ដំណាក់សុខាភិបាលឃុំសុងឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ កំពុងម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺរាលដាលក្នុងរដូវវស្សា ពិសេសគឺជំងឺគ្រុនឈាម។
![ម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/62.jpg)
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំសុងឡុក។
វេជ្ជបណ្ឌិតចូវធ្វីង៉ឹង ឱ្យដឹង៖ “ដើម្បីមាមីងលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈពេលមានអ្នកជំងឺមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល ខ្ញុំតែងផ្សព្វផ្សាយនិងចែកជូនខិត្តប័ណ្ណ ដើម្បីរំលឹកអ្នកជំងឺនិងញាតិមិត្តពីរបៀបកម្ចាត់ដង្កូវទឹក កម្ចាត់មូស អនាម័យបរិស្ថាន ផ្ទះសម្បែង រើសប្រមូលកាក សំណល់របស់ប្រើប្រាស់ឱ្យបានស្អាតបាត កុំឱ្យមូសមានកន្លែងបន្តពូជ។ ជាពិសេស ណែនាំមាមីងឱ្យស្គាល់ពីអាការៈនៃជំងឺ ដើម្បីធ្វើការព្យាបាលបានទាន់ពេល”។
![ម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវវស្សា](https://baocantho.com.vn/image/fckeditor/upload/2023/20230731/images/khmer/63.jpg)
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំសុងឡុក តែងបានគ្រូពេទ្យនិងវេជ្ជបណ្ឌិត ចែកជូនខិត្តប័ណ្ណបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម។
តាំងពីដើមឆ្នាំ២០២៣មក ដំណាក់សុខាភិបាលឃុំសុងឡុក បានផ្សព្វផ្សាយផែនការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម ដោយភូមិនីមួយៗបានបង្កើតជាច្រើនក្រុម រួមមានបុគ្គលិកដំណាក់ សុខាភិបាល គណៈ ផ្នែក អង្គការមហាជននិងក្រុមសុខាភិបាលភូមិ សហការីសុខាភិបាល ចុះទៅតាមផ្ទះដើម្បីពិនិត្យឧបករណ៍តម្កល់ទឹក កាកសំណល់សំរាមជុំវិញផ្ទះ លាងពាងទឹក ដែលមានដង្កូវទឹក ព្រលែងត្រីក្នុងពាងទឹកដើម្បីកម្ចាត់ដង្កូវទឹក។ អ្នកមីងវ៉ធីលុក នៅភូមិចុង-ង ឱ្យដឹង៖ “ពេលមកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ខ្ញុំបានវេជ្ជបណ្ឌិតណែនាំអស់ពីចិត្តពីរបៀបបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលក្នុងរដូវវស្សា ជាពិសេសគឺជំងឺគ្រុនឈាម។ លុះត្រឡប់ទៅផ្ទះ ខ្ញុំបានរៀបចំផ្ទះសម្បែង អនាម័យបរិស្ថាន កម្ចាត់ដង្កូវទឹក ហើយប្រសិនបើមានអាការៈដែលសង្ស័យថាកើតជំងឺគ្រុនឈាម គឺប្រញាប់មកកាន់ដំណាក់សុខាភិបាល។ ក្រោយពីបានពិគ្រោះយោបល់ ខ្ញុំក៏មានការស្ងប់ចិត្ត”។
វេជ្ជបណ្ឌិតត្រឹងហ្វាងត្វឹង អនុប្រធានដំណាក់សុខាភិបាលឃុំសុងឡុក ឱ្យដឹង៖ “ដំណាក់សុខាភិបាលបានបើកយុទ្ធនាការកម្ចាត់ដង្កូវទឹក ដោយចែកជាក្រុមៗ។ ក្រុមនីមួយៗទទួលបន្ទុកប្រមាណ៣០គ្រួសារដើម្បីធ្វើការផ្សព្វផ្សាយ។ អាស្រ័យហេតុនោះ តាំងពីដើមរដូវវស្សាមកទល់បច្ចុប្បន្ន លើភូមិសាស្រ្តឃុំកើតមានជំងឺគ្រុនឈាមត្រឹម៣ករណីប៉ុណ្ណោះ ហើយអ្នកជំងឺបានព្យាបាលទាន់ពេលវេលា គ្មានការឆ្លងរាលដាលធំដុំឡើយ។ ទន្ទឹមនឹងនោះ ចាប់តាំងពីដើមឆ្នាំ២០២៣ ដើម្បីម្ចាស់ការក្នុងការងារបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល ដំណាក់សុខាភិបាលឃុំបានអនុវត្តទម្រង់ប្រជាចលនាប៉ិនប្រសប់ដោយកសាងអាងមួយសម្រាប់ “ចិញ្ចឹមត្រីប្រាំពីរពណ៌” បន្ទាប់មកចែកចាយត្រីឱ្យប្រជាជនចំនួន៣០គ្រួសារនៅភូមិក្នក យកទៅព្រលែងក្នុងពាងទឹក ផើងផ្កា ដើម្បីកម្ចាត់ដង្កូវទឹក។ មកទល់បច្ចុប្បន្ន តាមការវាយតម្លៃបឋម គ្រួសារដែលបានផ្ដល់ត្រី គឺពុំទាន់មានអ្នកណា ក្នុងគ្រួសារកើតជំងឺគ្រុនឈាមនោះទេ។ ទម្រង់នេះកំពុងនាំមកប្រសិទ្ធភាពជាក់ស្ដែង ហើយនឹងបន្តពង្រីកនៅភូមិឯទៀត៕
សើុងម៉ាល័យ - ថាច់ធី