ក្រៅពីកសាងសំណង់នានាក្នុងវត្ត ព្រះតេជព្រះគុណ ថាច់តារា ព្រះចៅអធិការវត្តធ្លក ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ នៅទាំងកៀរគរកសាងស្ពានជាច្រើនខ្សែ ជួយពុទ្ធបរិស័ទនៅទីនេះដឹកជញ្ជូនទំនិញបានងាយស្រួល។
![ទឹកព្រះទ័យព្រះតេជព្រះគុណ ថាច់តារា](https://baocantho.com.vn/image/fckeditor/upload/2022/20220815/images/khmer/41.gif)
ព្រះតេជព្រះគុណ ថាច់តារា រួមនឹងថ្នាក់ដឹកនាំឃុំ ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន
ជនបទ។
ព្រះតេជព្រះគុណ ថាច់តារា មានថេរដីកា៖ “សង្កេតឃើញស្ថានភាពលំបាករបស់មាមីងទៅធ្វើស្រែចម្ការ សិស្សានុសិស្សទៅរៀនឆ្លងស្ពានបណ្ដោះអាសន្ន ចៃដន្យត្រូវរអិលដួលរហូតដល់ទៅព្យាបាលនៅមន្ទីរពេទ្យជាដើម ទើបអាត្មាភាពមានបំណងរួមចំណែកក្នុងការកសាងស្ពានជនបទ ដើម្បីមាមីងធ្វើដំណើរទៅមក និងប្អូនៗសិស្សានុសិស្សទៅរៀនបានងាយស្រួល។ រយៈពេលខាងមុខ អាត្មាភាពនឹងបន្តការពង្រីកថែមទៀតចំពោះស្នាដៃដែលសម្រេចបាន ដើម្បីរក្សាចលនា “រៀនសូត្រ និងធ្វើតាមគំរូ សីលធម៌ ឥរិយាបថហូជីមិញ”។
ចាប់ពីចុងឆ្នាំ ២០២១ រហូតមកទល់បច្ចុប្បន្ន ព្រះតេជព្រះគុណ ថាច់តារា បានកៀរគរសាងសង់ និងជួសជុលស្ពាន ៤ ខ្សែ មានប្រវែងសរុប ១០០ ម៉ែត្រ ចំណាយថវិកាសរុបជាង ៤៥០ លានដុង។ បច្ចុប្បន្ន កំពុងកសាងស្ពានមួយកន្លែងនៅភូមិជូយ (ស្ពានទី៥) ស្ពានមានប្រវែងសរុប ១៧ ម៉ែត្រ ទទឹង ២,២ ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១១៩ លានដុង។
![ទឹកព្រះទ័យព្រះតេជព្រះគុណ ថាច់តារា](https://baocantho.com.vn/image/fckeditor/upload/2022/20220815/images/khmer/42.gif)
ព្រះតេជព្រះគុណ ថាច់តារា ចូលរួមពិធីបើកដំណើរការកសាងស្ពានជនបទនៅភូមិ
សុកស្វាយ។
លោកថាច់សើុង នៅភូមិសុកស្វាយឃុំហ៊ីបហ្វា ឱ្យដឹង៖ “ពេលឮដំណឹងស្ពានត្រូវបានព្រះចៅអធិការកៀរគរកសាង ពុទ្ធបរិស័ទនៅទីនេះ រីករាយខ្លាំងណាស់។ ច្រើនឆ្នាំមកនេះ ការធ្វើដំណើរ ដឹកជញ្ជូនទំនិញលំបាកខ្លាំងណាស់។ អាស្រ័យបានព្រះតេជព្រះគុណ ថាច់តារា កៀរគរសប្បុរសជនរួមវិភាគទានទឹកប្រាក់កសាងស្ពានជនបទ យើងខ្ញុំអរគុណព្រះចៅអធិការខ្លាំងណាស់”។ ទន្ទឹមនឹងកៀរគរកសាងស្ពានជនបទ ព្រះតេជព្រះគុណ ថាច់តារា នៅទាំងចំណាយថវិកាជាច្រើនដើម្បីគួបផ្សំនឹងសប្បុរសជនជំនួយកសាងផ្ទះមហាសាមគ្គីជូនគ្រួសារជួបលំបាកអំពីលំនៅឋាន ជូនអំណោយដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង ជំនួយដល់អ្នកជំងឺ ជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រដែលមានស្នាដៃរៀនសូត្រល្អ។ល។
លោកត្រឹងភឿកហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ឱ្យដឹង៖ “ព្រះតេជព្រះគុណ ថាច់តារា តែងរួមជាមួយនឹងរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទ អនុវត្តនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ខ្នះខ្នែងពលកម្មផលិត។ ព្រះតេជព្រះគុណ តែងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ដើម្បីជួយជីវភាពជនរួមជាតិខ្មែរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ព្រះតេជព្រះគុណ នៅទាំងចលនាពុទ្ធបរិស័ទខ្នះខ្នែងកែលម្អទិដ្ឋភាពបរិស្ថាន ដាំឈើបៃតង ផ្កាលម្អជុំវិញផ្ទះ រួមវិភាគទានថវិកាកសាងដងផ្លូវ ភ្លឺ-បៃតង-ជ្រះ-ស្អាត”៕
សឺនម៉ាល័យ-ថាច់ធី