សាខានាយកដ្ឋានចិញ្ចឹមសត្វនិងបសុពេទ្យខេត្តបាកលីវ កំពុងផ្សព្វផ្សាយនូវវិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកផ្ទុះរាលដាល។
ខេត្តបាកលីវ បង្កើនវិធានការបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។ រូប៖ សហការី
តាមសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្តបាកលីវ ចាប់តាំងពីដើមឆ្នាំ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានប្រទះឃើញនៅតាមគ្រួសារចិញ្ចឹមសត្វចំនួន ៧៥ លើភូមិចំនួន ៣៣ ចំណុះឃុំ ទីប្រជុំជនចំនួន ១១ របស់ស្រុកហ្វាប៊ិញ ហុងយ៉ឹង ភឿកឡុង និងស្រុកដុងហាយ ដោយមានជ្រូកងាប់និងដុតចោលចំនួន ៦៦២ ក្បាល។ ពេលប្រទះឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ផ្ទុះរាលដាលរាយប៉ាយឡើងវិញនៅតាមកន្លែងមួយចំនួន ផ្នែកបសុពេទ្យខេត្ត បានប្រញឹកក្នុងការផ្សព្វផ្សាយនូវវិធានការកំណត់តំបន់និងបង្ក្រាបសម្បុករោគ ដើម្បីជៀសវាងការឆ្លងរាលដាលដល់គ្រួសារចិញ្ចឹមសត្វដទៃទៀតនៅលើភូមិសាស្រ្ត។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយតាមមធ្យោបាយឃោសនាមហាជន ដើម្បីប្រជាជនក្តាប់ច្បាស់នូវការបង្ការទប់ស្កាត់ និងគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្វ្រិក។
តាមប្រសាសន៍ លោកង្វៀងយ្វីហឹង ប្រធានសាខានាយកដ្ឋានចិញ្ចឹមសត្វ និងបសុពេទ្យខេត្តបាកលីវ បច្ចុប្បន្ន ដើម្បីបង្ការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ខេត្តបានជំរុញការផ្សព្វផ្សាយ ណែនាំអ្នកពិឃាតសត្វ ជួញដូរ ដឹកជញ្ជូនសត្វ ផលិតផលសត្វ សន្យាមិនដឹកជញ្ជូន ជួញដូរសត្វ និងផលិតផលសត្វមិនច្បាស់ប្រភព ។ ទន្ទឹមនឹងនោះ ភូមិភាគក៏បានចង្អុលការដល់ឃុំ ទីប្រជុំជន ចលនាគ្រួសារដែលចិញ្ចឹមសត្វ ពិឃាតនិងជួញដូរជ្រូក មិនគប្បីជួញដូរ ដឹកជញ្ជូនជ្រូកពីតំបន់ផ្ទុះជំងឺ មិនចោលជ្រូកងាប់ទៅក្នុងបរិស្ថាន និងមិនទិញកូនជ្រូកពូជពីកន្លែងដទៃ ខណៈពេលមិនបានពិនិត្យរោគឆ្លង។
លោកង្វៀងយ្វីហឹង ផ្តល់អនុសាសន៍៖ “ដើម្បីអភិវឌ្ឍការចិញ្ចឹមសត្វ អ្នកចិញ្ចឹមទាំងអស់គប្បីចិញ្ចឹមប្រមូលផ្តុំ ចិញ្ចឹមតាមរយៈការចងសម្ព័ន្ធ ក្រុមសហការ សហករណ៍។ ពេលចិញ្ចឹមជ្រូកឡើងវិញ អ្នកចិញ្ចឹមគប្បីចិញ្ចឹមតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត ជ្រើសកូនពូជមានប្រភពច្បាស់លាស់ ចាក់វ៉ាក់សាំងបង្ការបានគ្រប់គ្រាន់ បន្សាបពុលដោយការសម្លាប់មេរោគ និងអនាម័យទ្រុងតាមកាលកំណត់ជាដើម៕
យ្វីអាញ់-វិមាន