រំលឹកដល់បងស្រីធីបឹង នៅភូមិលេខ ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង អ្នកណាក៏ស្គាល់និងរាប់អានគាត់ដែរ។ ពីព្រោះបងស្រីជាស្រ្តីដែលពូកែគិតគូរកសាងគ្រួសារ និងអស់ពីចិត្តចំពោះការងារផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តល្អនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាតនៅភូមិស្រុក។
បងស្រីធីបឹង មោទនភាពខណៈមើលរូបថតកូនទាំង ៥ នាក់រៀនចប់មហាវិទ្យាល័យ។
ចាប់ពីឆ្នាំ ១៩៩៤ មកទល់ពេលនេះ បងស្រីធីបឹង ចូលរួមកិច្ចការនារីផង ជាសហការីប្រជាសាស្រ្តនៅភូមិភាគផង។ បងស្រីចុះទៅដល់ផ្ទះចលនាបងប្អូននារីខ្មែរអនុវត្តផែនការគ្រួសារ ខ្នះខ្នែងអនុវត្តនូវវិធានការបង្ការ ប្រឆាំងជំងឺរាតត្បាតផ្សេងៗ។ ទន្ទឹមនឹងនោះ បងស្រីចលនាបងប្អូននារីចូលរួមសកម្មភាពសាខាសមាគមនារីភូមិ ដើម្បីរីកចម្រើនទាំងអស់គ្នា។ បងស្រីធីបឹង ឱ្យដឹង៖ “សព្វថ្ងៃវ័យកាន់តែចាស់ ខ្ញុំធ្វើត្រឹមតែសហការីប្រជាសាស្រ្តប៉ុណ្ណោះ។ កាលពីដើមផ្លូវពិបាកធ្វើដំណើរ ព័ត៌មានមិនបានលឿនដូចសព្វថ្ងៃ ម្ល៉ោះហើយខ្ញុំត្រូវធ្វើដំណើរទៅដល់គ្រួសារនីមួយៗចលនា អនុវត្តផែនការគ្រួសារ ការបង្ការជំងឺរាតត្បាតផ្សេងៗ និងការចាក់វ៉ាក់សាំងបង្ការដល់កុមារ ។ល។ ជួយឱ្យមាមីងយល់ច្បាស់និងអនុវត្តតាម។ ដើម្បីការងារចលនាមានប្រសិទ្ធភាព ខ្ញុំក៏ផ្គួបបញ្ចូលក្នុងការផ្សព្វផ្សាយ ដើម្បីបងប្អូននារីយល់ច្បាស់អនុវត្តវិធានការពន្យារកំណើតមានប្រសិទ្ធភាព។ ការងាររបស់សហការីលំបាកពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍សប្បាយរីករាយ ពីព្រោះបានជួយបងប្អូននារីចេះថែទាំសុខភាពខ្លួនឯង គ្រួសារនិងសហគមន៍”។
ក្រៅពីធ្វើសហការីប្រជាសាស្រ្ត បងស្រីធីបឹង នៅទាំងខិតខំធ្វើសេដ្ឋកិច្ច ឈានឡើងធ្វើមានបានទៀតផង។
ការអស់ពីចិត្តរបស់បងស្រីធីបឹង បានជួយដល់នារីខ្មែរតំបន់ជនបទភូមិលេខ ៥ យល់ច្បាស់និងអនុវត្តវិធានការពន្យារកំណើតមានប្រសិទ្ធភាព តិចមានកើតកូនទី ៣; ក្តាប់បានចំណេះដឹងមូលដ្ឋានដើម្បីអនុវត្តមានប្រសិទ្ធភាពនូវវិធានការបង្ការប្រឆាំងជំងឺរាតត្បាតផ្សេងៗ ដូច៖ ជំងឺគ្រុនឈាម ជំងឺពងបែកដៃ-ជើង-មាត់ ព្រមទាំងខ្នះខ្នែងចូលរួមបង្ការប្រឆាំងជំងឺ COVID-១៩ ម្ចាស់ការក្នុងការចាក់វ៉ាក់សាំងជំងឺ COVID-១៩ ។ល។ គ្រូពេទ្យ ង្វៀងវ៉ាន់ហ៊ីប ប្រធានមន្ទីរពហុព្យាបាលមណ្ឌលសាភៀង ឱ្យដឹង៖ “បងស្រីធីបឹង ជាសហការីប្រជាសាស្រ្តអស់ពីចិត្ត ជាបុគ្គលគំរូ រស់នៅសាមញ្ញ ម្ល៉ោះហើយអ្នកណាក៏ស្រឡាញ់រាប់អាន ប្រគល់ភារកិច្ចណាក៏បងស្រីសម្រេចបានល្អទាំងអស់។ អាស្រ័យដោយបងស្រីខ្នះខ្នែងចលនា បានជាមាមីងខ្មែរ ភូមិលេខ ៥ ស្រុះស្រួលនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ រួមចំណែកជួយដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ គ្រប់វ័យនៅក្នុងភូមិសម្រេចភាគកម្រិតតាមការកំណត់”។
រយៈពេលជាង ២៨ ឆ្នាំមកនេះ បងស្រីធីបឹង តែងធ្វើការងារដោយមានទំនួលខុសត្រូវ ម្ល៉ោះហើយប្រគល់កិច្ចការណាក៏បងស្រីសម្រេចបានល្អទាំងអស់។ ក្រៅពីនេះ បងស្រីថែមទាំងជានារីដែលប្រឹងប្រែងធ្វើសេដ្ឋកិច្ច និងចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើមទៀតផង។ ទោះបីជីវភាពក្រលំបាកពិតមែន ប៉ុន្តែបងស្រីនៅតែសម្រេចល្អភារកិច្ច គិតគូរអភិវឌ្ឍសេដ្ឋកិច្ចនិងចិញ្ចឹមកូន ៥ នាក់រៀនចប់មហាវិទ្យាល័យ មានការងារធ្វើ លំនឹងជីវភាព៕
យ្វីអាញ់-លីសៀ