ចុងខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ រៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងទទួលប័ណ្ណ ទទួលស្គាល់ស្រុកចូវថាញ់សម្រេចបទដ្ឋានជនបទថ្មី។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង និងជាមោទនភាពដើម្បីស្រុកចូវថាញ់បន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅពេលខាងមុខ។
ផ្លូវជាតិលេខ ៥៤ ទីប្រជុំជនចូវថាញ់។
គ្រួសារលោកកៀងមិញទ្រី នៅភូមិក្នុង ស្រុកឃុំហ្វាឡើយ ស្រុកចូវថាញ់ ចាកពីស្រុកកំណើតទៅប្រកបការងាររកស៊ីអស់ជាច្រើនឆ្នាំ។ ដល់ខែតុលា ឆ្នាំ ២០២០ គ្រួសារគាត់បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ។ លោកកៀងមិញទ្រី ចែករំលែក៖ “ពីមុន ខ្ញុំធ្វើការនៅក្រុមហ៊ុនពាណិជ្ជកម្ម អាហរ័ណនីហរ័ណកសិផលនៅក្រុងហូជីមិញ។ សង្កេតឃើញស្ថានភាពនៃការនាំចេញកសិផលជួបការលំបាក ខ្ញុំក៏មានគំនិតផលិតកសិកម្មជ្រះស្អាត។ល។ ប៉ុន្មានឆ្នាំកន្លង មុខមាត់ជនបទនៅស្រុកចូវថាញ់ ពិតជាមានការផ្លាស់ថ្មីយ៉ាងច្បាស់។ ពិសេសគឺផ្លូវគមនាគមន៍ បានចាក់កៅស៊ូរាបរលូន ងាយស្រួលក្នុងការជួញដូរ។ល។ នៅជនបទបរិមាណជីរលាមក សត្វសម្បូរណាស់ កាកសំណល់ទាំងនេះ បើសិនអនុវត្តបច្ចេកវិទ្យាអតិសុខុមប្រាណនឹងបង្កើតបានជាផលិតផលជីរល្អណាស់និងសុវត្ថិភាពសម្រាប់រុក្ខជាតិ។ ហេតុនេះ ខ្ញុំសម្រេចចិត្តត្រឡប់មកចូវថាញ់ វិនិយោគបច្ចេកវិទ្យា ផលិតជីរសរីរាង្គអតិសុខុមប្រាណ”។
រឿង”ចោលក្រុងចុះមកជនបទបង្កើតអាជីព”ដូចលោកកៀងមិញទ្រី មិនមែនជារឿងចម្លែក រឿងថ្មីនៅចូវថាញ់នោះទេ។ ពីព្រោះជាច្រើនឆ្នាំមកនេះ ចូវថាញ់បានប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីកសាងជនបទថ្មី ប្តេជ្ញាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធ្វើជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍកសិកម្មជនបទ។ ដំណាក់កាល ២០១១-២០២១ ស្រុកកៀរគរថវិកាបានជិត ៣.០០០ ពាន់លានដុងកសាងជនបទថ្មី; ក្នុងនោះ ប្រជាជនរួមវិភាគទានជាង ២០%។ បច្ចុប្បន្ន ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនក្នុងស្រុកមានការវិវឌ្ឍន៍យ៉ាងសកម្ម។ ការផលិតកសិកម្មត្រូវបានអនុវត្តតាមទិសដៅទំនើបកម្មបន្តិចម្តងៗ។ លោកស្រីថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឱ្យដឹង៖ ចាប់តាំងពីពេលកសាងជនបទថ្មី មុខមាត់ជនបទនៅភូមិភាគមានភាពផ្លាស់ប្តូរច្រើន។ ជីវភាពសម្ភារនិងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ។ ពិសេសគឺក្រោយពីបានខេត្តនិងស្រុកកសាងសម្រេចរួចរាល់និងដាក់ឱ្យប្រើប្រាស់ទំនប់ខាងឆ្វេង ខាងស្តាំ ទន្លេកោចៀង បានរួមចំណែកម្ចាស់ការការពារទឹកជំនន់ ការពារទឹកប្រៃ បម្រើពហុទិសដៅក្នុងការបង្កបង្កើនផល។ តួយ៉ាងដូចនៅឃុំឡុងហ្វា ឆ្នាំ២០១៦ ពេលចាប់ផ្តើមកសាងឃុំជនបទថ្មី ឃុំនេះសម្រេចត្រឹមតែ ៥/១៩ លក្ខឋាន។ ហេដ្ឋារចនាសម្ព័ន្ធនៅជួបការលំបាកច្រើន គ្រួសារក្រីក្រនៅ ៦៩១ គ្រួសារ (ស្រូបអត្រា ២៧,១៥%) ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗ សម្រេច ១៩,១ លានដុង/ឆ្នាំ។ លោកង្វៀងវ៉ាន់ញ៉ាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ្វា ឱ្យដឹង៖ “ឃុំឡុងហ្វា កសាងសម្រេចជោគជ័យឃុំជនបទថ្មីតាំងពីឆ្នាំ ២០១៩។ តាំងពីពេលនោះដល់បច្ចុប្បន្ន ដោយការស្រុះចិត្តរួមកម្លាំងរបស់ប្រជាជនឃុំ បានរក្សាខ្ជាប់ ១៩/១៩ លក្ខឋានដែលបានសម្រេច។ បច្ចុប្បន្ន ផ្ទៃដីកសិកម្មរបស់ឃុំធានាទឹកស្រោចស្រព ៨០% នៅតំបន់ផលិតប្រមូលផ្តុំសម្រេច ១០០%។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗកើនជាលំដាប់នៅឆ្នាំ ២០២១ សម្រេចជាង ៥០ លានដុង/ម្នាក់/ឆ្នាំ”។
ចុងឆ្នាំ ២០២១ ស្រុកចូវថាញ់សម្រេច ៩/៩ លក្ខឋានស្រុកជនបទថ្មី។ ចុងខែមីនា ឆ្នាំ ២០២២ ស្រុកចូវថាញ់ បានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។ល។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង និងជាមោទនភាពដើម្បីស្រុកចូវថាញ់ បន្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅពេលខាងមុខ៕
សឺនម៉ាល័យ-មុនី