“សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង គឺជាសាលាដំបូងបង្អស់បង្រៀនចំណេះទូទៅដល់ព្រះសង្ឃទក្ខិណនិកាយខ្មែរ នៅតំបន់ណាមបូ។ ជាច្រើនឆ្នាំមកនេះ សាលាបណ្តុះបណ្តាលបានប្រភពកម្មាភិបាលខ្មែរជាច្រើនរូប បម្រើការនៅតំបន់ជនរួមជាតិខ្មែរ។
លោកឡេសើុងហាយ អនុប្រធានគណៈកម្មាធិការជនជាតិ រួមជាមួយនឹងគណៈប្រតិភូ មកសួរសុខទុក្ខសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ និងថតរូបអនុស្សាវរីយ៍នៅមណ្ឌលការិយាល័យរបស់សាលា។
ឆ្នាំ ១៩៩៣ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានបង្កើតឡើងកាលនោះ មានតែបន្ទប់រៀន ៤ បន្ទប់ ការិយាល័យធ្វើការ ១ បន្ទប់ និងអន្តេវាសិកដ្ឋានសម្រាប់សមណសិស្ស ៣៦ បន្ទប់។ ឆ្នាំ ២០០៤ សាលាបានក្រសួងអប់រំនិងបណ្តុះបណ្តាលវិនិយោគជាង ២៨ពាន់លានដុង ដើម្បីកសាងបន្ទប់ចំនួន ៨៧ រួមមាន៖ មណ្ឌលការិយាល័យ មណ្ឌលបន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ អន្តេវាសិកដ្ឋាននិងអាហារដ្ឋាន។ល។ បច្ចុប្បន្ន សាលាបានវិនិយោគបំពាក់សម្ភារៈទំនើបៗ គ្រប់សព្វបម្រើដល់ការបង្រៀន និងរៀន។ លោកគ្រូថាច់រឹទ្ធ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “បច្ចុប្បន្ន កម្រិតវិជ្ជាជីវៈគ្រូបង្រៀនសម្រេចនិងសម្រេចលើសបទដ្ឋាន។ ម្យ៉ាងទៀត សាលាបានអនុវត្តគ្រប់សព្វគោលនយោបាយ អនុគ្រោះរបស់រដ្ឋសម្រាប់គ្រូបង្រៀននិងសិក្ខាកាម ម្ល៉ោះហើយលោកគ្រូអ្នកគ្រូស្ងប់ចិត្តបម្រើការងារ គុណភាពបង្រៀននិងរៀនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”។
មកទល់ពេលនេះ សាលាបណ្តុះបណ្តាលបាន ២៧ វគ្គ មានសិក្ខាកាមពី ១៨០-២០០ អង្គ/វគ្គ ចាប់ពីថ្នាក់ទី ៦ដល់ថ្នាក់ទី ១២ ។ រៀងរាល់ឆ្នាំ សាលាតែងប្រកាសជម្រើសសិស្សចូលរៀនចំនួន ៧០ អង្គ (ថ្នាក់ទី ៦ និងថ្នាក់ទី ១០) នៅតាមខេត្ត ក្រុងនានាតំបន់ណាមបូ។ សាលាបណ្តុះបណ្តាលតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលបានកំណត់ ក្នុងនោះ អាទិភាពចំពោះអក្សរសាស្រ្តខ្មែរ និងភាសាបាលី។ វិញ្ញាសាអក្សរសាស្រ្តខ្មែរ និងភាសាបាលី ស្រូបអត្រាប្រមាណ ២៥%នៃចំនួនម៉ោងរៀនសរុប។ លោកគ្រូថាច់រឹទ្ធ ឱ្យដឹងបន្ថែម៖ “ដោយកំណត់ច្បាស់ការបង្ហាត់បង្រៀនអក្សរសាស្រ្តខ្មែរ និងភាសាបាលីគឺសំខាន់ណាស់ ម្ល៉ោះហើយ សាលាបានបង្កើនបន្ថែម ១ ម៉ោង/សប្តាហ៍ ប៉ុន្តែមិនប៉ះពាល់ដល់គុណភាពបណ្តុះបណ្តាលឡើយ។ អាស្រ័យហេតុនោះ សាលាបានបណ្តុះបណ្តាលសិក្ខាកាមសម្រេចបទដ្ឋាន មានមុខជំនាញ ហើយបានជម្រើសចូលក្នុងក្របខណ្ឌបង្រៀនវិញ្ញាសាបាលី និងអក្សរសាស្រ្តខ្មែរ គ្មានការអញ្ជើញគ្រូខាងក្រៅមកបង្រៀនដូចពីមុនទៀត។ ពេលបញ្ចប់ការសិក្សា មានសិក្ខាកាមជាង ៨១% រកបានការងារធ្វើនៅតាមស្ថាប័នរដ្ឋ ដូច៖ នគរបាល សារព័ត៌មាន ស្ថានីយវិទ្យុទូរទស្សន៍ គណៈជនជាតិ គណៈសាសនា សាលាជនជាតិអន្តេវាសិកជាដើម”។
អនុបណ្ឌិតយ័ញម៉េន ជាអតីតសិក្ខាកាម បច្ចុប្បន្នជាគ្រូបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែររបស់សាលា ឱ្យដឹង៖ “អាស្រ័យមានសាលានេះ ទើបខ្ញុំបានរៀនសូត្រនិងបានក្លាយជាគ្រូបង្រៀនដូចសព្វថ្ងៃនេះ។ ព្រោះហេតុនោះ ក្នុងថ្នាក់រៀន ក្រៅពីបង្រៀនអក្សរសាស្រ្តខ្មែរ ខ្ញុំនៅទាំងបង្រៀនបន្ថែមវិញ្ញាសាបកប្រែវៀត-ខ្មែរ និងខ្មែរ-វៀតដល់សិក្ខាកាមទៀតផង។ ទន្ទឹមនឹងនោះ ណែនាំសិក្ខាកាមសិក្សាស្រាវជ្រាវ អានព័ត៌មានកាសែតខ្មែរលើបណ្តាញដើម្បីរៀនសូត្របន្ថែម”។ បងលីហាញ់ អ្នកបកប្រែកាសែតសុកត្រាំងភាសាខ្មែរ ឱ្យដឹង៖ “អាស្រ័យបានរៀននៅសាលានេះ ទើបខ្ញុំមានចំណេះដឹងខាងភាសាខ្មែរនិងភាសាបាលី ដើម្បីបម្រើការងារផ្នែកសារព័ត៌មានភាសាខ្មែរ។ ចំណែកមិត្តភ័ក្តិដែលធ្លាប់រៀនជាមួយខ្ញុំ ឥឡូវមានការងារធ្វើលំនឹងនៅតាមស្ថាប័នរដ្ឋដែរ ហើយខ្លះបានធ្វើជាគ្រូបង្រៀនភាសាខ្មែរ ភាសាបាលីនៅសាលាចំណេះទូទៅ និងនៅតាមវត្តខ្មែរក្នុងនិងក្រៅខេត្ត”។
ជាសាលាបណ្តុះបណ្តាលសមណសិស្ស ម្ល៉ោះហើយគ្រូបង្រៀនរបស់សាលាតែងជ្រើសរើសវិធីសាស្រ្តបង្រៀនឱ្យសមស្រប ដើម្បីសិក្ខាកាមងាយស្រួលក្នុងការរៀននិងទទួលយកមេរៀន។ ចាប់ពីឆ្នាំ ២០១៦ មកនេះ អត្រាសិក្ខាកាមជាប់កម្រិតវិទ្យាល័យសម្រេច ១០០% និងរាល់កម្រិតសិក្សាបានឡើងថ្នាក់ ១០០%។ សិក្ខាកាមបញ្ចប់កម្រិតសិក្សាភាសាខ្មែរថ្នាក់ទី ៩ ,ទី ១២ និងកម្រិតមធ្យមសិក្សាភាសាបាលី មធ្យមសិក្សាភាសាខ្មែរសម្រេច ១០០%។ សមណសិស្ស យ័ញតៀង រៀនថ្នាក់ទី១១ ពិតឱ្យដឹង៖ “គ្រូបង្រៀនរបស់សាលា មានបទពិសោធន៍ច្រើន ក្នុងវិជ្ជាជីវៈ និងអស់ពីចិត្តណែនាំសិក្ខាកាមរៀនសូត្រ។ ពិសេស សាលាបានអនុវត្តគ្រប់សព្វរបបគោលនយោបាយអនុគ្រោះរបស់រដ្ឋដល់សិស្ស ឧបត្ថម្ភសៀវភៅពុម្ពដល់សិក្ខាកាមទាំងស្រុង សិក្ខាកាមរៀនពូកែ មានអាហារូបករណ៍។ល។ ម្ល៉ោះហើយ អាត្មាភាពស្ងប់ព្រះទ័យរៀនសូត្រដើម្បីទទួលបានលទ្ធផលល្អ”។
ទន្ទឹមនឹងនោះ សាលានៅទាំងកសាងក្របខណ្ឌកម្មវិធីបង្រៀនបាលីរង ចាត់តាំងបង្ហាត់ បង្រៀនតាមវត្តខ្មែរលើភូមិសាស្រ្តខេត្ត ជាថ្នាលបណ្តុះបណ្តាលនិងកសាងក្របខណ្ឌកម្មវិធីបង្ហាត់បង្រៀនអក្សរសាស្រ្តខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក លើភូមិសាស្រ្តខេត្តតាមគម្រោងរបស់គណៈកម្មាធិការបក្សខេត្តសុកត្រាំង។ លោកគ្រូថាច់រឹទ្ធ បញ្ជាក់បន្ថែម៖ “រៀងរាល់ឆ្នាំ សាលាបាន សហការមួយនឹងសមាគមព្រះសង្ឃសាមគ្គី ស្នេហាជាតិខេត្ត ក្រុងនានាតំបន់ណាមបូ ប្រកាសជម្រើសសិស្ស ម្ល៉ោះហើយចំនួនសិស្សត្រូវបានធានា។ ម៉្យាងដោយការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋក្នុងការអប់រំនៅតំបន់ជនរួមជាតិខ្មែរ សាលាក៏បណ្តុះបណ្តាល បានកម្មាភិបាលខ្មែររាប់ពាន់នាក់ សក្តិសមជាថ្នាលបណ្តុះប្រភពធនធានមនុស្សដល់ខេត្ត ក្រុងនានានៅតំបន់ណាមបូ”៕
លីធាន-វិមាន