ឃុំឌិញម៉ូង ស្រុកថើយឡាយ គឺជាឃុំដំបូងបង្អស់របស់ក្រុងកឹងធើ ដែលសម្រេចបទដ្ឋានជនបទថ្មីគំរូ។ លទ្ធផលជាក់ស្តែងងាយនឹងសង្កេតឃើញពីឃុំជនបទថ្មីគំរូ នោះគឺប្រជាជននៅលើភូមិសាស្រ្តមានជីវភាពសុខសាន្ត គ្រប់គ្រាន់ទាំងសម្ភារៈទាំងស្មារតី។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដើរតួនាទីឈ្នាន់ ដើម្បីឃុំឌិញម៉ូងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
បច្ចុប្បន្ន ឃុំឌិញម៉ូង ឋិតនៅមិនឆ្ងាយពីមជ្ឈមណ្ឌលស្រុក ខណ្ឌនោះទេ។ ដោយផ្លូវក្រាលកៅស៊ូបានទាញឃុំឱ្យមកកៀកជិតនឹងក្រុង។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាលក្ខឋានរបស់ឃុំជនបទថ្មីគំរូ បានបង្កលក្ខណៈសម្បត្តិឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង។ មិនត្រឹមតែធានាអគ្គិសនី គមនាគមន៍ សាលារៀន ដំណាក់សុខាភិបាលសម្រេចបទដ្ឋានប៉ុណ្ណោះទេ សួនកម្សាន្ត និងកន្លែងហាត់ប្រាណ ឃុំក៏បានវិនិយោគសម្រាប់មាមីងផងដែរ។ បងដាវវ៉ាន់ម៉ាញ នៅភូមិឌិញភឿក ឱ្យដឹង៖ “រៀងរាល់ថ្ងៃរសៀល ខ្ញុំច្រើនចេញទៅព្រលានបាល់ទះហាត់ លេងជាមួយបងប្អូន ខណៈពេលលេងហត់ក៏ពិតមែន ប៉ុន្តែដល់ពេលចូលគេងគឺគេងស្កប់ស្កល់ណាស់ លេងរហូតញៀនតែម្តង។ មកទល់ពេលនេះ ខ្ញុំមានអារម្មណ៍ថារាងកាយខ្ញុំមាំមួនជាងមុនច្រើនណាស់”។ ក្រៅពីនោះ នៅមុខយោធាឃុំឌិញម៉ូង-កន្លែងដែលពីមុនជាសាលាមត្តេយ្យរបស់ឃុំ ត្រូវបានកែប្រែក្លាយទៅជាកន្លែងហាត់ប្រាណសាធារណៈ មានម៉ាស៊ីនហាត់ប្រាណជាច្រើនសម្រាប់មាមីងហាត់ដោយខ្លួនឯង…។
កីឡាករធ្វើកម្តៅខ្លួនត្រៀមប្រកួតបាល់ទះ។
តាមលោក ង្វៀងវ៉ាន់ថឿ លេខាបក្សឃុំឌិញម៉ូង ឱ្យដឹង៖ បន្ទាប់ពីឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០២០ ឃុំបានកំណត់ទិសដៅត្រូវតែខិតខំកសាងសម្រេចឃុំជនបទថ្មីគំរូក្នុងពេលឆាប់ៗនេះ ដើម្បីជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ ជាសន្សឹមៗលុបបំបាត់គម្លាតរវាងទីក្រុងនិងជនបទ។ ការប្តេជ្ញាចិត្តរបស់ភូមិភាគត្រូវបានអនុវត្តដោយសកម្មភាពជាក់ស្តែង ដោយមានការរួមកម្លាំង និងការស្រុះស្រួលរបស់ប្រជាជន។ ត្រឹមតែពីរឆ្នាំអនុវត្តផែនការកសាងជនបទថ្មីគំរូ ប្រជាជនបានចូលរួមជាង ៨ ពាន់លានដុង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ កសិករនៅលើភូមិសាស្រ្តក៏មិនរារែកក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន ទៅក្នុងការផលិតបង្វែររចនាសម្ព័ន្ធពូជដំណាំ និងសត្វចិញ្ចឹម។ល។ ដើម្បីបង្កើនប្រាក់ចំណូល រួមចំណែកលើកកម្ពស់ប្រាក់ចំណូលមធ្យមភាគលើមុនស្សម្នាក់ក្នុងទូទាំងឃុំ កើនឡើងប្រមាណ ៧៥ លានដុង/ម្នាក់/ឆ្នាំ។
លោក ង្វៀនវ៉ាន់ថឿ ឱ្យដឹង៖ “នៅពេលដែលប្រជាជនស្រុះស្រួល កិច្ចការលំបាកក៏ក្លាយទៅជាងាយស្រួល ម៉្លោះហើយក្នុងដំណើរការកសាងជនបទថ្មីគំរូ យើងខ្ញុំតែងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការឃោសនា។ ព្រោះហេតុនោះ ជាមួយនឹងចំណុចចាប់ផ្តើមជាឃុំលំបាក ឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ប៉ុន្តែដោយការរួមកម្លាំងស្រុះស្រួលគ្នាក្នុងទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន ឃុំបានឈានដល់ទិសដៅជនបទថ្មីគំរូតាមកាលកំណត់។ មិនត្រឹមតែប៉ុណ្ណោះ ឃុំថែមទាំងមានភូមិចំនួន ២ សម្រេចបទដ្ឋានជនបទថ្មីឆ្លាតវៃ។ នេះក៏ជាបុព្វបទដើម្បីឃុំឈានឡើងកសាងឃុំជនបទថ្មីឆ្លាតវៃនាពេលខាងមុខ”៕
ហាថាញ់