អស់រយៈពេលជាង ១២ ឆ្នាំផ្សារភ្ជាប់នឹងការងារសមាគម បងស្រីថាច់ធីផាល័យ អនុប្រធានសមាគមសហព័ន្ធនារីឃុំថាមដូង ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងបានសមាជិករាប់អានជានិច្ច។ ពីព្រោះ បងស្រីតែងអស់ពីចិត្តជួយសមាជិកចាកផុតពីភាពក្រីក្រ និងកសាងគ្រួសារសុភមង្គល។
រយៈពេលជាង ១០ ឆ្នាំធ្វើជាលេខាសាខាសម្ព័ន្ធយុវជនភូមិផ្នោកំបុត បងស្រីផាល័យ តែងសម្រេចល្អភារកិច្ចដែលថ្នាក់លើប្រគល់ជូន។ ពិសេសសម្ព័ន្ធយុវជនជាជនជាតិខ្មែរ បងស្រីរិះរកវិធីឧបត្ថម្ភដើម្បីសមាជិកបានកៀកជិតនឹងប្រភពទុន រៀនវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើ។ល។ ជួយយុវជនលំនឹងជីវភាព។
កាលពីឆ្នាំ ២០១០ បងស្រីបានបញ្ជូនមកកាន់តំណែងជាអនុប្រធានសមាគមសហព័ន្ធនារីឃុំថាមដូងរហូតមកទល់សព្វថ្ងៃ។ ដោយចរិតស្លូតបូត ទ្រាំលំបាក អស់ពីចិត្តឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច បងស្រីផាល័យកសាងបានទម្រង់មានប្រសិទ្ធភាពជាច្រើនសមស្រប ដើម្បីបើកពង្រីក។ ទន្ទឹមនឹងនោះ បងស្រីថែមទាំងធ្វើសេនាធិការជូនគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លៀតឱកាសប្រភពទុនពីធនាគារគោលនយោបាយសង្គម កម្មវិធីផ្សេងៗ គម្រោងក្រៅរដ្ឋាភិបាលនិងប្រភពទុនពីមជ្ឈិម ឬសមាគមសហព័ន្ធនារីខេត្ត ។ល។ សំដៅឧបត្ថម្ភប្រាក់កម្ចីជូនសមាជិក ពិសេសសមាជិកជនជាតិខ្មែរ។ បងស្រីតែងលើកទឹកចិត្តសមាជិកឱ្យជ្រើសយកទម្រង់ណាដែលសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ ម្ល៉ោះហើយទម្រង់រកស៊ីជាច្រើនមានប្រសិទ្ធភាពដូច៖ ចិញ្ចឹមគោទឹកដោះ មាន់ ពពែ លក់ដូរ ។ល។ ជួយបងប្អូនជាច្រើនចាកផុតពីភាពក្រីក្រ ធ្វើមានបាន។
បងស្រី ថាច់ធីផាល័យ តែងចុះមកជារឿយៗលើកទឹកចិត្តសមាជិកាគិតគូរអភិវឌ្ឍសេដ្ឋកិច្ច។
បងស្រី ឡឹមធីធ្វី នៅភូមិផ្នោកំបុត ឱ្យដឹង៖ “បងស្រីផាល័យ តែងអស់ពីចិត្តជួយសមាជិកខ្មែរ។ អាស្រ័យដោយបានគាត់ ទើបខ្ញុំចាកផុតពីភាពក្រីក្រ មានជីវភាពធូរធារដូចសព្វថ្ងៃ។ ឃើញប្តីប្រពន្ធខ្ញុំក្រ ខិតខំធ្វើការរកស៊ី បងស្រីបានផ្តល់ពិគ្រោះជួយឱ្យខ្ញុំបុលដើមទុន ៥០ លានដុងនិងណែនាំឱ្យដាំដំណាំរួមផ្សំ លក់ដូរបន្លែនៅផ្សារសុកត្រាំង។ ជឿតាមបងស្រីផាល័យ ទើបខ្ញុំរកស៊ីមានប្រសិទ្ធភាព ប្រិតសំចៃទិញបានដីបង្កបង្កើនផល សង់បានផ្ទះឥដ្ឋរឹងមាំ”។ បងស្រីត្រឹងធីង៉ុកហឿង សមាជិកនៅភូមិកឹងយើ ១ ឱ្យដឹង៖ “កូនៗខ្ញុំតែងបានបងស្រីផាល័យ ជំរុញទឹកចិត្តឱ្យទៅរៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ រីឯខ្ញុំដោយបានឧបត្ថម្ភបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីចិញ្ចឹមគោ ចិញ្ចឹមមាន់ ទា។ល។ ទើបគ្រួសារបានចាកផុតពីភាពក្រីក្រ មានជីវភាពធូរធារ។ បងស្រីផាល័យ តែងអស់ពីចិត្តឧបត្ថម្ភនិងជាបង្អែកស្មារតីសម្រាប់សមាជិកខ្មែរផង”។
ស្តាប់មតិយោបល់ចែករំលែក ជំរុញលើកទឹកចិត្តរួមគ្នាឆ្លងកាត់ការលំបាក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុខដុមរមនា សុភមង្គល នោះគឺជាគន្លឹះធ្វើឱ្យបងស្រីផាល័យ បានបងប្អូនទុកចិត្ត។ បងស្រីតែងអាទិភាពឧបត្ថម្ភសមាជិកខ្មែរក្រីក្រដោយអស់ពីចិត្តជាមួយនឹងភារកិច្ចរបស់ខ្លួន។ បងស្រីផាល័យ ឱ្យដឹង៖ “កិច្ចការនារី មានកិច្ចការជាច្រើនគ្មានឈ្មោះនោះទេ តែហត់នឿយណាស់ ត្រូវធ្វើឱ្យហើយការងារដោយមិនគិតពីម៉ោងនោះទេ ប៉ុន្តែក្តីរីករាយធំបំផុតរបស់ខ្ញុំគឺ បានឧបត្ថម្ភខណៈដែលបងប្អូនត្រូវការ។ ម្យ៉ាងទៀត ធ្វើឱ្យខ្ញុំកាន់តែស្រឡាញ់អាជីព ពីព្រោះបងប្អូនសមាជិកខ្មែរតែងមានអធ្យាស្រ័យ ចែករំលែករាប់អាន ជួយគ្នាទៅវិញទៅមក”។
ដោយយកក្តីរីករាយ ទំនុកចិត្តរបស់សមាជិក ធ្វើជាកម្លាំងចលករ ម្ល៉ោះហើយធ្វើឱ្យបងស្រីផាល័យ ឆ្លងកាត់ការលំបាកដើម្បីសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ អាស្រ័យហេតុនោះ បងស្រីទទួលបានបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង និងសមាគមសហព័ន្ធនារីខេត្តសុកត្រាំងរយៈពេលប៉ុន្មានឆ្នាំកន្លង៕
យ្វីអាញ់-លីសៀ