កីឡាករវាយសីប្រទេសចិន ទើបឈ្នះបានពានជើងឯកចំនួន៤ក្នុងចំណោម៥ ក្នុងការប្រកួតពានរង្វាន់ Super ៧៥០ ដែលរៀបចំឡើងនៅប្រទេសដាណឺម៉ាក។ នៅពេលប្រកួតបានល្អ កីឡាករវាយសីប្រទេសចិន ពិបាកមានកីឡាករប្រទេសណាអាចនឹងយកឈ្នះបានណាស់។
យកឈ្នះលើគូលំដាប់លេខ១ពិភពលោកប្រាកដជា Feng Yan Zhe និង Huang Dong Ping (អាវខ្មៅ) រឹតតែមានទំនុកចិត្តពេលអនាគត។ រូបថត៖ Internet
ការប្រកួតនៅប្រទេសដាណឺម៉ាក តែងទាក់ទាញកីឡាករកំពូលៗលំដាប់ពិភពលោក ដោយសារតែពិន្ទុនិងប្រាក់រង្វាន់ខ្ពស់។ ជាងនេះទៀត ដាណឺម៉ាក ត្រូវបានចាត់ទុកជារដ្ឋធានីនៃកីឡាវាយសីនៅទ្វីបអឺរ៉ុប ម្ល៉ោះហើយកីឡាករតែងចង់ទៅចូលរួមប្រកួតប្រជែង។ ម្យ៉ាងវិញទៀត ដំណើរទៅកាន់ព្រឹត្តិការណ៍អូឡាំពិក ក៏ជិតមកដល់ដូច្នេះ ការចូលរួមប្រកួតសន្សំពិន្ទុ គឺជាការចាំបាច់ណាស់។ ក្រៅពីកីឡាករលំដាប់លេខ១លេខ២ពិភពលោក សម្រាប់វិញ្ញាសាប្រកួតឯកត្តជននារី អវត្តមានដោយសាររងរបួស ចំណែក៤វិញ្ញាសាទៀត សុទ្ធសឹងតែមានវត្តមានកីឡាករ-ការិនីលំដាប់កំពូលៗចូលរួមទាំងអស់។
ការរងសម្ពាធទីលានម្ចាស់ផ្ទះ បានប៉ះពាល់យ៉ាងខ្លាំងដល់កីឡាករផងដែរ ដូច្នេះហើយ ពួកគេចាញ់កីឡាករមកពីអាស៊ីជាបន្តបន្ទាប់។ ក្នុងបណ្តាវិញ្ញាសាប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ មានតែកីឡាករម្នាក់មកពីទ្វីបអឺរ៉ុប គឺ Carolina Marin (អេស្ប៉ាញ) ប្រកួតដណ្តើមពានជើងឯកជួបជាមួយនឹងកីឡាករប្រទេសចិន Chen Yu Fei ហើយបានចាញ់ដោយលទ្ធផល០-២។ កីឡាករចិន ក៏ឈ្នះពានជើងឯកនៃវិញ្ញាសាគូនារី និងវិញ្ញាសាឯកត្តជនបុរសដោយលទ្ធផល២-០ផងដែរ។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ បំផុតអូសបន្លាយដល់ទៅ៣សិត ធ្វើឱ្យអ្នកគាំទ្រគាប់ចិត្តគាប់ថ្លើម ក៏ជាការប្រកួតនៃកីឡាករចិនដែរ។ នោះគឺជាការប្រកួតនៃវិញ្ញាសាគូបុរស-នារីរវាងគូលំដាប់លេខ១ពិភពលោក Zheng SiWei និងHuang Ya Qiong ជួបនឹងគូលំដាប់លេខ៣ Feng Yan Zhe និង Huang Dong Ping។ នៅរាល់លើកប្រកួតមុននេះ គូកីឡាករលំដាប់លេខ៣ តែងបរាជ័យ។ នេះជាប្រការដែលត្រូវបានគេរំពឹងទុក ពីព្រោះ Feng Yan Zhe និង Huang Dong Ping ទើបតែចាប់គូថ្មីៗ ដ្បិតមិត្តរួមក្រុមចាស់របស់ Dong Ping បានលាលែងអាជីព។ Zhe ជាកីឡាករវ័យក្មេងមានទេពកោសល្យរបស់ក្រុមជម្រើសចិន គាត់មានមាឌល្អ វាយសីលឿននិងរហ័សរហួន។ ប៉ុន្តែ ដោយសារមិនមានបទពិសោធន៍ ប្រកួតច្រើន ម៉្លោះហើយ Zhe មានស្មារតីមិននឹងនរនៅពេលសម្រេចចិត្ត។
វិលមកការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងកីឡាករ កីឡាការិនីរៀមច្បងនៃក្រុមជម្រើសជាតិ Zhe បែរជាប្រកួតមិនស៊ីសង្វាក់នៅសិតទី១។ ប៉ុន្តែ ពេលបានមិត្តរួមគូលើកទឹកចិត្ត មិនក្រអឺតក្រទមនៅពេលដែល Zhe វាយខូច គាត់កាន់តែមានទំនុកចិត្ត ពង្រឹងសមត្ថភាពប្រកួត ហើយបានយកឈ្នះឡើងវិញនៅសិតទី ២។ ផ្ទុយមកវិញ ពេលចាញ់នៅសិតទី២ ស្មារតីរបស់ Wei មិនលំនឹង ព្រោះតែសម្ពាធចង់ឈ្នះរបស់កីឡាករលំដាប់លេខ១ពិភពលោក និងលំដាប់លេខ១នៃក្រុមជម្រើស ដូច្នេះ Wei មិនអាចបញ្ចប់ការប្រកួតបាន ទោះបីមានឱកាសដល់៣ដងរក១ពិន្ទុចុងក្រោយ (ពិន្ទុឈ្នះបញ្ចប់ការប្រកួត)។ ខណៈពេលនោះ គូលំដាប់លេខ៣ពិភពលោក បានគ្រងតំណែងជើងឯក ខណៈពេលមានឱកាសតែម្តងរកបាន១ពិន្ទុចុងក្រោយ បញ្ចប់ការប្រកួត៕
ហាថាញ-មុនី