ដោយមានចំណង់ចំណូលចិត្តលើកីឡាទូក-ង ទើបប្ដីប្រពន្ធបងឡឹមសែម និងបងស្រីត្រឹងធីមី នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានវិនិយោគរាប់រយលានដុង ដើម្បីបោះទូក-ងឱ្យក្រុមកីឡាទូក-ងវត្តទំនប់។ ទន្ទឹមនឹងនោះ គាត់និងភរិយាក៏បានគិតគូររាល់ការចំណាយសម្រាប់ក្រុមកីឡាករ-ការិនីទូក-ង របស់វត្តហាត់សមនិងប្រណាំងផងដែរ។
លោកឡឹមសែម (ឈរកណ្ដាល) រួមជាមួយនឹងក្រុមកីឡាករទូក-ងទំនប់២។
ឆ្នាំ២០២០ ប្ដីប្រពន្ធបងឡឹមសែម បានវិនិយោគជាង ៤០០ លានដុងដើម្បីបោះទូក-ងថ្មីប្រគេនវត្តទំនប់។ នោះក៏ជាឆ្នាំដំបូងបង្អស់ដែលក្រុមកីឡាករទូក-ងវត្តទំនប់ទទួលបានជ័យលាភីលេខ១។ ទន្ទឹមនឹងនោះ ក្រុមកីឡាការិនីទូក-ងវត្តទំនប់ ដែលបងស្រីត្រឹងធីមី ជាអ្នកបង្វឹកក៏ទទួលបានជ័យលាភីលេខ១ផងដែរ នោះគឺក្ដីរីករាយនិងកិត្តិយសដ៏ធំសម្រាប់វត្តទំនប់។ ព្រះតេជព្រះគុណ ឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ មានថេរដីកា៖ “ក្រុមកីឡាករ-ការិនីទូក-ង ទទួលបានស្នាដៃខ្ពស់ដោយអាស្រ័យប្ដីប្រពន្ធលោកសែមជំហរវិនិយោគ។ រាល់ការហូបចុក ហាត់សមនិងប្រកួតរបស់កីឡាករទាំងពីរក្រុម គឺប្ដីប្រពន្ធគាត់គិតគូរទាំងស្រុង។ ក្នុងក្រុមកីឡាករទូក-ងនីមួយៗមាន សមាជិកជាង ១០០ នាក់ បើគិតពីការចំណាយទាំងអស់គឺធ្ងន់ណាស់ ប៉ុន្តែប្ដីប្រពន្ធគាត់រ៉ាប់រងទាំងអស់ ម្ល៉ោះហើយចំពោះសន្ដានចិត្តនេះគួរឱ្យកោតសរសើរ”។ ដើម្បីកីឡាករ-ការិនីទូក-ងនឹងនរចិត្តហ្វឹកហាត់ ប្រកួត ប្ដីប្រពន្ធបងសែម និងបងស្រីមី នៅទាំងទិញអង្ករចំនួន ៤,៥ តោន ជំនួយដល់សមាជិកម្នាក់ៗ ២៥ គីឡូក្រាម បង្កទំនុកចិត្តសម្រាប់កីឡាករ-ការិនីទាំងឡាយដែលផ្សារភ្ជាប់ សាមគ្គីជាមួយនឹងក្រុមកីឡាករទូក-ង វត្តទំនប់។ បងត្រឹងធីហ្វា ជាកីឡាការិនីទូក-ងវត្តទំនប់ ឱ្យដឹង៖ “នាងខ្ញុំចូលរួមក្នុងក្រុមកីឡាការិនីវត្តទំនប់៤ឆ្នាំហើយ បានប្ដីប្រពន្ធពូសែម និងមីងមី គិតគូរការចំណាយគ្រប់សព្វ ទើបទូទាំងក្រុមប្ដេជ្ញាចិត្ត សាមគ្គីក្នុងការហាត់សមនិងប្រកួតប្រណាំងដើម្បីបន្តរក្សាស្នាដៃ។ ក្នុងទូទាំងខេត្តសុកត្រាំង មានតែប្ដីប្រពន្ធពូសែមនិងមីងមីទេ គាត់ចំណាយប្រាក់រាប់រយលានដុងគិតគូរឱ្យក្រុមកីឡាករទូក-ង ដើម្បីថែរក្សាកីឡាប្រវេណីរបស់ជនរួមជាតិខ្មែរ”។
បងស្រីត្រឹងធីមី បង្ហាត់ដល់កីឡាការិនីទូក-ងមុនពេលចុះទូកហាត់សម។
តាមការគិតគូររបស់បងឡឹមសែម ក្នុងមួយឆ្នាំចំណាយឱ្យក្រុមកីឡាករ-ការិនីទាំងពីរក្រុម គឺជាង ៣០០ លានដុង។ ក្រៅពីនោះ គាត់និងភរិយានៅទាំងវិនិយោគ ១០០ លានដុងទិញទូក-ងចាស់ ២ គ្រឿងសម្រាប់ក្រុមកីឡាករ-ការិនីហាត់សមអុំដោយផ្ទាល់ទៀតផង។ បងស្រីត្រឹងធីមី ឱ្យដឹង៖ “ចំពោះទង្វើរបស់ប្ដីប្រពន្ធខ្ញុំគឺកើតចេញពីចំណង់ចំណូលចិត្ត ហើយចង់ថែរក្សាកីឡាប្រវេណីដែលដូនតាយើងបន្សល់ទុកមក។ កាលនៅក្មេងវ័យ ខ្ញុំនិងប្ដីខ្ញុំធ្លាប់ទៅចូលរួមប្រណាំងទូក-ង ពេលអាយុកាន់តែកើនឡើង ខ្ញុំធ្វើជាគ្រូបង្វឹកឱ្យក្រុមកីឡាការិនីទូក-ង ចំណែកប្ដីខ្ញុំក៏ទៅជាមួយដើម្បីដឹកនាំធ្វើចុងភៅ ប្រមូលផ្ដុំគ្រូបង្វឹកកីឡាករនិងលើកទឹកចិត្ត គាំទ្រស្មារតីកីឡាករ ដើម្បីសាមគ្គី ស្រុះស្រួលគ្នាប្រកួតប្រណាំងសម្រេចបានស្នាដៃខ្ពស់បំផុត”។
បច្ចុប្បន្ន ប្ដីប្រពន្ធបងសែមនិងបងស្រីមី ប្រកបមុខរបរផ្គត់ផ្គង់ចម្អិនម្ហូបអាហារ ហើយបានដោះស្រាយការងារធ្វើជូនពលករជាច្រើននៅភូមិភាគ។ យោងថេរដីកាព្រះតេជព្រះគុណ ឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ ឃុំអាងនិញ រៀងរាល់ឆ្នាំក្រៅពីវិនិយោគទូក-ង ប្ដីប្រពន្ធបងសែមនៅទាំងរួមវិភាគទានរាប់រយលានដុងប្រគេនវត្ត ជំនួយភូមិភាគកសាងសំណង់សុខុមាលភាពសង្គមជាច្រើន ជួយដល់អ្នកក្រ មនុស្សចាស់គ្មានទីពឹង អ្នកមានស្ថានភាពលំបាកក្នុងភូមិភាគ។ ចំពោះទឹកចិត្តបងសែម ពិតជាគួរឱ្យកោតសរសើរ៕
លីធាន-ថាច់ធី