បង្គោលទង់ជាតិលុងគូ គឺជាកន្លែងមួយមិនអាចរំលងសម្រាប់ជើងទេសចរណ៍មកកាន់ទឹកដីខេត្តហាយ៉ាង។ ព្រោះទីនេះ បង្ហាញពីអធិបតេយ្យជាតិ មោទនភាពជាតិ និងមានទេសភាពដ៏ស្រស់ស្អាត...។
តំបន់ខាងក្រោមជើងភ្នំនាគ។
បង្គោលទង់ជាតិលុងគូ ស្ថិតលើកំពូលភ្នំឡុងសើុង (ភ្នំនាគ) ចំណុះឃុំលុងគូ ស្រុកដុងវ៉ាន់ ខេត្តហាយ៉ាង។ ពីបង្គោលទង់ក្រឡេកចុះក្រោម ភ្ញៀវទេសចរអាចនឹងឃើញ ស្រះទឹកពីរនៅសងខាងភ្នំ ហើយស្រះទាំងពីរនេះមិនដែលរីងស្ងួតឡើយ។ ប្រជាជននៅទីនេះនិយមហៅថា ភ្នែកនាគ គឺជាប្រភពទឹកសម្រាប់ជនជាតិនៅភូមិទាំងពីរប្រើប្រាស់។ បង្គោលទង់ជាតិលុងគូ ស្ថិតលើកំពូលភ្នំមានកម្ពស់ប្រមាណ១.៤៧០ម៉ែត្រ បើប្រៀបនឹងផ្ទៃទឹកសមុទ្រ។ ទីតាំងនេះចម្ងាយពីអក្ខោសានខាងជើងវៀតណាមប្រមាណ៣,៣គីឡូម៉ែត្រតាមផ្លូវលំហអាកាស និងចម្ងាយពីស្រុកដុងវ៉ាន់២៤គីឡូម៉ែត្រ និងពីទីក្រុងហាយ៉ាង១៤៥គីឡូម៉ែត្រ។ បង្គោលទង់ជាតិលុងគូ បច្ចុប្បន្ន ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១០ បន្ទាប់ពីធ្វើការជួសជុល និងកែលម្អជាច្រើនលើក។
ពីបង្គោលទង់ជាតិក្រឡេកចុះក្រោម។
ពេលមកដល់ហាយ៉ាង ភ្ញៀវទេសចរគ្រប់គ្នាតែងតែចង់ទៅដល់បង្គោលទង់លុងគូ មិនត្រឹមតែមានល្អាងភ្នំស្រស់ស្អាត ពេលសម្លឹងពីកំពូលភ្នំនាគចុះនោះទេ គឺដោយសារមានអត្ថន័យខាងប្រវត្តិសាស្រ្តដ៏មហស្ចារ្យទៀតផង។ នាយកឧត្តមសេនីយ៍ដ៏ចំណាន លីទឿងគៀក បានបញ្ជាឱ្យកងទ័ពចង់ទង់ជាតិដំបូងបង្អស់នៅលើកំពូលភ្នំនាគ ដើម្បីអំណះអំណាងអធិបតេយ្យទឹកដី។ ចាប់ពីពេលនោះរហូតមកដល់មុនឆ្នាំ២០១០ បង្គោលទង់ជាតិត្រូវបានបន្តជួសជុលនិងសាងសង់ឡើងវិញជាច្រើនលើក ដោយមានទំហំនិងទ្រង់ទ្រាយធំជាងមុនទៅតាមពេលវេលា។ លុះដល់ឆ្នាំ២០១០ បង្គោលទង់ជាតិត្រូវបានសាងសង់ថ្មីមានកម្ពស់ ៣៣,១៥ម៉ែត្រ ក្នុងនោះ ជើងក្រោមមានកម្ពស់ ២០,២៥ម៉ែត្រ និងបន្ទាត់កាត់ផ្ចិតបង្គោលទំហំ ៣,៨ម៉ែត្រ។ មានសណ្ឋានអដ្ឋកោណស្រដៀងនឹងបង្គោលទង់ជាតិហាណូយ។ ជើងទម្រនៃបង្គោលទង់មានរូបចម្លាក់ទាំង៨ទិសរចនាពីថ្ម ម៉ាបពណ៌បៃតង តាមលំនាំរចនាបថមាត់ស្គរ សំរិទ្ធដុងសើុង និងអមដោយក្បាច់ចម្លាក់ដែលពណ៌នាពីដំណាក់កាលប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ក៏ដូចជាមនុស្ស និងទំនៀមទម្លាប់របស់បណ្តាជនជាតិនៅហាយ៉ាង។ បង្គោលទង់មានកាំជណ្តើរឡើងទៅដល់កំពូល។ នៅកំពូលមានចងទង់ជាតិវៀតណាម ដងទង់មានកម្ពស់១២,៩ម៉ែត្រ និងផ្ទៃទង់ជាតិទំហំ៥៤ម៉ែត្រការ៉េ។ ផ្លូវឡើងកាន់កំពូលភ្នំដែលមានបង្គោលទង់ បានកសាងឡើងវិញដោយមានជណ្ដើរថ្មចំនួន៨៣៩កាំ និងបានកសាងផ្លូវថ្មីមួយមានជណ្ដើរថ្មចំនួន៨៣៩កាំ សម្រាប់ដើរចុះផងដែរ។ នៅជើងបង្គោលទង់មានផ្ទះដាក់តាំងវត្ថុអនុស្សាវរីយ៍ដែលបង្ហាញពីឧបករណ៍ពលកម្ម សម្លៀកបំពាក់ និងផលិតផលវប្បធម៌នៃបណ្ដាជនជាតិនៅហាយ៉ាង។
អ្នកទេសចរមកទីនេះ បានគយគន់សម្រស់ធម្មជាតិព្រៃភ្នំក្រមថ្មល្គងលើគ្នា ចន្លោះនឹងវាលស្រែកាំជណ្តើរដូចជារូបគំនូរដ៏អស្ចារ្យដែលធម្មជាតិប្រទានឱ្យហាយ៉ាង-អក្ខោសានខាងជើង តំបន់ព្រំដែននៃប្រទេសវៀតណាម។ ឈានជើងមកកាន់ទីនេះ ឃើញថាការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនត្រឹមតែជាដំណើរទេសចរណ៍ធម្មតាទៀត វាជាការឆ្លងកាត់បទពិសោធន៍មួយដ៏អស្ចារ្យ ដើម្បីបង្កើននូវចំណេះដឹងនិងទឹកចិត្តស្រឡាញ់ទឹកដីមាតុភូមិរបស់ខ្លួន៕
ហាយ៉ាង-ត្រឹងរ៉ូន