អតីតយុទ្ធជនឡឹមជា មិនត្រឹមតែជាប្រធានសាខាសមាគមអតីតយុទ្ធជនប៉ុណ្ណោះទេ លោកនៅទាំងជាអ្នកមានប្រជាប្រិយរបស់ភូមិថើយត្រឿង ២ ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើទៀតផង។
អតីតយុទ្ធជនឡឹមជា ឋិតនៅផ្ទះមិត្តរួមកងរបស់គាត់។ ( រូបថត គាត់ជាអ្នកផ្ដល់ជូន)
លោកពូឡឹមជាចូលរួមក្នុងក្រុម COVID- ១៩ ម្ល៉ោះហើយ គាត់តែងសកម្មក្នុងការងារជាប់រហូត។ ពេលខ្លះទៅយាមនៅទីតាំងការពារតំបន់បៃតង ពេលខ្លះចូលរួមស្វែងរកដាន ជួយទិញឥវ៉ាន់ឱ្យប្រជាជនក្នុងតំបន់បិទខ្ទប់។ លោកពូឡឹមជា បានរ៉ាយរ៉ាប់៖ “មានគ្រួសារជនជាតិខ្មែរជាច្រើននៅភូមិថើយត្រឿង ២ រស់នៅដោយប្រកបការងារឈ្នួលនៅតាមតៀមក្នុងផ្សារទីប្រជុំជនកើ-ដ។ បុរសធ្វើកម្មករសំណង់ឬធ្វើការនៅតាមរោងចក្រកិនស្រូវ ម្ល៉ោះហើយប្រាក់ចំណូលគ្រប់តែទប់ទល់ជីវភាពប្រចាំថ្ងៃ គ្មានបានសេសសល់អ្វីទេ។ ពេលភូមិភាគអនុវត្តបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល គ្រួសារទាំងនេះធ្លាក់ក្នុងស្ថានភាពលំបាក។ អាស្រ័យហេតុនោះ សាខាសមាគមយើងខ្ញុំ បានឯកភាពរៀបចំនាំយកអំណោយឧបត្ថម្ភរបស់រដ្ឋ របស់សប្បុរសជន យកទៅជូនប្រជាជនដល់ផ្ទះ។ ធ្វើដូច្នោះទើបធានាបង្ការជំងឺរាតត្បាត និងគិតគូរបាននូវគ្រឿងឧបភោគបរិភោគជូនមាមីង”។
មិនមែនដល់ពេលជំងឺ COVID-១៩ ផ្ទុះឡើង ទើបលោកពូឡឹមជាយកចិត្តទុកដាក់គិតគូរជូនមាមីងក្នុងភូមិនោះទេ។ បងស្រីថាច់ធីហ្វាយ នៅភូមិថើយត្រឿង ២ ឱ្យដឹង៖ “ពេលឃើញប្ដីខ្ញុំទៅបាញ់ថ្នាំស្វាយផ្លូវឆ្ងាយដល់វិលត្រឡប់ច្រើនតែផឹកស្រា។ លោកពូ បានមកសំណេះសំណាលដឹកនាំប្ដីខ្ញុំ។ គាត់ប្រាប់ថា ថ្ងៃណានឿយហត់ខ្លាំងសម្រាកនៅផ្ទះមួយថ្ងៃ ហើយបបួលបងប្អូនផឹកស៊ីចុះ។ ក្មួយទៅធ្វើការវិលមកផ្ទះបើកបរម៉ូតូហើយផឹកស្រា បើត្រូវពិន័យតើមានប្រាក់ឯណាទៅបង់ បើមានគ្រោះថ្នាក់វិញ តើប្រពន្ធកូនបានអ្នកណាចិញ្ចឹម។ លោកពូគាត់ក្រើនរំលឹកញឹកញយណាស់ ទើបប្ដីខ្ញុំចោលទម្លាប់ផឹកស្រាហើយបើកបរម៉ូតូ”។
សាខាសមាគមអតីតយុទ្ធជនភូមិថើយត្រឿង ២ មានសមាជិក ៦រូប ក្នុងនោះមានខ្មែរ ៥ រូប។ តាមប្រសាសន៍លោកពូជា សមាជិកដែលជួបលំបាក ក៏បានរដ្ឋឧបត្ថម្ភសង់ផ្ទះតាមកម្មវិធី ១៣៤ ផ្ទះមហាសាមគ្គី ម្ល៉ោះហើយជីវភាពបានលំនឹង។ ចង្អុលបង្ហាញផ្ទះរបស់ខ្លួន លោកពូឡឹមជា ឱ្យដឹង៖ “ផ្ទះខ្ញុំបានសមាគមគ្រប់លំដាប់ថ្នាក់ឧបត្ថម្ភសង់ផ្តើមពីកម្មវិធី មនោសញ្ចេតនាមិត្តរួមកងនៅឆ្នាំ ២០១៩។ អាស្រ័យសង់បានផ្ទះលំនឹង ទើបខ្ញុំមានពេលវេលាយកចិត្តទុកដាក់គិតគូរដល់សមាជិកនិងមាមីងក្នុងភូមិកាន់តែច្រើនថែមទៀត”។
តាមប្រសាសន៍ លោកង្វៀងវ៉ាន់ឌឹក ប្រធានសមាគមកសិករឃុំថើយស្វឹង លោកឡឹមជា គាត់ជាកសិករពូកែម្នាក់ក្នុងចំណោមកសិករពូកែរបស់ភូមិ គាត់តែងសហការជាមួយនឹងសមាគមកសិករឃុំ ឧបត្ថម្ភមាមីងកសិករលើភូមិសាស្រ្តអនុវត្តរាល់កម្មវិធី គម្រោងសម្រេចប្រសិទ្ធភាព៕
ហាថាញ - ថាច់ធី