និង​ការ​តាំង​ចិត្ត​ជម្នះ​ស្ថាន​ភាព​លំ​បាក ខ្ញុំ​ជឿ​ជាក់​ថា ប្អូន​អាច​សម្រេច​បាន​នូវ​ក្តី​សុបិន​របស់​ខ្លួន​គឺ​ធ្វើ​ជា​គ្រូ​បង្រៀន​វិញ្ញា​សាកីឡា ដើម្បី​មាន​អនា​គត​ល្អ”៕ 

         យ្វីអាញ់

ចែករំលែកអត្ថបទ