03/10/2023 - 08:54

អនុសាសន៍​មួយ​ចំ​នួន​ពី​ការ​បង្ការ​ជំ​ងឺ​ភ្នែក​ក្រ​ហម​

 ជំ​ងឺ​ភ្នែក​ក្រ​ហម​ (ឬ​ហៅ​ថា​ ជំ​ងឺ​ឈឺ​ភ្នែក​) កំ​ពុង​ផ្ទុះ​ឡើង​និង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ខេត្ត​សុក​ត្រាំង។​

 វេជ្ជ​បណ្ឌិត​ កំ​ពុង​ពិនិត្យ​ភ្នែក​ឱ្យ​អ្នក​កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម​។​

យោង​តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ឯក​ទេស​កម្រិត​ II ង៉ីម​វ៉ាន់​ ប្រ​ធាន​ផ្នែក​ចក្ខុ​រោគ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ ធម្ម​តា​ក្នុង​មួយ​ថ្ងៃ​បន្ទប់​ពិនិត្យ​ចក្ខុ​រោគ​នៃ​មន្ទីរ​ពេទ្យ​គ្រាន់​តែ​ពិនិត្យ​ជំ​ងឺ​ប្រ​មាណ​៤០​ករណី​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រ​ហែល​២​សប្តាហ៍​មក​នេះ​ ចំ​នួន​អ្នក​ជំ​ងឺ​មក​ពិនិត្យ​ភ្នែក​បាន​កើន​ឡើង​ពីរ​បី​ដង​។​ ភាគ​ច្រើន​កើត​ជំ​ងឺ​ភ្នែក​ក្រ​ហម​ពិសេស​ គឺសិស្ស​សាលា​និង​កុមារ។​

អ្នក​មីង​លីធី​តឹម នៅ​សង្កាត់​៥ ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ចៅ​ខ្ញុំ​ទៅ​រៀន​មក​ផ្ទះ​ លុះ​ព្រឹក​ឡើង​ ស្រាប់​តែ​ភ្នែក​ក្រ​ហម​ហើម​ប៉ោង​ ទើប​ខ្ញុំ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ពិនិត្យ​ព្យា​បាល។​ ឥឡូ​វ ក្នុង​គ្រួ​សារ​ខ្ញុំ​៤​នាក់​ឆ្លង​ទាំង​អស់​គ្នា​ ម៉្លោះ​ហើយ​ មិន​ហ៊ាន​ចេញ​ក្រៅ​ខ្លាច​ឆ្លង​ទៅ​អ្នក​ដទៃ​”។​ បង​ស្រី​លី​ថាវ​ង្វៀង​ នៅ​ឃុំ​តឹង​ហឹង​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “ឃើញ​កូន​យក​ដៃ​ឈ្លី​ភ្នែក​ញឹក​ញាប់​ ភ្នែក​ឡើង​ក្រហម​ ដូច្នេះ​ ខ្ញុំ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ពិនិត្យ។​ កូន​ខ្ញុំ​អា​យុ​ទើប​តែ​១៧​ខែ​ បាន​វេជ្ជ​បណ្ឌិត​ពិគ្រោះ​ណែ​នាំ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទិញ​ទឹក​អំ​បិល​ សរីរ​វិទ្យា​ មក​អនា​ម័យ​ភ្នែក​ដើម្បី​បង្ការ​ជំ​ងឺ”។​

យោង​តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ ង៉ីម​វ៉ាន់​ ជំ​ងឺ​ភ្នែក​ក្រ​ហម​បណ្តាល​មក​ពី​វីរុស​បង្ក​ឡើង​ធ្វើ​ឱ្យ​រលាក​កែវ​ភ្នែក​ ឆ្លង​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស។​ ជំ​ងឺ​នេះ​ច្រើន​តែ​មាន​រោគ​សញ្ញា​ ដូច​ជា៖ ភ្នែក​ក្រ​ហម​ រមាស់​ភ្នែក​ មាន​អា​រម្មណ៍​ថា​ ដូច​មាន​វត្ថុ​អ្វី​ក្នុង​ភ្នែក​ ហូរ​ទឹក​ភ្នែក​ ហើម​ភ្នែក។ល។​ ក្រៅ​ពី​នោះ​ អ្នក​ជំ​ងឺ​នៅ​ទាំង​ភ្ជាប់​ដោយ​រោគ​សញ្ញា​ ដូច​ជា៖ ក្អក​ ក្តៅ​ខ្លួន​ រសេះ​រសោះ​ អស់​កម្លាំង។ល។​ ជំ​ងឺ​នេះ​តែង​ចាប់​ផ្តើម​ពី​ភ្នែក​ម្ខាង​ ពីរ​បី​ថ្ងៃ​ក្រោយ​ឆ្លង​ទៅ​ភ្នែក​ម្ខាង​ទៀត។​ ជំ​ងឺ​ភ្នែក​ក្រហម​ធ្វើ​ឱ្យ​អ្នក​ជំ​ងឺ​មាន​អា​រម្មណ៍​ថា​ដូច​មាន​វត្ថុ​អ្វី​មួយ​ក្នុង​ភ្នែក​ ហើយ​ពេល​ភ្ញាក់​ពី​ដំ​ណេក​ភ្នែក​ស្អិត​ត្រ​បក​ភ្នែក។​ ធម្ម​តា​ជំ​ងឺ​នេះ​អូស​បន្លាយ​ពី​៥​ថ្ងៃ​ដល់​៧​ថ្ងៃ​ ហើយ​អាច​បាត់​ទៅ​វិញ​ ចួន​កាល​អូស​បន្លាយ​ពេល​យូរ​(យោង​ទៅ​តាម​កម្រិត​ជំ​ងឺ​)។​ ថ្វី​បើ​ដូច្នេះ​ អ្នក​ជំ​ងឺ​មិន​គួរ​មើល​ស្រាល​ឡើយ​ ពេល​ឈឺ​ភ្នែក​គប្បី​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល​ ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​និង​ព្យា​បាល​ទាន់​ពេល​ បង្ការ​អា​ការៈ​ប្រែ​ប្រួល​គ្រោះ​ថ្នាក់។​ ករណី​អ្នក​មាន​ជំងឺ​មាន​រោគ​សញ្ញា​ ដូច​ជា៖ ភ្នែក​ហើម​ ចុក​ចាប់​ ខ្លាច​ពន្លឺ​ ហូរ​ទឹក​ភ្នែក​ច្រើន​ ស្រ​វាំង​ភ្នែក​ជា​ដើម។ល។​ គប្បី​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​ព្យា​បាល​ទាន់​ពេល។​ ពី​ព្រោះ​ជំ​ងឺ​អាច​ប្រែ​ប្រួល​ បណ្តាល​ឱ្យ​រលាក​កែវ​ភ្នែក​និង​នាំឱ្យ​មាន​ស្នាម​នៅ​កែវ​ភ្នែក​ ប៉ះ​ពាល់​ដល់​សុខ​ភាព​ភ្នែក​របស់​អ្នក​ជំ​ងឺ។​

វេជ្ជ​បណ្ឌិត​ ង៉ីម​វ៉ាន់​ ផ្តល់​អនុសាសន៍៖ “ដើម្បី​បង្ការ​រោគ​ជំ​ងឺ​ក្រ​ហម​ ប្រ​ជា​ជន​គប្បី​ឧស្សាហ៍​លាង​សម្អាត​ដៃ​ដោយ​សា​ប៊ូ; កុំ​យក​ដៃ​ឈ្លី​ភ្នែក​ ច្រ​មុះ​ មាត់; កុំ​ប្រើ​ប្រាស់​របស់​របរ​រួម​គ្នា​ ដូច​ជា៖ កន្សែង​ កែវ​ទឹក​ ម៉ាស់។ល។​ គួរ​ពាក់​វ៉ែន​តា​ពេល​ទៅ​ក្រៅ​ម្តង​ម្កាល​ អនា​ម័យ​ភ្នែក​ដោយ​ប្រើ​ទឹក​អំ​បិល​សរីរវិទ្យា​; សម្លាប់​មេរោគ​លើ​បរិក្ខារ​របស់​អ្នក​ជំ​ងឺ​ ដូច​ជា​៖ មុង ភួយ ខ្នើយ​ កន្សែង។ល។​ ដើម្បី​ជៀស​វាង​ការ​ចម្លង​មេរោគ​ដល់​សមា​ជិក​ក្នុង​គ្រួ​សារ។​ ពេល​ភ្នែក​មាន​សញ្ញា​ ដូច​ជា៖ រកាំ​ភ្នែក​ រមាស់​ភ្នែក​ ហូរ​ទឹក​ភ្នែក។ល។​ ត្រូវ​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ឯក​ទេស​ចក្ខុ​រោគ​ ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​ព្យា​បាល​ទាន់​ពេល​ បង្ការ​អា​ការៈ​ប្រែ​ប្រួល​នៃ​ជំ​ងឺ​នេះ”៕​

                                          លីធាន​-មុនី​

ចែករំលែកអត្ថបទ