បន្ទប់ពិនិត្យជំងឺនៅវត្តផ្នោអំពូង ឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃ បង្កបានទំនុកចិត្តចំពោះព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត។
ប្រជាជនមកពីនិត្យជំងឺនៅវត្តផ្នោអំពូង។
ព្រះតេជព្រះគុណថាច់សុវណ្ណ ព្រះចៅអធិការវត្តផ្នោអំពូង មានថេរដីកា៖ “អាត្មាភាពសង្កេតឃើញថា ក្រោយពីដំណាក់កាលចំណុចខ្ពស់នៃជំងឺ COVID-១៩ ជនរួមជាតិខ្មែរមានតម្រូវការពិនិត្យ ព្យាបាលជំងឺនៅភូមិភាគ ដូច្នេះ អាត្មាភាពសហការជាមួយនឹងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតក្រុងហូជីមិញ រួមនឹងរដ្ឋអំណាចភូមិភាគ បើកបន្ទប់ពិនិត្យជំងឺនិងផ្តល់ថ្នាំដោយឥតគិតថ្លៃនៅក្នុងវត្ត សំដៅថែទាំសុខភាពជូនជនរួមជាតិខ្មែរ”។ បងត្រឹងត្រុងហ៊ីវ ប្រធានក្រុមសប្បុរសធម៌មិត្តភាព (ក្រុងហូជីមិញ) ឱ្យដឹង៖ “ក្រុមការងារយើងខ្ញុំបង្កើតមូលនិធិសម្រាប់ដំណើរការបន្ទប់ពិនិត្យជំងឺនេះ ដោយទឹកប្រាក់ជាង ៥០ លានដុង ដំណើរការនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យរៀងរាល់សុប្តាហ៍។ ប្រភពមូលនិធិនេះ អាស្រ័យក្រុមរៃអង្គាសពីសប្បុរសជន។ បន្ទប់ពិនិត្យជំងឺបានបើកដំណើរការ អាស្រ័យការជួយជ្រោមជ្រែងពីសំណាក់ព្រះចៅអធិការវត្តផ្នោអំពូង ដោយព្រះអង្គបានជួយរៀបចំកន្លែងធ្វើការ កន្លែងសម្រាកដល់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត។ ចំណែករដ្ឋអំណាចភូមិភាគក៏ជួយការពារសន្តិសុខសណ្តាប់ធ្នាប់”។
បងស្រីថាច់ធីហឿង នៅភូមិខ្នោស ឃុំតឹងហ៊ីប ឱ្យដឹង៖ “ខ្ញុំមកពិនិត្យជំងឺនៅវត្តផ្នោអំពូង បានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតពិគ្រោះពីរបបហូបចុកឱ្យបានសមស្រប ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ”។ ចំណែកបងថាច់ពិត ចែករំលែក៖ “កូនចៅខ្ញុំសុទ្ធតែទៅធ្វើការស៊ីឈ្នួលនៅស្រុកឆ្ងាយ ម៉្លោះហើយចង់ទៅពិនិត្យជំងឺម្តងៗ មានការពិបាកខ្លាំងណាស់។ ឮថាក្នុងវត្តមានបើកបន្ទប់ពិនិត្យជំងឺនៅថ្ងៃសៅរ៍និងអាទិត្យ រៀងរាល់សប្តាហ៍ ហេតុនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ម្ល៉ោះហើយឆ្លៀតទៅមុនគេដើម្បីឆាប់បានពិនិត្យសុខភាព។ ខ្ញុំអរគុណព្រះចៅអធិការ គណៈកម្មការវត្ត ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត សប្បុរសជន និងអង្គការមហាជនភូមិភាគ ដែលបានយកចិត្តទុកដាក់ដល់ការថែទាំសុខភាពជូនប្រជាជន”។
លោកថាច់ថាញមី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ឱ្យដឹង៖ “បន្ទប់ពិនិត្យជំងឺនៅវត្តផ្នោអំពូង បានរួមចំណែកក្នុងការជួយថែទាំសុខភាពជូនប្រជាជន។ ព្រះតេជព្រះគុណ ថាច់សុវណ្ណ បានបំពេញនូវស្មារតី “អនុវត្តល្អ ការងារសង្គម ប្រតិបត្តិល្អការងារសាសនា” ព្រះអង្គតែងខ្នះខ្នែងចូលរួមធ្វើសប្បុរសធម៌ជាមួយមាមីង និងលើកយកនូវព្រះធម៌ដើម្បីអប់រំ ទូន្មានពុទ្ធបរិស័ទរស់នៅត្រឹមត្រូវតាមគន្លងធម៌ អនុវត្តត្រឹមត្រូវតាមច្បាប់រដ្ឋ”៕
សឺនម៉ាល័យ-មុនី