ថ្វីដ្បិត ទទួលបានជ័យលាភីលេខ ៣ ក្នុងពិធីប្រឡងមហោស្រពសិល្បៈ”កណ្ដឹងមាសចម្រៀងវ៉ុងកោ” ឆ្នាំ ២០២២ ប៉ុន្តែបេក្ខនារីកាវធីហុងញី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ បេក្ខនារីរូបនេះ មកពីខេត្តតីនិញ ស្រឡាញ់ចូលចិត្តសិល្បៈល្ខោនកាយឡឿង នាងសម្តែងបានល្អ ដោយមានកាយវិការទន់ភ្លន់ សំឡេងពីរោះ។
![នារីខ្មែរបង្កើតស្នាមអនុស្សាវរីយ៍ “កណ្ដឹងមាសចម្រៀងវ៉ុងកោ”](https://baocantho.com.vn/image/fckeditor/upload/2022/20221107/images/khmer/42.gif)
កាវធីហុងញី តួសម្តែងដកស្រង់ក្នុងរឿង “អណ្តាតភ្លើងព្រៃអធាត្រស្ងាត់”។
រូបថត៖ anhuytphcm.vn
កាវធីហុងញី ជាបេក្ខនារីកូនក្រុមនៃសិល្បការិនីថាញហាំង ធ្វើជាគ្រូបង្វឹក។ ក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រ ហុងញី សម្ដែងតួប៊ូយធីស្វឹង ដកស្រង់ក្នុងរឿង “កំពូលមេទ័ពស្រីទង់ក្រហម”។ មនោសញ្ចេតនានិងភាពអង់អាចរបស់មេទ័ពស្រី ត្រូវបានហុងញី សម្តែងបានយ៉ាងល្អ។ ប៉ុន្តែដល់វគ្គប្រឡងបទចម្រៀងវ៉ុងកោ ចាប់ឆ្នោតជ្រើសរើសដោយខ្លួនឯង ហុងញី ចាប់ចំបទ”ស្រណោះតីនិញ”របស់អ្នកនិពន្ធផាងយ៉ាង នាងច្រៀងមិនបានល្អ ភ្លាត់ចុងចួននៅឃ្លាទី ១។ នោះហើយជាមូលហេតុ ដែលហុងញី ទទួលបានជ័យលាភីលេខ ៣ តាមការរំពឹងទុករបស់មជ្ឈដ្ឋានក្រុមអ្នកជំនាញពីដើមរៀងមក នាងគឺជាបេក្ខជនស័ក្តិសមបំផុត សម្រាប់ពានរង្វាន់”កណ្ដឹងមាស”។
ពិនិត្យឡើងវិញនូវដំណើរត្រួសត្រាយ ដណ្ដើមពានរង្វាន់ “កណ្តឹងមាសចម្រៀងវ៉ុងកោ” ឆ្នាំ ២០២២ កាវធីហុងញី បង្កើតបានការចំណាប់អាម្មណ៍យ៉ាងខ្លាំង ដោយការខិតខំប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញរបស់នាង។ ក្នុងរាត្រីវគ្គផ្តាច់ព្រ័ត្រទី ៣ ហុងញី សម្តែងបានល្អពេលតែងខ្លួនចូលតួអ្នកម្នាងច្រឡើសបើស ប្រចែប្រច័ណ្ឌដកស្រង់ក្នុងរឿង “អណ្តាតភ្លើងព្រៃ អធាត្រស្ងាត់” របស់អតីតអ្នកនិពន្ធ ដីវហ្វៀង។ នៅវគ្គប្រឡងមុនៗ ហុងញី ក៏បញ្ចេញទេពកោសល្យសម្តែងបានល្អតាមរយៈបទចម្រៀងជាច្រើន ដូច៖ “ព្រៃភ្នំស្រុកកំណើតខ្ញុំ” (របស់អ្នកនិពន្ធ ត្រឹងធី) “អញ្ជើញមកតីនិញស្រុកកំណើតខ្ញុំ” (បទភ្លេងសម័យស្វឹងហុង ទំនុកច្រៀងវ៉ុងកោផាមវ៉ាន់ឌាំង) ។ល។ អាចនិយាយបានថា ហុងញី បានឆ្លងកាត់រដូវកាលពានរង្វាន់ ”កណ្តឹងមាសចម្រៀងវ៉ុងកោ” ដ៏ជោគជ័យ។
ហុងញី ឆ្នាំនេះមានអាយុ ៣១ ឆ្នាំ ជាកូនរបស់គ្រួសារជនជាតិខ្មែរនៅទីរួមខេត្តហ្វាថាញ់ ខេត្តតីនិញ រស់នៅក្នុងគ្រួសារដែលមានប្រវេណីផ្សារភ្ជាប់នឹងសិល្បៈ។ ម្តាយរបស់ហុងញី ជាសិល្បការិនីឆ្នើម ង្វៀងធីង៉ុកអៀង គាត់ជាអ្នករបាំនិងជាគ្រូបង្ហាត់របាំប្រជាប្រិយខ្មែរ។ បងស្រីទាំង ៤ និងញី តាំងពីកុមារក៏មានស្មារតីស្នងបន្តអាជីពសិល្បៈរបស់គ្រួសារ គឺច្រៀងរាំរបាំប្រជាប្រិយខ្មែរបានល្អណាស់។ ចំណែកហុងញី នាងនៅទាំងស្រឡាញ់ចូលចិត្តសិល្បៈដើងកាតាយទឺនិងល្ខោនកាយឡឿង។ ដើម្បីស្ទាត់ជំនាញអាជីពនេះ នាងក៏បានទៅសុំរៀនច្រៀងពីសិល្បៈករ-ការិនីល្បីៗនៅភូមិភាគ តួយ៉ាងដូច គីមថយ ផាងថាញ់ទ្រី ថាញថាញម៉ាយ។ល។ នាងធ្លាប់ទទួលបានរង្វាន់ជាច្រើនក្នុងពិធីប្រឡងមហោស្រព សមោសរ ទិវាបុណ្យវប្បធម៌ជនរួមជាតិខ្មែរណាមបូ ឆ្នាំ ២០១៧ មហោស្រពភ្លេងចម្រៀងប្រជាប្រិយទាំង ៣ តំបន់ កាលពីឆ្នាំ ២០១៨ ។ល។
ចាប់តាំងពីទទួលបានជ័យលាភីក្នុងពិធីប្រឡងមហោស្រពសិល្បៈ”កណ្តឹងមាសចម្រៀងវ៉ុងកោ” ហុងញី ត្រូវបានចាត់ទុកថាជាសិល្បការិនីមានទេពកោសល្យ។ សំឡេងពីរោះ រូបរាងសមសួន កាយវិការទន់ភ្លន់ លក្ខណសម្បត្តិទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រជឿជាក់ថាហុងញី នឹងមានឈ្មោះបោះសំឡេងកាន់តែខ្លាំងជាងទៀតនៅពេលអនាគតជាពុំខាន...៕
យ្វីខោយ-មុនី