ប៉ុន្មានថ្ងៃគម្លាតសង្គម មានអារម្មណ៍ចង់ទៅកម្សាន្តតាមផ្លូវបត់បែន មានផ្កាព្រៃរីកស្រស់បំព្រងតាមចង្កេះភ្នំ នោះគឺការនឹកស្រណោះនៃអ្នកលង់ចិត្តស្រឡាញ់ដាឡាក។
សម្រស់សួនផ្កានៅវិទ្យាស្ថានសមាធិត្រុកឡឹម។
ទិដ្ឋភាពនៅស៊ុយវ៉ាង។
ចេញដំណើរពីក្រុងកឹងធើ ភ្ញៀវទេសចរអាចជ្រើសរើសទៅលេងដាឡាកតាមផ្លូវអាកាសឬផ្លូវគោកក៏បាន។ ពីក្រុងកឹងធើ ជិះយន្តហោះមិនពេញមួយម៉ោងផងក៏ដល់ព្រលានយន្ដហោះលៀងខឿងរួចបាត់ទៅហើយ។ សម្លឹងពីលើអាកាស ភ្ញៀវទេសចរមានអារម្មណ៍ ហាក់ដូចយន្ដហោះកំពុងចុះនៅកណ្តាលព្រៃស្រល់អីុចឹង។ ដើម្បីចូលទៅកាន់មជ្ឈមណ្ឌល ក្រុងដាឡាក ភ្ញៀវទេសចរគប្បីជ្រើសជិះរថយន្តក្រុង ដើម្បីគយគន់ទិដ្ឋភាពនៅទីនោះ ពេលរថយន្តឆ្លងផុតច្រកភ្នំ Prenn។ នោះគឺដងផ្លូវបត់បែនយ៉ាងស្អាត មានដើមស្រល់រេរាំតាមខ្យល់និងមានផ្កាព្រៃដុះព្រោងព្រាតបង្អួតសម្រស់តាមផ្លូវ។ នៅតាមកំណាត់ផ្លូវបត់បែន ភ្ញៀវទេសចរឃើញដើមស្រល់រាប់ពាន់ដើមដុះអំពីទីជម្រៅនិងខ្ពស់ត្រដែតបែររកពន្លឺថ្ងៃ។ ថ្វីបើដូច្នោះក្ដី យើងខ្ញុំច្រើនតែកក់សំបុត្រឡានមានគ្រែដេក ចេញដំណើរពីចំណតឡានក្រុងកឹងធើនៅពេលយប់។ លុះព្រឹកឡើង ស្រាប់តែឃើញខ្លួនកំពុងនៅកណ្ដាលក្រុងទេសចរណ៍និងផឹកកាហ្វេពេលព្រឹក។ ដាឡាកមានភាពប្រសើរនៅត្រង់ផឹកកាហ្វេកន្លែងណាក៏ឆ្ងាញ់ទាំងអស់ ទោះបីជាហាងចិញ្ចើមថ្នល់ក៏ដោយ។
សម្រស់បុប្ផានៅល្អាងស្នេហ៍។
រៀបចំអីវ៉ាន់រួចស្រេច ហើយជួលម៉ូតូមួយគ្រឿងនៅកន្លែងស្នាក់នៅ គឺភ្ញៀវទេសចរអាចចាប់ផ្ដើមដំណើរកម្សាន្តនៅដាឡាកតាមបំណងរបស់ខ្លួន។ ពិសេស គឺស្ទើរគ្រប់ដងផ្លូវនៅដាឡាក សុទ្ធសឹងតែនាំទៅកាន់ទីតាំងទេសចរណ៍ ដ៏ល្អប្រណីត។ នោះគឺស៊ុយវ៉ាង ស្រះតៀងឡឹម ល្អាងស្នេហ៍ XQ សឺក្វាង សួនផ្កាដាឡាក វាលមេន វិហារកងហ្គា។ល។ ភ្ញៀវទេសចរកុំបារម្ភខ្លាចច្រឡំផ្លូវសោះឡើយ ដ្បិតអីទៅដល់ទីណាក៏ដោយ ដាឡាកនៅតែជាទីមនោរម្យ សម្រាប់ភ្ញៀវដោយមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសត្រជាក់បរិសុទ្ធជានិច្ច។ល។ តែទោះបីទៅឆ្ងាយដល់ទីណាក្ដី ភ្ញៀវទេសចរគប្បីប្រញាប់វិលមកមុនថ្ងៃលិច ដើម្បីទស្សនាទិដ្ឋភាពនាពេលសាយ័ណ្ហនៅស្រះស្វឹងហឿង ទទួលអារម្មណ៍ត្រជាក់ជ្រាបចូលអង្គប្រាណបន្តិចម្ដងៗ។ ខណៈពេលត្រជាក់ជ្រាបចូល គ្រប់ល្មមហើយ ភ្ញៀវទេសចរគប្បីទៅកាន់ផ្សាររាត្រីដាឡាក ទស្សនាមនុស្សដើរបន្តគ្នាឆ្លងកាត់ជម្រាលផ្លូវចង្អៀតនិងហូបដំឡូងអាំងក្ដៅហុយ ឈ្ងុយឆ្ងាញ់។
ព្រឹកថ្ងៃបន្ទាប់ ភ្ញៀវទេសចរនឹងចាប់ផ្ដើមធ្វើដំណើរតាមផ្លូវបត់បែនឆ្ងាយៗជាង ដូចជាទៅទស្សនាវិមានបាវដាយ។ រួចធ្វើដំណើរតាមដងផ្លូវនេះទៅកាន់វិទ្យាស្ថានសមាធិត្រុកឡឹម។ ក្រៅពីកត្តាខាងផ្លូវចិត្ត ទីនេះនៅទាំងជាកន្លែងដែលភ្ញៀវទេសចរគយគន់ផ្កាពេញមួយថ្ងៃមិនចេះជិនណាយ។
ក្រោយរយៈពេល ២ ថ្ងៃកន្សាន្តនៅដាឡាក ភ្ញៀវទេសចរឡើងរថយន្ត ហើយដេកមួយស្លេក ភ្ញាក់ឡើងក៏មកដល់តីដូជាទីស្រឡាញ់៕
ហាថាញ- ថាច់ធី