យោងតាមប្រសាសន៍ លោកឡឹមមិញកុង លេខាគណៈកម្មាធិការបក្សស្រុកចូវថាញ់ ខេត្តគៀងយ៉ាង ស្រុកកំពុងពន្លឿនល្បឿនដើម្បីជំរុញទីប្រជុំជនមិញលឿង ក្លាយជាទីក្រុងប្រភេទ ៤។
មណ្ឌលក្រុងមិញភូ មានភាពសមរម្យ ជ្រះស្អាត។
ក្រៅពីផ្លូវធំមានភាពអ៊ូអរ ទីប្រជុំជនមិញលឿង នៅទាំងវិនិយោគពង្រីកនូវសំណង់សំខាន់ៗជាច្រើន ដើម្បីបម្រើប្រជាជនក្នុងការពង្រីកសេដ្ឋកិច្ច លើកកម្ពស់គុណភាពអប់រំ។ល។ ម្យ៉ាងទៀត ស្រុកក៏បានស្រង់មតិប្រជាជនអំពីការពង្រីកមណ្ឌលតាំងទីលំនៅរបស់ទីប្រជុំជន។ លោកភឿងវ៉ាន់ធ្វឹង ជនជាតិខ្មែរ ឱ្យដឹង៖ “បើប្រៀបកាលពីមុន ផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ទីប្រជុំជនមិញលឿងមានការអភិវឌ្ឍខ្លាំងណាស់។ សាលារៀនត្រូវបានសាងសង់យ៉ាងសមរម្យ សម្រេចបទដ្ឋានចាប់ពីកម្រិតមត្តេយ្យដល់វិទ្យាល័យ។ មជ្ឈមណ្ឌលសុខាភិបាលមានទំហំធំៗ បំពាក់គ្រឿងបរិក្ខារសព្វគ្រប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវពិនិត្យ ព្យាបាលជំងឺឱ្យប្រជាជន។ ពិសេស នៅតាមទីប្រជុំជនសុទ្ធសឹងមានសាខាធនាគារគ្រប់កន្លែង ដើម្បីធានាឱ្យមាមីងងាយស្រួលក្នុងការកម្ចីទុន ឬដាក់ប្រាក់បញ្ញើ”។
លោកយ័ញជុង នៅមណ្ឌលក្រុងមិញភូ ទីប្រជុំជនមិញលឿង តែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បង្កើនកម្រិតផ្លូវក្នុងទីប្រជុំជន។ លោកជុង ឱ្យដឹង៖ “ពីមុន ដងផ្លូវពីផ្លូវធំទៅផ្ទះខ្ញុំតូចចង្អៀតណាស់ រថយន្តពិបាកបើកបរចូលដូច្នេះ ការដឹកជញ្ជូនទំនិញក៏មានភាពលំបាក។ ឥឡូវនេះ ផ្លូវត្រូវបានបើកទូលាយការធ្វើដំណើរទៅមក មានភាពងាយស្រួល ដូច្នេះ ការជួញដូររកស៊ី ក៏មានភាពរីកចម្រើន។ ចាប់តាំងពីមានផ្លូវកៅស៊ូ នៅថ្ងៃសីល ឬថ្ងៃបុណ្យទានម្តងៗ មាមីងពុទ្ធបរិសទ័ក្នុងភូមិស្រុកងាយស្រួលទៅវត្តឃ្លាំងអុង ឬទៅធ្វើសក្ការបូជានៅចេតិយវីរសមណៈ ៤ ព្រះអង្គនៅវត្តវង្សាគ្រឹះ (កំពង់ចិនចាស់) ។ ពេលបង្កើនកម្រិតផ្លូវដោយមានដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ទើបខ្ញុំហ៊ានឱ្យកូនស្រីទៅរៀនថែមភាសាអង់គ្លេសពេលយប់នៅទីប្រជុំជន”។
យោងតាមប្រសាសន៍ លោកស្រីផាងធីហុងហាញ់ នាយិកាមជ្ឈមណ្ឌលវប្បធម៌កីឡានិងផ្សាយសំឡេងស្រុកចូវថាញ់ ហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍ ទើបជីវភាពសេដ្ឋកិច្ច វប្បធម៌ស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង។ ក្រោយពីជំងឺ COVID –១៩ ឃើញថាសកម្មភាពវប្បធម៌ សិល្បៈ កីឡាអប់រំកាយនៃមជ្ឈមណ្ឌល បានដំណើរការឡើងវិញ ទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ ជាពិសេស ពេលរៀបចំសកម្មភាពសិល្បៈ ការប្រកួតកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អត្តពលិកចូលរួមប្រកួតប្រជែងដោយមានទស្សនិកជនចូលរួមគាំទ្រច្រើនកុះករ។
ឆ្នាំ ២០២១ ទីប្រជុំជនមិញលឿង បានទទួលស្គាល់ជាទីប្រជុំជនស៊ីវិល័យ គឺជាមូលដ្ឋានគ្រឹះ ដើម្បីស្រុកចូវថាញ់ ផ្តុំកម្លាំងអនុវត្តសម្រេចលក្ខឋានដើម្បីក្លាយជាទីក្រុងប្រភេទ ៤ ៕
ហាថាញ់-មុនី